បញ្ហារបស់លោកនាយករដ្ឋមន្ត្រី Najib Razak បានចាប់ផ្ដើមតាំងពីខែកក្កដា ដែលសារព័ត៌មានបានចោទប្រកាន់ថា មូលនិធិអភិវឌ្ឍន៍របស់រដ្ឋដែលលោកបង្កើតឡើងបានបញ្ជូនមូលនិធិសាធារណៈជាង៧០០លានដុល្លារទៅគណនីឯកជនរបស់លោក។
លោកនាយករដ្ឋមន្ត្រីបានបដិសេធដាច់ខាតលើសេចក្ដីរាយការណ៍នោះ ហើយបានដកក្រុមមន្ត្រីមួយចំនួនដែលបានរិះគន់ការដោះស្រាយរបស់លោក ចំពោះរឿងអាស្រូវនេះ។
ប៉ុន្តែវាមិនបានបញ្ចប់ភាពចលាចលជាសាធារណៈទេ។ នៅចុងសប្តាហ៍កន្លងទៅនេះ មានក្រុមអ្នកតវ៉ារហូតដល់២សែននាក់ នៅទីក្រុងកូឡាឡំពួរបានអំពាវនាវឱ្យលោកលាលែងពីតំណែង។ ប៉ុន្តែប៉ូលិសនិយាយថា ចំនួនអ្នកតវ៉ាមានប្រហែល២៥.០០០នាក់។
លោក Najib បានឆ្លើយតបនៅក្នុងទិវាជាតិដោយថ្លែងប្ដេជ្ញាថា លោកនឹងមិនលាឈប់ពីតំណែងនាយករដ្ឋមន្រ្តីនោះទេ។ លោកនាយករដ្ឋមន្រ្តីបានឱ្យដឹងថា មូលនិធិនេះត្រូវបានគេបរិច្ចាគមកពីមជ្ឈិមបូព៌ា។
លោកបានវាយប្រហារក្រុមអ្នកតវ៉ាដោយនិយាយថា ពួកគេបានបង្ហាញពី«គំនិតរាក់និងស្មារតីស្នេហាជាតិតិចតួច»។
អ្នកវិទ្យាសាស្រ្តនយោបាយ Bridget Welsh ពីសាកលវិទ្យាល័យជាតិតៃវ៉ាន់បាននិយាយថា ការតវ៉ានេះ ទទួលបានការគាំទ្រច្រើនបំផុតពីសហគមន៍ចិនរបស់ប្រទេសម៉ាឡេស៊ី ហើយវាគឺជាការប្រឹងប្រែងរបស់ជនវណ្ណៈកណ្តាលនៅក្នុងទីក្រុងទាំងនោះដើម្បីរកយុត្តិធម៌សម្រាប់ប្រទេសនេះ។
«វាមិនមែនជាការរួបរួមគ្រប់ជាតិសាសន៍ ដូចអ្វីដែលក្រុមអ្នករៀបចំសង្ឃឹមថានឹងទទួលបាន ទស្សនៈមួយដែលអាចឈានដល់ចំណុចកណ្ដាលនោះទេ ព្រោះភាគច្រើននៃក្រុមអ្នកតវ៉ាគឺមកពីក្រុមប្រឆាំង។ ភាពបែកចែកគ្នាបានកើនឡើងកាន់តែខ្លាំងនិងជ្រាលជ្រៅជាងអ្វីដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសម៉ាឡេស៊ីរវាងអ្វីដែលមនុស្សមើលឃើញក្នុងឆាកនយោបាយនិងអ្វីដែលមនុស្សមើលឃើញនៅពេលអនាគត»។
បើទោះបីជាមានសន្តិសុខយ៉ាងតឹងរ៉ឹងក៏ដោយ ក៏ការជួបជុំនេះមានសន្តិភាពគឺផ្ទុយទៅនឹងការតវ៉ាលើកមុន នៅឆ្នាំ២០១១ និងឆ្នាំ២០១២ នៅពេលដែលប៉ូលិសបានបំបែកហ្វូងមនុស្សដោយប្រើប្រាស់កាំភ្លើងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។
អវត្តមានក្នុងការជួបជុំនេះ ភាគច្រើនជាអ្នកគាំទ្រមកពីគណបក្ស PAS ដែលគាំទ្រពួកអ៊ីស្លាម ហើយការជួបជុំនោះក៏គ្មានវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំងដែលមានប្រជាប្រិយភាពលោក Anwar Ibrahim ដែលឥឡូវជាប់ឃុំឃាំងរយៈពេលប្រាំឆ្នាំបន្ទាប់ពីទទួលការផ្ដន្ទាទោសពីបទសេពសន្ថវៈជាមួយមនុស្សភេទដូចគ្នា។
