ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ​ថា មេរោគ​កូរ៉ូណា​ទំនង «កាន់តែ​អាក្រក់​ឡើង​មុនពេល​មាន​ភាពប្រសើរ​ឡើងវិញ»


ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើកម៉ាស់ អំឡុងពេលសន្និសីទសារព័ត៌មានមួយនៅសេតវិមាន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​ដូណាល់ ត្រាំ ដែល​បាន​បន្ត​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ឡើងវិញ​អំពីការរាតត្បាត​នៃ​មេរោគ​កូរ៉ូណា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​និយាយ​ថា ចំនួន​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ បាន​កើនឡើង​យ៉ាង​ខ្លាំងនៅទូទាំង​ប្រទេស​ហើយ «ជា​អកុសល​ វានឹង​ប្រហែល​កាន់តែ​អាក្រក់ឡើង​ មុនពេលវាមាន​ភាពប្រសើរ​ឡើងវិញ»។

លោក​ប្រធានាធិបតី​ត្រាំបាន​និយាយ​នៅឯ​សន្និសីទ​កាសែត​លើកទីមួយចាប់តាំងពី​ចុងខែ​មេសា​មកថា៖ «តំបន់​ខ្លះនៃ​ប្រទេស​យើង​កំពុងធ្វើ​បានល្អ​។ តំបន់​ផ្សេង​ទៀត ធ្វើ​មិនសូវ​បានល្អ»។

លោក​ប្រធានាធិបតី​ត្រាំក៏មិន​ទាន់​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ខ្លាំងៗនៅឡើយ​ចំពោះ​ការពាក់​ម៉ាស់​ជា​វិធី​មួយដើម្បីជួយ​កម្រិត​ការរាលដាល​នៃមេរោគ​កូរ៉ូណាដ៏ប្រល័យ​ដែល​បាន​ឆ្លងពលរដ្ឋ​អាមេរិកាំង​ជាង​៣លាន​៥សែន​នាក់​ ហើយ​បាន​សម្លាប់​មនុស្ស​ជាង១សែន​៤ម៉ឺន​១ពាន់​នាក់។ នេះបើ​តាម​សាកលវិទ្យាល័យ​ John Hopkins របស់​សហរដ្ឋ​អាមេរិក។

លោក​ប្រធានាធិបតីត្រាំ​បាន​និយាយ​ដោយទាញម៉ាស់​ចេញ​ពីហោប៉ាវ​ខោ​របស់​លោក​ថា៖ «ទោះបី​លោក អ្នក​ចូលចិត្ត​ឬមិន​ចូលចិត្ត​ម៉ាស់​ក៏ដោយ ម៉ាស់​មានឥទ្ធិពល។ ខ្ញុំ​កំពុង​ទម្លាប់​ប្រើ​ម៉ាស់»។

លោក​ប្រធានាធិបតី​ត្រាំទើបតែ​ពាក់ម៉ាស់​ជា​សាធារណៈ​លើក​ដំបូង​កាលពី​ពេល​ថ្មីៗនេះក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មន្ទីរពេទ្យ​ Walter Reed នៅ​ជិត​រដ្ឋធានី​វ៉ាស៊ីនតោន​។ លោក​ប្រធានាធិបតី​បាន​ច្រានចោល​ការតម្រូវ​ឲ្យ​ពាក់ម៉ាស់​ទូទាំង​ប្រទេស។

នៅ​ថ្ងៃអង្គារ​ម្សិលមិញ​ដែរ លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បានដាក់​ចេញផែនការ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​នៅពេល​ធ្វើ​សុន្ទរកថា​នៅរដ្ឋ​ Delaware ។ លោក​បាន​ស្តីបន្ទោស​ប្រធានាធិបតី​ត្រាំចំពោះ​ការបរាជ័យ​ក្នុង​ការដឹកនាំ​ក្នុង​អំឡុងនៃ​ការរាតត្បាត​មេរោគ​កូរ៉ូណា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG