ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ និង​ក្រុម​សង្គម​កិច្ច​ម៉ាឡេស៊ី​កំពុង​ព្យាយាម​លុប​បំបាត់​ច្បាប់ Fatwa ដែល​តម្រូវ​ឲ្យ​ច្រិប​យោនី​ស្ត្រី


ស្រ្តីម្នាក់​កាន់​បដា​លើ​ភ្លៅ​ដែល​បង្ហាញ​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ច្រិប​យោនី​ស្រ្តី​។ អង្គការ​សហប្រជាជាតិ និង​ក្រុម​សង្គម​កិច្ច​ម៉ាឡេស៊ី​កំពុង​ព្យាយាម​លុប​បំបាត់​ច្បាប់ Fatwa ដែល​តម្រូវ​ឲ្យ​ច្រិប​យោនី​ស្ត្រី

កាល​ពី​ឆ្នាំ២០០៩ គណៈកម្មាធិការ​ជាតិ​ស្តី​ពី​ច្បាប់ Fatwa របស់​ម៉ាឡេស៊ី ដែល​ជា​ក្រុម​ប្រឹក្សា​អ៊ីស្លាម​ថ្នាក់​ជាតិ បាន​តម្រូវ​ឲ្យ​ស្ត្រី​មូស្លីម​ទាំង​អស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ច្រិប​យោនី​របស់​ខ្លួន។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញ​ថា ស្ត្រី​ម៉ូស្លីម​ស្ទើ​តែ​ទាំង​អស់​បាន​ឆ្លង​កាត់​ការ​ប្រតិបត្តិ​ច្រិប​យោនី​នេះ។ ក៏​ប៉ុន្តែ អង្គការ​សហប្រជាជាតិ​កំពុង​តែ​ធ្វើការ​ជាមួយ​នឹង​គណៈកម្មាធិការ​នេះ ដើម្បី​លុប​បំបាត់​ច្បាប់​តម្រូវ​ឲ្យ​មាន​ការ​ប្រតិបត្តិ​បែប​នេះ។

មន្ត្រី​សុខាភិបាល​របស់​ម៉ាឡេស៊ី​ដែល​កំពុង​តែ​ចរចា​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​ស្តី​អំពី​ច្បាប់ Fatwa របស់​ម៉ាឡេស៊ី ឲ្យ​ដឹង​ថា ច្បាប់​របស់​ក្រុម​ប្រឹក្សា​សាសនា​ជាតិ​នេះ ដែល​តម្រូវ​ឲ្យ​ស្ត្រី​មូស្លីម​គ្រប់​រូប​ច្រិប​យោនី​របស់​ខ្លួន​នោះ​នឹង​អាច​ត្រូវ​លុប​បំបាត់។

អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់​ទុក​រាល់​ប្រភេទ​នៃ​ការ​ប្រតិបត្តិ​ដ៏​ធ្ងន់​ធ្ងរ​លើ​ប្រដាប់​ភេទ​របស់​ស្ត្រី​ជា​ការ​កាត់​បំផ្លាញ ហើយ​បែង​ចែក​ការ​អនុវត្ត​នេះ​ជា​ផ្នែក​នៃ​ដំណើរការ​បួន​ប្រភេទ​ដែល​បណ្តាល​ឲ្យ​មាន​ការ​រង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ អង្គការ WHO បាន​ហាម​ឃាត់​ការ​ប្រតិបត្តិ​ទាំង​អស់​នេះ។

យោង​តាម​មន្ត្រី​សុខាភិបាល​ឲ្យ​ដឹង​ថា ការ​ច្រិប​យោនី​របស់​ស្ត្រី​ក្នុង​ចំនួន​តូច​ដែល​អនុវត្ត​នៅ​ម៉ាឡេស៊ី ឋិត​នៅ​ក្នុង​ប្រភេទ​ទី៤​នៃ​ការ​បែក​ចែក​របស់​អង្គការ WHO។ ជួន​កាល ការ​ប្រតិបត្តិ​នេះ​រួម​មាន​ការ​ចាក់​ម្ជុល​ចូល​ក្នុង​សន្ទះ​យោនី ដែល​ជាទូទៅ​ត្រូវ​បាន​អនុវត្ត​លើ​ទារក​ដែល​ទើប​តែ​កើត ហើយ​មិន​សូវ​ជា​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​ពេល​គេ​ធំ​ដឹង​ក្តី​ទេ។

