ច្បាប់ថ្មីមួយដែលតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់មុខនៅពេលទៅហាង ធនាគារ និងផ្សារទំនើប ក្នុងប្រទេសអង់គ្លេសបានចូលជាធរមានកាលពីថ្ងៃសុក្រ។ វិធានថ្មីនេះកើតមានឡើងមួយថ្ងៃក្រោយពីរដ្ឋាភិបាលប៊ែលហ្ស៊ិកក៏បានតម្រូវឲ្យពលរដ្ឋខ្លួនពាក់ម៉ាស់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
នៅប្រទេសអង់គ្លេស អ្នកដែលប្រកែកមិនពាក់ម៉ាស់អាចត្រូវប៉ូលិសពិន័យរហូតដល់១០០ផោន ស្មើនឹង១២៧ដុល្លារសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអង់គ្លេសកន្លងមករារែកនឹងការតម្រូវឲ្យពាក់ម៉ាស់នេះ ហើយការតម្រូវនេះមិនត្រូវអនុវត្តចំពោះភោជនីយដ្ឋាន បារ កន្លែងហាត់ប្រាណ និងកន្លែងកាត់សក់ទេ។
នៅប្រទេសប៊ែលហ្ស៊ិក មន្ត្រីសុខាភិបាលនិយាយថា ក្មេងស្រីអាយុ៣ឆ្នាំម្នាក់បានស្លាប់ក្រោយពីធ្វើតេស្តឃើញវិជ្ជមានថាមានកូវីដ១៩ ខណៈដែលករណីឆ្លងថ្មីនៅក្នុងប្រទេសនេះបានកើន៨៩%បើប្រៀបធៀបសប្តាហ៍មុន។ ប្រទេសប៊ែលហ្សិកទើបតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នោះ មានប្រជាជន១១,៥លាននាក់ ហើយមកទល់នឹងពេលនេះមានឆ្លងកូវីដ១៩ជិត៦៥.០០០នាក់ និងអ្នកស្លាប់ជិត១០.០០០នាក់។
ប្រទេសអ៊ីតាលី ដែលធ្លាប់ជាកន្លែងផ្ទុះរាតត្បាតកូវីដ១៩ខ្លាំងជាងគេមួយនៅអឺរ៉ុបប៉ុន្តែក្រោយមកទប់ស្កាត់វិញបាននោះ កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍អំពីករណីឆ្លងប្រចាំថ្ងៃរហូតជាង៣០០ករណីថ្មី ដែលនេះជាលើកដំបូងចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម្ល៉េះ។ ករណីភាគច្រើនកើតមាននៅភាគខាងជើងប្រទេសអ៊ីតាលី ប៉ុន្តែតំបន់ខាងត្បូងប្រទេសដែលកន្លងមកមិនមានការរាតត្បាតខ្លាំងនោះក៏បានរាយការណ៍ពីកន្លែងផ្ទុះថ្មីមួយចំនួនដែរ។
ករណីឆ្លងថ្មីភាគច្រើននៅអឺរ៉ុបមានប្រភពពីអ្នកធ្វើដំណើរពីក្រៅប្រទេស ពីទ្វីបអាស៊ី អឺរ៉ុបភាគខាងកើតនិងតំបន់បាល់កង់។
នៅទូទាំងទ្វីបអឺរ៉ុប ជារួមមកទល់នឹងពេលនេះមានអ្នកស្លាប់សរុបពីការរាតត្បាតនៃជំងឺកូវីដ១៩ចំនួនជាង២០១.០០០នាក់ នេះបើតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins៕