ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​​ភ្លៀង​និង​ការ​បាក់ដី​នៅ​កូរ៉េ​ខាង​ត្បូង​​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​១៦​នាក់​ស្លាប់


អ្នក​ស្រុកកាយភក់​ចេញ​ពី​ផ្ទះ​ដែក​បាក់បែក​មួយ​បន្ទាប់ពីមានភ្លៀង​ធ្លាក់ខ្លាំង​ក្នុង​ទីក្រុង Cheorwon កូរ៉េខាងត្បូងកាលពី​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។
អ្នក​ស្រុកកាយភក់​ចេញ​ពី​ផ្ទះ​ដែក​បាក់បែក​មួយ​បន្ទាប់ពីមានភ្លៀង​ធ្លាក់ខ្លាំង​ក្នុង​ទីក្រុង Cheorwon កូរ៉េខាងត្បូងកាលពី​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។

ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​និយាយ​ថា​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ប្រទេសនេះ​បានឲ្យ​មាន​ការ​បិទ​ផ្លូវ​ជាតិហើយ​អាជ្ញាធរកាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ការ​ព្រមាន​ដ៏​កម្រ​មួយ​អំពី​គ្រោះ​ទឹក​ជំនន់​នៅ​ក្បែរ​ស្ពាន​សំខាន់​មួយ​ដែល​ភ្ញាប់​រដ្ឋធានី​សេអ៊ូល។

ការិយាល័យ​គ្រប់គ្រង​ទឹកជំនន់​នៃ​ទន្លេ​ហាន ដែល​ហូរ​កាត់​ក្រុង​សេអ៊ូល​និយាយ​ថា​ខ្លួន​បាន​ចេញ​ការ​ព្រមាន​បែប​នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។

ទី​ភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េខាង​ត្បូង​បាន​រាយការណ៍​ថា កម្រិតទឹកក្នុង​ទន្លេ​ហាន​បាន​កើនដល់​កម្ពស់​១១,៣​ម៉ែត្រ​មិន​ធ្លាប់​មាន ដោយ​ធ្វើ​ឲ្យ​លិចស្ពាន Jamsu ដែល​ភ្ជាប់សង្កាត់ខាង​ត្បូង​និង​សង្កាត់​ខាង​ជើង​របស់​ទី​ក្រុង​សេអ៊ូល និង​តំបន់​ឧទ្យានតាម​មាត់​ទន្លេ។

ភ្លៀងបាន​ឈប់​ធ្លាក់​នៅ​ក្បែរ​ស្ពាន​នេះ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​អាជ្ញាធរ​នៅ​រក្សា​ការ​ព្រមាន​អំពី​គ្រោះទឹក​ជំនន់។

រដ្ឋមន្ត្រី​មហាផ្ទៃ​កូរ៉េខាង​ត្បូងថ្លែង​ថា ការ​បាក់ដី​និង​ទឹកជំនន់​បាន​បាន​សម្លាប់​មនុស្ស​១៦​នាក់ បាត់​ខ្លួន​១១​នាក់ និង​មាន​មនុស្ស​យ៉ាង​តិច​១.៦០០​នាក់ ត្រូវ​បង្ខំ​ឲ្យ​ចាកចោល​ផ្ទះ។

ទី​ភ្នាក់ងារ​ព័ត៌មាន​Yonhap បាន​រាយការណ៍​បន្ថែម​ថា នៅ​តាម​បណ្តា​ខេត្ត​ដែល​ត្រូវ​ប៉ះពាល់​ខ្លាំង​ជាង​គេ​មក​ទល់​នឹង​ពេល​នេះ​មាន​ផ្ទះនិង​អគារ​ជាង​៥.០០០​ខ្នង​និង​ផ្ទៃ​ដី​កសិកម្ម​ជាង​៨.០០០​ហិកតា​ត្រូវ​រង​ការ​ខូចខាត៕

XS
SM
MD
LG