ច្បាប់ Fatwa ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ឆ្នាំ២០០៩ ថ្លែង​ថា ការ​ច្រិប​យោនី​ស្ត្រី​គឺ​តម្រូវ​ឲ្យ​ធ្វើ​ឡើង​គ្រប់​ករណី​ទាំង​អស់ «លើក​លែង​តែ​ករណី​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់»។ ប៉ុន្តែ អ្នក​ជំនាញ​សុខាភិបាល​ពិភពលោក ឲ្យ​ដឹង​ថា ការ​ប្រតិបត្តិ​នេះ​តែង​តែ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ សូម្បី​តែ​ក្នុង​ការ​ច្រិប​យោនី​ក្នុង​ទម្រង់​តូច ដូច​នៅ​ម៉ាឡេស៊ី​ក្តី។

លោកស្រី Saira Shaheem នៃ​មូលនិធិ​ប្រជាសាស្ត្រ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​រដ្ឋធានី កូឡាឡាំពួរ ឲ្យ​ដឹង​ថា មន្ត្រី​សុខាភិបាល​កំពុង​តែ​ព្យាយាម​ធ្វើការ​ជាមួយ​នឹង​គណៈកម្មាធិការ​ច្បាប់ Fatwa ដើម្បី​កែប្រែ​ច្បាប់​របស់​ក្រុម​ប្រឹក្សា​សាសនា​ដ៏​មាន​ឥទ្ធិពល​នេះ​ឲ្យ​ស្រប​ទៅ​តាម​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក។

«យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​នេះ​អំពី​បញ្ហា​នេះ។ ក៏​ប៉ុន្តែ ច្បាប់ Fatwa មិន​បាន​កំណត់​ថា តើ​ការ​ប្រតិបត្តិ​នេះ​គួរ​តែ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្តេច​ទេ។ ចំណុច​នេះ​បាន​អនុញ្ញាត​ឲ្យ​យើង​មាន​ឱកាស​កំណត់​ដំណើរការ​ប្រតិបត្តិ​នេះ​តាម​របៀប​ដែល​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយ​យើង​អាច​កែប្រែ​ការ​អនុវត្ត​នោះ​បាន​តាម​នោះ​ដែរ»។

តាម​ទំនៀម​ទម្លាប់​ប្រពៃណី ស្ត្រី​ជា​ឆ្មប​តែងតែ​ប្រតិបត្តិ​ការ​ច្រិប​យោនី​របស់​ទារក​នៅ​តាម​ផ្ទះ ក៏​ប៉ុន្តែ ខណៈ​ដែល​គ្រូពេទ្យ​ត្រូវ​បាន​ស្នើ​ឲ្យ​ប្រតិបត្តិ​ដំណើរការ​នេះ​នៅ​កន្លែង​ដែល​គ្មាន​មេរោគ ស្ត្រី​ជា​ឆ្មប​ទាំង​នេះ​កំពុង​តែ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រតិបត្តិ​ការ​ច្រិប​យោនី ដោយ​សារ​តែ​ពួក​គេ​មិន​ចង់​បំពាន​លើ​ការ​ណែនាំ​របស់​សមាគម​វេជ្ជសាស្ត្រ​ម៉ាឡេស៊ី។

លោកស្រី Shaheem និយាយ​ថា មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​កំពុង​ព្យាយាម​ជំនួស​ការ​ច្រិប​យោនី​នេះ​ជាមួយ​នឹង​ការ​លាង​យោនី​ដោយ​ជាតិ​អាកុល​វិញ ដែល​អនុវត្ត​ដោយ​ពេទ្យ​ឆ្មប​នៅ​ពេល​ទារក​ទើប​នឹង​កើត ខណៈ​ដែល​ក្រុម​ប្រឹក្សា​សាសនា​ព្យាយាម​លុប​បំបាត់​ច្បាប់ Fatwa នេះ។

ច្បាប់ Fatwa មិន​បាន​ចែង​អំពី​ការ​កាត់​ស្បែក​ចុង​លិង្គ​របស់​បុរស​ទេ ដែល​ជា​ការ​ប្រតិបត្តិ​មួយ​ដែល​ក្រុម​ប្រឹក្សា​សាសនា​តម្រូវ​ឲ្យ​បុរស​នៅ​ម៉ាឡេស៊ី ប្រតិបត្តិ​តាម​នៅ​ពេល​ធំ​ដឹង​ក្តី ហើយ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ពិធី​សាធារណៈ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី​នៅ​ឆ្នាំ២០១២ បាន​បង្ហាញ​ថា ស្ត្រី​មូស្លីម​ចំនួន​៩៣ភាគរយ​បាន​ឆ្លង​កាត់​ការ​ច្រិប​យោនី​នេះ។ តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ដែល​មាន​ភាគរយ​នៃ​ការ​ប្រតិបត្តិ​ការ​ច្រិប​យោនី​ខ្ពស់​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក រួម​មាន​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ខាង​កើត ដូច​ជា សូម៉ាលី និង ស៊ូដង់ ជាដើម។

ទោះ​បី​ជា​ការ​ស្រាវជ្រាវ​នេះ​បាន​ផ្តល់​ទិន្នន័យ​មិន​ស៊ី​សង្វាក់​គ្នា​នឹង​ទំហំ​នៃ​ការ​ច្រិប​យោនី​ពិត​ប្រាកដ​ក្តី អ្នក​ស្រាវជ្រាវ ឲ្យ​ដឹង​ថា ស្ត្រី​ជា​ឆ្មប​នៅ​ម៉ាឡេស៊ី​តែង​តែ​ច្រិប​សាច់​មួយ​ដុំ​តូច​មិន​ធំ​ជាង​«គ្រាប់​អង្ករ​មួយ​កំណាត់‍»​ពី​ស្រទាប​យោនី​របស់​ទារក។

លោកស្រី Julia Lalla-Maharajh គឺជា​នាយិកា​នៃ​គម្រោង Orchid ដែល​ជា​ក្រុម​គាំពារ​មួយ​នៅ​ទីក្រុង London ដើម្បី​លុប​បំបាត់​ការ​ច្រិប​យោនី​ស្ត្រី។ លោកស្រី​ព្រួយ​បារម្ភ​ថា ច្បាប់ Fatwa នេះ​អាច​នឹង​បណ្តាល​ឲ្យ​មាន​ការ​យល់​ឃើញ​ថា ការ​ច្រិប​យោនី​ក្នុង​ទ្រង់​ទ្រាយ​ធំ​ត្រូវតែ​ប្រតិបត្តិ​ឡើង ដើម្បី​គោរព​ទៅ​តាម​ជំនឿ​ប្រពៃណី។

«ការ​ប្រតិបត្តិ​គ្រប់​ប្រភេទ​ទាំង​អស់​សុទ្ធ​តែ​មាន​គ្រោះថ្នាក់។ ការ​ប្រតិបត្តិ​បែប​នេះ​មិន​មាន​ផល​ប្រយោជន៍​អ្វី​ទាល់​តែ​សោះ​ដល់​សុខភាព។ យើង​ក៏​សូម​ចង្អុល​បង្ហាញ​ថា តាម​ពិត​ទៅ ច្បាប់ Fatwa ខ្លះ​នៅ​ជុំវិញ​ពិភព​លោក​បាន​លើក​ឡើង​ថា ការ​ច្រិប​យោនី​ស្ត្រី​អាច​មាន​គ្រោះថ្នាក់ ហើយ​ត្រូវ​បាន​ហាម​ឃាត់​តាម​សាសនា​អ៊ីស្លាម»។

លោកស្រី​បាន​បន្ថែម​ទៀត​ថា គំនាប​ប្រពៃណី​មិន​ឲ្យ​និយាយ​ពី​ការ​ច្រិប​យោនី​នេះ​បណ្តាល​ឲ្យ​ទិន្នន័យ​មាន​មិន​គ្រប់​គ្រាន់ ហើយ​ថា ជំនឿ​ជា​បន្ត​បន្ទាប់​ដែល​ថា ទំនៀម​ទម្លាប់​នេះ​គឺ​សំខាន់​ដល់​វប្បធម៌ ជា​ជាង​ផ្តល់​គ្រោះថ្នាក់​មក​លើ​សុខភាព​នោះ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​សាសនា​ម៉ូស្លីម​ជា​ច្រើន អះអាង​ថា ការ​ចាត់​ថ្នាក់​នៃ​ការ​ច្រិប​យោនី​នេះ​គឺជា​ការ​យល់​ខុស។

