ជនក្រីក្រនៅម៉ាឡេស៊ី​ពឹងផ្អែកលើ​អង្គការ​សប្បុរស​​​ធម៌ដើម្បី​ទទួល​អាហារ​នៅ​ពេល​បិទប្រទេស

រូបឯកសារ៖ អ្នកលក់​បន្លែនៅតាមដងផ្លូវមួយនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១០។

នៅ​ជាន់​ទី​១៥នៃអគារផ្ទះ​ស្នាក់នៅមួយ​ដែលមាន​ថ្លៃជួល​ទាប​នៅក្នុងផ្នែក​ខាងជើង​នៃ​ក្រុងគូឡាឡាំពួ លោក Justin Cheah ចេញ​ពីជណ្តើ​រ​យន្ត​ជា​មួយស្បោង​គ្រឿង​ធ្វើម្ហូបមួយ ហើយ​លោក​បានទៅ​កាន់​អគារ​មួយមានទី​សក្ការៈបូជា​រូប​បដិមា Ganesh ដែល​ជា​ទេវតាមានខ្លួន​ជា​មនុស្ស​និងក្បាល​ដំរី​តាមព្រហ្មញ្ញសាសនា​ដែល​ជា«អ្នក​កម្ចាត់​ឧបសគ្គ»។

លោក Cheah បាន​ជួយអវតានេះ​នៃ​ព្រហ្មញ្ញ​សាសនា។​ គ្រឿង​ធ្វើម្ហូប​និង​អង្ករ​១០​គីឡូក្រាម​ជា​ជំនួយសម្រាប់គ្រួសារ​មួយ​ក្នុង​បណ្តា​គ្រួសារថ្មីៗដែល​ជា​អ្នក​ទទួល​ជំនួយ​ពីអង្គការ​សប្បុរស​ធម​៌មួយ​ដែល​លោក​ជា​អ្នក​ចាត់​ចែង​កិច្ចការ។ អង្គការ Kechara បានជួយ​ចិញ្ចិម​មនុស្ស​ច្រើននាក់​ចាប់​តាំង​ពី​ការ​រាតត្បាត​ជា​សាកល​នៃវីរុស​កូរ៉ូណា​បានជំរុញ​ប្រទេស​ម៉ាឡេស៊ីឱ្យ​មាន​ការ​បិទ​ប្រទេស​កាល​ពីពាក់កណ្តាល​ខែ​មីនាដែល​មិនទាន់​បាន​រើបឡើង​ពេញលេញ​នៅ​ឡើយ​ទេ។

អង្គការ Kechara ​និង​ធនាគារម្ហូបអាហារ​ឯទៀតៗ​នៅ​ក្នុង​រដ្ឋធានី​នៃប្រទេស​ម៉ាឡេស៊ីនិង​នៅ​ទូទាំង​ប្រទេស​ដែល​មាន​ពលរដ្ឋ៣២​លាននាក់និយាយថា​ ពួក​គេ​បាន​ដោះស្រាយកំណើន​សេចក្តី​ត្រូវ​ការចាប់​តាំង​ពី​ការ​ចាប់ផ្តើម​បិទ​ប្រទេស​ឬ «បញ្ជាអំពីការ​គ្រប់គ្រងការដើរហើរ»​ ហៅកាត់​ថា MCO។​ ជាង​ពេល​ណាៗ​ទាំង​អស់ពួក​គេ​បានផ្តល់ជំនួយ​ម្ហូប​អាហារ​ឱ្យ​ដល់គ្រួសារ​រាប់លាន​ទោះ​ណា​ជា​នៅ​ពេលមានកាត់បន្ថាយ​ការផ្តល់​ប្រាក់ជំនួយ​និង​ការពង្រីកខ្លាំង​នៃសំណាញ់​សន្តិសុខ​សង្គមក៏ដោយ។

អ្នក​ស្រី Vany Ramasamy ដែល​បានទទួល​លោក Cheah ដោយពាក់​អាវក្រហម​និងខោជើង​វែងពណ៌ខៀវ​នៃពួក​អ្នកបោស​សម្អាតផ្លូវ​ពីពេល​ថ្ងៃ​រះ​ដល់ពេលថ្ងៃ​លិចបាននិយាយថា៖ «បើយើងមិន​បាន​ទទួល​ម្ហូបអាហារ​នេះ​ទេ​ ខ្ញុំមិន​អាច​មាន​អ្វី​គ្រប់គ្រាន់​ដើម្បី​រស់​ទេ​ ហើយ​ខ្ញុំ​ក៏គ្មាន​ប្រាក់កាស​គ្រប់គ្រាន់​ដើម្បី​បង់​សោហ៊ុយ​សម្រាប់​ការ​សិក្សា​អប់រំ​របស់កូន​ខ្ញុំ​ទេ»។

បើ​តាម​តួលេខថ្មី​ៗ​បំផុត​របស់​រដ្ឋាភិបាលថា​ ការបិទប្រទេស​បានជំរុញ​ពលរដ្ឋម៉ាឡេស៊ី​ជាង​បី​សែន​នាក់​ឱ្យគ្មាន​ការងារ​ធ្វើ​នៅខែ​ឧសភា ហើយបាន​ធ្វើ​ឱ្យ​ប្រទេស​នេះមានអត្រាមនុស្ស​ឥត​ការងារ​ធ្វើមាន​រហូត​ដល់៥,៣ភាគរយ​ដែល​ជា​អត្រាខ្ពស់​មិនធ្លាប់​មានចាប់តាំងពីចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​មក។ ធនាគារ​ពិភពលោកនិយាយថា​ តួលេខ​ទាំង​នោះ​នឹងកើនច្រើនថែម​ទៀតនៅមុនការរាតត្បាត​ជំងឺ​កូវីដ១៩ចប់។​

អ្នក​ស្រី​ Vany Ramasamy ឋិត​ក្នុង​ចំណោម​ពួក​ជនថ្មីៗមាន​ការធ្វើមិន​គ្រប់ម៉ោងគឺ​ពួកជន​នៅមាន​ការងារ​ធ្វើ​ក៏ប៉ុន្តែ​មិនអាច​ធ្វើការ​បានច្រើន ​ដូច​កាល​ពី​ពេលមុន​ទេ។ អ្នក​ស្រី​និងប្តី​ដែល​ជា​អ្នក​បោស​សម្អាត​ផ្លួវក្នុង​ក្រុង​ដូចគ្នា​ដែរ​មាន​ការបន្ថយ​ម៉ោង​ធ្វើ​ការពាក់កណ្តាលដោយកាត់​បន្ថយប្រាក់ចំណូល​រួមគ្នា​ប្រចាំ​ខែមក​នៅ​ត្រឹម​តែ​២៥០ដុល្លារសម្រាប់​គ្រួសារ​មាន​សមាជិក​៩នាក់​ដោយមាន​រួមបញ្ចូល​កុមារ​៦​នាក់​និងជីដូន​ផង​ដែរ។

អ្នក​ស្រី​ Ramasamy បានថ្លែង​ដោយមានការស្ទាក់​ស្ទើរថា៖ «ខ្ញុំ​ព្រួយបារម្ភ​ណាស់​ពីព្រោះ​អស់​សោហ៊ុយ​ច្រើន​ដើម្បី​ចិញ្ចឹម​មនុស្សគ្រប់​គ្នា​ក្នុង​គ្រួសារ​។ ប្រាក់មួយ​សេនក៏​មានតម្លៃ​ដែរ»។​

គ្រួសារ​នី​មួយៗដែលអង្គការ​ Kechara ជួយបាន​ទទួលស្បោងមួយ​មាន​គ្រឿង​ធ្វើ​អាហារ​ស្ងួត​៣៥គីឡូក្រាមសម្រាប់​ពេល​មួយ​ខែ។​ រៀង​រាល់​ពេល​រសៀល​អង្គការ​នេះ​ដាក់វត្ថុ​មួយ​មានរាង​ដូចស្នែងសម្រាប់​ដាក់បន្លែ​ ផ្លែ​ឈើ​ និង​គ្រឿង​ធ្វើ​ម្ហូប​មានលើស​នៅ​ខាង​ក្រៅអគារ​ផ្ទះស្នាក់នៅមួយ​ចំនួន​ក្នុង​តំបន់នោះតាម​របៀប​ដាក់វេន។​ អ្នក​នៅ​ក្នុង​អគារ​នោះ​ដែល​មាន​ឈ្មោះជា​អ្នក​ទទួល​អំណោយឈរ​បន្ត​គ្នា ហើយ​យក​អំណោយ​មានត្រប់ ការ៉ុត​ ផ្លែ​ប៉ោម ផ្លែ​ឈើ​ស្រស់ៗ​ឯ​ទៀតៗ​ និង​បន្លែដាក់ក្នុង​ស្បោង​ពួក​គេ។ ​នៅ​ពេល​មានការបិទប្រទេស​មានឈ្មោះ​អ្នក​ទទួល​អំណោយច្រើន​ជាង​មុននៅ​ក្នុងបញ្ជី​នៃ​អង្គការ​សប្បុរស​ធម​៌នេះ។

នៅ​ចន្លោះការប្រគល់​ជំនួយគ្រឿង​ធ្វើ​អាហារ​និង​កន្លែង​ផលិត អង្គការ​ Kechara នៅ​ពេល​នេះបាន​បម្រើការ​ដល់គ្រួសារ​ប្រមាណ​១ពាន់​៥រយជា​ទៀង​ទាត់​គឺ​បីដង​ច្រើន​ជាងនៅ​មុន​ការ​បិទ​ប្រទេស។

លោក Cheah បាន​និយាយ​ថា៖ «នេះ​ជា​ការ​កើន​ឡើង​ច្រើននៅក្នុងរយៈពេលយ៉ាង​ខ្លី ដូច្នេះយើង​កំពុងមានការ​ខ្វេះ​ខាត​ច្រើន​ណាស់។ ​កាល​ពី​ពេល​មុនយើងបង្កើន​ជំនួយ​បន្តិច​ម្តងៗតែ​ប៉ុណ្ណោះ»។​

ការ​ធ្វើ​វិភាគទាន​ក៏​មានកំណើនបន្តិច​ៗ​ដែរ​ ក៏​ប៉ុន្តែមិន​មាន​លឿនដូច​សេចក្តី​ត្រូវ​ការ​ទេ។

នៅ​មុន​ការ​បិទ​ប្រទេស​ អង្គការ​ Lost Food Project ដែល​ជា​ធនាគារ​ម្ហូប​អាហារបម្រើ​ការ​ក្នុង​មហា​តំបន់ក្រុងគូឡាឡាំពួ និង​ក្រុង Johor Bahru នៅ​ខាង​ត្បូងក៏​បាន​ទទួល​ការ​ហៅ​ទូរសព្ទ​ពី​អង្គការ​សប្បុរស​ធ៌មដូចគ្នាដែល​សុំ​ជំនួយ​ថែម​ទៀត។

លោក Muhammad Syazwan Moktar អ្នក​ចាត់​ចែង​កិច្ច​ទូទៅ​នៃ​អង្គការ​នេះបាននិយាយ​ថា៖ «​ការណ៍​នេះបាន​ផ្លាស់​ប្តូរនៅ​ពេល​មានការ​គ្រប់គ្រងការដើរ​ហើរហៅកាត់​ថា MCO»។ លោក​បានថ្លែង​បន្ថែមថា ​នៅ​ពេល​បន្ទាន់​នោះ «យើង​បាន​ទទួល​ការហៅ​ទូរសព្ទពី​គ្រប់​កន្លែង»។​

មូល​និធិធនាគារម្ហូប​អាហារ​នៃ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជួយ​គាំទ្រអង្គការ Lost Food Project ​អង្គការ​ Kechara និង​អង្គការ​ឯទៀតៗបានបម្រើការ​ដល់​គ្រួសារ​ជាង​៥​សែន​នៅ​មុន​ការបិទ​ប្រទេសដោយ​មានរួម​បញ្ចូលខេត្ត​ Sabah និង​ Sarawak នៅ​លើ​កោះ Borneo ផងដែរ។ ​ចាប់​តាំង​ពី​ខែ​មីនា​មក លោក​នាយក​កិច្ច​ការប្រតិបត្តិ​ Abdul Wahab Long បាន​និយាយថា ចំនួន​គ្រួសារ​មានការ​ខ្វះខាត​បាន «កើន​ឡើងជាង​ពីរ​ដង»។

កំណើន​នេះបានកើតមាននៅ​ក្នុង​ក្រុង​ធំៗ​ដែល​មានពលករ​ចំណាក​ផ្ទះ​សម្បែងជាប់​គាំងដោយ​ MCO​ ​ដោយ​មានការងារ​ធ្វើ​តិច​តូច​ឬ​គ្មាន​ការ​ងារ​តែ​ម្តង។ នៅ​ពេលមាន​ការបន្ធូរ​បទ​បញ្ញត្តិ​នៃ​ការ​បិទ​ប្រទេស​នាំ​ឱ្យ​មានពលករ​ចំណាក​ផ្ទះ​សម្បែងច្រើន​នាក់​វិល​ទៅ​ផ្ទះ​វិញឬចាប់​ផ្តើមធ្វើ​ការ​ងារក៏​ដោយក៏​ចំនួន​គ្រួសារ​វិល​ទៅ​រក​ធនាគារ​ម្ហូប​អាហារនៅ​តែ​កើន​ច្រើន​ជាង​មុន​នៅឡើយ។

រដ្ឋាភិបាល​បាន​ចាត់​វិធានការច្រើន​ដើម្បី​ជួយ។​ ធនាគារពិភពលោកនិយាយ​ថាកញ្ចប់​ជំនួយ​ផ្សេងៗ​ត្រូវ​ផ្តល់ឱ្យនៅ​ពេល​មានការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ មាន​ចំនួន​ជិត​ស្មើនឹង ២០ភាគរយ​នៃ​ផលិតផល​សរុប​របស់​ប្រទេស​គឺ​ច្រើន​ជាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគ​ច្រើន។​

ក៏​ប៉ុន្តែ​ចំណាយ​សាធារណៈច្រើន​ទៅ​លើ​កម្មវិធី​កម្មវិធីសង្គម​កិច្ចនៅ​មុន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​បាននាំ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​មិន​បានប្រុង​ប្រៀប​ឱ្យ​បាន​ត្រឹមត្រូវ​សម្រាប់​ការប៉ះពាល់​ដោយ​សារ​វីរ៉ុស​កូរ៉ូណា​នេះ​ទេ។ ​លោក Richard Record ជា​អ្នកសេដ្ឋសាស្ត្រ​ម្នាក់​នៃធនាគារ​នេះ។​ លោក​បាន​និយាយ​ថាជា​ធម្មតា​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចំណាយ​ប្រមាណ១%នៃផលិត​ផលសរុប​ក្នុង​ស្រុកសម្រាប់កម្មវីធី​បែប​នេះ«ដែលមាន​ចំនួនទាបសម្រាប់​ប្រទេស​មាន​ប្រាក់​ចំណូលមធ្យម»។​

លោក Richard Record បាន​ថ្លែងថា កម្មវិធី​ជួយ​អ្នក​ទី​ទាល់​ក្របាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ច្រើន​នាក់​«ក៏ប៉ុន្តែ​កម្មវិធី​នេះស្តួច​ស្តើងណាស់»។​

កម្មវិធី​ជួយ​អ្នក​ទី​ទាល់​ក្រ​យ៉ាង​ស្តួច​ស្តើង​នេះបានបង្ខំ​លោក​ Danny Khaw អ្នក​ទទួល​ជំនួយ​ថ្មី​ពីអង្គការ Kechara ឱ្យ​ធ្វើការ​ គ្រា​ដែល​លោក​មានអាយុ៧៨ឆ្នាំ​ហើយ។ លោក​បាននិយាយ​ថា​ លោក​ឈឺ​ចុក​ចាប់​ពេញ​ខ្លួន។​ ពី​ផ្ទះ​ទ្រុឌទ្រោម​របស់​លោក​ លោក​ផ្តល់​សេវាដឹក​ឥវ៉ាន់​ឲ្យ​គេ។ ​លោក​ធ្វើការ​នេះ​តែ​ម្នាក់ឯង​។ ក៏ប៉ុន្តែនៅ​ពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ខ្លាំង​ លោក​ត្រូវ​បើក​ឡានកាំមីញ៉ុងច្រេះ​ចាប់របស់​លោកច្រើន​ជាង​មុនដើម្បី​ដឹក​ឥវ៉ាន់ប្រគល់​ឱ្យ​អតិថិជន​ នៅពេល​មានការ​បិទ​ប្រទេស។ លោក​បាននិយាយ​ថា​ស្បោងគ្រឿងធ្វើ​ម្ហូបឥតគិត​ថ្លៃ«ជួយ​លោក​បានច្រើន»ក៏​ប៉ុន្តែ​មិន​បានយូរទេ។​ លោក​បានពោល​ទៀត​ថា«នៅ​ពេល​ខ្លះ​ខ្ញុំបរិភោគតែ​ពងមាន់។ ​ជួនកាល​ខ្ញុំ​គ្មាន​អាហារបរិភោគទេ»។

ប្រែ​សម្រួល​ដោយ លោក ឈឹម​ សុមេធ