អ្នកស្រី Welsh បានរំពឹងទុកថា នៅពេលឥឡូវនេះលោក Najib នឹងទប់ទល់នឹងសម្ពាធបច្ចុប្បន្ននេះដែលបានអំពាវនាវឲ្យលោកចុះចេញពីតំណែង។
«សម្រាប់រយៈពេលខ្លី លោក Najib ហាក់ដូចជានៅទីនោះនៅឡើយ ប៉ុន្តែសម្រាប់រយៈពេលវែង អ្វីដែលយើងកំពុងមើលឃើញនៅពេលនេះ គឺជាស្ថានភាពទន់ខ្សោយយ៉ាងខ្លាំងសម្រាប់លោកនាយករដ្ឋមន្ដ្រី។ លោកបានបាត់បង់ការជឿទុកចិត្តថ្នាក់ជាតិនិងអន្តរជាតិយ៉ាងច្រើន ហើយជារៀងរាល់ថ្ងៃលោកមានរឿងអាស្រូវនិងវិបត្តិជាបន្តបន្ទាប់»។
ក្រុមអ្នកវិភាគផ្សេងទៀតរួមទាំងលោក William Case មកពីសាកលវិទ្យាល័យ City ក្នុងទីក្រុងហុងកុងបាននិយាយថា ជំហររបស់លោក Najib បានកំពុងតែពង្រឹងឡើងដោយសារតែការបែកបាក់ក្នុងគណបក្សប្រឆាំង។
«ខ្ញុំអាចនិយាយបានថា Najib Razak ទើបតែបានជួបនឹងការតវ៉ាដ៏ល្អខ្លាំងណាស់មួយ ហើយខ្ញុំគិតថា សមាសភាពនៃការតវ៉ានេះរាប់ចាប់ពីរបៀបរបស់ការតវ៉ាមកដល់ពេលនេះ ហើយការអត់ធ្មត់របស់នគរបាល ទាំងអស់នេះមានន័យថា ការពិតវាជាការពង្រឹងអំណាចរបស់លោកនាយករដ្ឋមន្រ្តី ដែលនឹងអាចធ្វើឱ្យលោកងាយនឹងដោះស្រាយរឿងអាស្រូវមូលនិធិរបស់រដ្ឋនេះ»។
លោក Case បាននិយាយថា គណបក្សប្រឆាំងត្រូវបានបំបែក នៅពេលគណបក្ស PAS ដែលគាំទ្រពួកអ៊ីស្លាមឥឡូវនេះ លែងសហការជាមួយផ្នែកផ្សេងទៀតនៃគណបក្សប្រឆាំងនោះ។
លោកបានថ្លែងថា វត្តមាននៅឯការជួបជុំរបស់អតីតនាយករដ្ឋមន្រ្តី Mahathir Mohamad ដែលធ្លាប់ជាអ្នកដឹកនាំគណបក្សរួបរួមជាតិម៉ាឡេស៊ី (UMNO) បានគូសបញ្ជាក់ពីគោលជំហរកាន់តែរឹងមាំរបស់លោក Najib ដោយសារតែលោក Mahathir ធ្លាប់បានស្វែងរកការគាំទ្រនៅក្នុងគណបក្សUMNO ក្នុងការអំពាវនាវឱ្យមានការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រីតែមិនបានសម្រេច។
អ្នកវិភាគនិយាយថា ពួកគេរំពឹងថា លោក Najib នឹងរកវិធីដើម្បីកេងចំណេញនយោបាយដែលកំពុងបែកបាក់នៅក្នុងប្រទេសម៉ាឡេស៊ី នៅពេលប៉ុន្មានខែខាងមុខនេះ។
ប៉ុន្តែអតីតសមាជិករដ្ឋាភិបាលនឹងមានការជួបជុំគ្នានៅថ្ងៃទី៩ កញ្ញានេះ ដើម្បីប្រឹងប្រែងរកវិធីសាស្ត្រមួយដែលគេហៅថា «វិធីសាស្ត្រនៃការចាកចេញដោយកិត្តិយស» សម្រាប់លោកនាយករដ្ឋមន្រ្តី។ ប្រទេសម៉ាឡេស៊ីគឺមិនមានការប្រឈមមុខនឹងការបោះឆ្នោតថ្មីរហូតដល់ឆ្នាំ២០១៨៕
ប្រែសម្រួលដោយ មាន ឥស្សរាយស