សូម្បី​តែ​នៅ​ក្នុង​ចំណោម​សហគមន៍​នៅ​ម៉ាឡេស៊ី ក៏​មាន​ការ​តស៊ូ​មតិ​គ្នា​ថា តើ​ដំណើរការ​ប្រតិបត្តិ​នេះ​ត្រូវបាន​តម្រូវ​ដោយ​សាសនា​អ៊ីស្លាម​មែន​ឬ​យ៉ាង​ណា។ នរៈវិទូ ឲ្យ​ដឹង​ថា ការ​ប្រតិបត្តិ​នេះ​មាន​តាំង​ពី​មុន​សាសនា​អ៊ីស្លាម នៅ​ក្នុង​តំបន់​ខ្លះ​នៅ​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​ឆ្នាំ២០១២ អ្នក​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ​នេះ​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​អនុវត្ត​ដំណើរការ​ប្រតិបត្តិ​នេះ រួមមាន កាតព្វកិច្ច​សាសនា អនាម័យ​ប្រដាប់​ភេទ ការ​គ្រប់​គ្រង​ចំណង់​ផ្លូវ​ភេទ​របស់​ស្ត្រី និង​ជំនឿ​មួយ​ដែល​ថា ការ​ធ្វើ​បែប​នេះ​អាច​ជួយ​បំពេញ​ចំណង់​របស់​ដៃគូ​រួមភេទ​របស់​ស្ត្រី។ អង្គការ WHO អះអាង​ថា កត្តា​ទាំង​អស់​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ប្រតិបត្តិ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​លំអៀង​ក្នុង​បញ្ហា​យេនឌ័រ​ដែល​បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​មួយ។

លោកស្រី Shaheem នៃ​មូលនិធិ​ប្រជាសាស្ត្រ​របស់​អង្គការ​សហប្រជាជាតិ ឲ្យ​ដឹង​ថា ប្រព័ន្ធ​សុខាភិបាល​ទ្រង់​ទ្រាយ​ធំ​របស់​ម៉ាឡេស៊ី បង្ហាញ​ឲ្យ​ឃើញ​ថា ស្ត្រី​ដែល​ឆ្លង​កាត់​ការ​ច្រិប​យោនី​នេះ​មិន​ទំនង​ជា​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ដូច​ស្ត្រី​នៅ​អាហ្វ្រិក​ទេ។

ក៏​ប៉ុន្តែ លោកស្រី​បាន​បន្ថែម​ថា ព័ត៌មាន​តិច​តួច​ណាស់​បង្ហាញ​ពី​របៀប​នៃ​ដំណើរការ​ប្រតិបត្តិ​នេះ និង​ទំហំ​សាច់​ដែល​ឆ្មប ឬ​ពេទ្យ​បាន​កាត់​នោះ។

«ដោយ​សារ​តែ​គ្មាន​នរណា​ម្នាក់​បាន​កំណត់ ហើយ​បើ​ទោះ​បី​ជា​វា​មិន​មាន​គ្រោះថ្នាក់​ក្តី ក៏​គ្មាន​ការ​ណែនាំ​ថា តើ​ពេទ្យ​ឆ្មប​ត្រូវ​កាត់​សាច់​អ្វី ហើយ​ថា តើ​ត្រូវ​កាត់​សាច់​ទំហំ​ប៉ុនណា។ ឪពុក​ម្តាយ​របស់​ទារក​មិន​ដឹង​ទេ។ នេះ​គឺជា​កិច្ចការ​របស់​គ្រូពេទ្យ ហើយ​ឪពុក​ម្តាយ​នឹង​ដឹង​ព័ត៌មាន​ទាំង​នេះ​នៅ​ពេល​ក្រោយ​តែ​ប៉ុណ្ណោះ»។

ទោះ​បី​ជា​មាន​ការ​ពិភាក្សា​ជា​បន្ត​បន្ទាប់​ដើម្បី​លុប​បំបាត់​ច្បាប់ Fatwa ដែល​តម្រូវ​ឲ្យ​មាន​ការ​ប្រតិបត្តិ​នេះ​ក្តី ក៏​អ្នក​ចូល​រួម​ក្នុង​កិច្ច​ចរចា​នេះ ឲ្យ​ដឹង​ថា សេចក្តី​សម្រេច​មិន​ទាន់​បាន​កំណត់​នៅ​ពេល​ណា​ឲ្យ​ជាក់​លាក់​នៅ​ឡើយ​ទេ។

អង្គការ WHO សន្និដ្ឋាន​ថា នៅ​ទូទាំង​ពិភពលោក ស្ត្រី និង​ក្មេង​ស្រី​ចំនួន១០០​ទៅ​១៤០លាន​នាក់​ត្រូវ​បាន​ច្រិប​យោនី ហើយ​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​អាហ្វ្រិក ក្មេងស្រី​ជាង​៣លាន​នាក់​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​សារ​តែ​ការ​ច្រិប​យោនី​នេះ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG