ប្រទេសម៉ាឡាវីបានព្យួរតំណែងប្រធានការិយាល័យប្រឆាំងអំពើពុករលួយអ្នកស្រី Martha Chizuma ពាក់ព័ន្ធនឹងខ្សែអាត់សំឡេងបែកធ្លាយដែលអ្នកស្រីបាននិយាយថា មន្រ្តីជាន់ខ្ពស់មួយចំនួនកំពុងរារាំងយុត្តិធម៌។
អ្នកស្រី Colleen Zamba ដែលជាលេខាធិការប្រធានាធិបតីនិងគណៈរដ្ឋមន្ត្រីប្រទេសម៉ាឡាវី បានបញ្ជាក់នៅក្នុងលិខិតជាសាធារណៈមួយកាលពីថ្ងៃទី ១ ខែមករាថា ការព្យួរតំណែងរបស់អ្នកស្រី Chizuma បានចាប់ផ្ដើមតាំងពីថ្ងៃទី ៣១ ខែមករាមក និងបន្តរហូតដល់ពេលណាដែលរឿងក្តីនេះបញ្ចប់។
នៅក្នុងសារសំឡេងជាមួយបុគ្គលមិនស្គាល់ឈ្មោះម្នាក់ដែលបានលេចធ្លាយចូលក្នុងបណ្តាញសង្គមអនឡាញ អ្នកស្រី Chizuma បាននិយាយថា មន្រ្តីជាន់ខ្ពស់មួយចំនួនដែលរួមមានទាំងមេធាវី ចៅក្រម និងអាជ្ញាធរផងដែរ កំពុងរារាំងយុទ្ធនាការរបស់អ្នកស្រីនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ករណីនេះបានជំរុញឱ្យមន្ត្រីខ្លះក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ទាំងនេះដូចជាអតីតប្រធានរដ្ឋអាជ្ញាលោក Steven Kayuni ជាដើម ដាក់ពាក្យចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងអ្នកស្រី។ ពាក្យបណ្ដឹងចោទប្រកាន់មួយទៀតកាលពីពេលថ្មីៗនេះគឺពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកស្រីនៅក្នុងសារជាសំឡេងប្រឆាំងនឹងលោកចៅក្រម Simeon Mdeza ដែលនៅពេលនោះលោកគឺជាអ្នកដែលកំពុងកាន់សំណុំរឿងក្តីពុករលួយមួយ។
ពាក្យបណ្ដឹងចោទប្រកាន់ទាំងពីរនេះគឺរួមមានទាំងការលើកឡើងដែលមានបំណងបន្ទាបសិទ្ធិអំណាចរបស់ចៅក្រមមុនពេលនីតិវិធីតុលាការត្រូវបានធ្វើឡើង និងការលើកឡើងដែលអាចឱ្យមានការលម្អៀងទៅរកបុគ្គលដែលប្រឆាំងនឹងភាគីមួយនៃនីតិវិធីតុលាការផងដែរ។
អ្នកស្រី Martha Kaukonde ដែលជាមេធាវីរបស់អ្នកស្រី Chizumaបានប្រាប់វីអូអេថា បទបញ្ជាព្យួរតំណែងនេះគឺមិនត្រឹមត្រូវនោះទេ។
អ្នកស្រី Kaukonde ថ្លែងដូច្នេះថា៖ «ច្បាប់ចែងយ៉ាងច្បាស់ថា អ្នកស្រី [Chizuma] អាចត្រូវបានព្យួរតំណែងដោយប្រធានាធិបតីតែប៉ុណ្ណោះ។ ហើយនៅក្នុងសេណារីយូនេះ អ្នកស្រីត្រូវបានព្យួរតំណែងដោយលេខាធិការរបស់ប្រធានាធិបតីនិងគណៈរដ្ឋមន្រ្តី»។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាអំពីស្ថានភាពប្រទេសជាតិកាលពីថ្ងៃទី ២៤ ខែមករាកន្លងទៅនេះ លោកប្រធានាធិបតី Lazarus Chakwera បានពណ៌នាសកម្មភាពរបស់អ្នកស្រី Chizuma ថាជា រឿងអកុសល ប៉ុន្តែបានលើកឡើងថា លោកនឹងមិនបណ្តេញអ្នកស្រីចេញពីតំណែងនោះទេ។ ផ្ទុយទៅវិញ លោកបានធ្វើការព្រមានថា លោកនឹងឃ្លាំមើលទង្វើរបស់អ្នកស្រី។
លោក Michael Kayiyatsa ដែលជានាយកប្រតិបតិ្តនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនិងនីតិសម្បទា បាននិយាយថា លោកមានការភ្ញាក់ផ្អើលនឹងការផ្លាស់ប្តូរចិត្តយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលម៉ាឡាវី។
លោកថ្លែងថា៖ «ប្រសិនបើយើងធ្វើការវិភាគលើបញ្ហាទាំងមូល វាពាក់ព័ន្ធនឹងភាពពុតត្បុត។ ប្រធានាធិបតីធ្លាប់មានភាពពុតត្បុត ដោយសារតែអ្វីដែលលោកនិយាយជាសាធារណៈនិងអ្វីដែលលោកធ្វើនៅពីក្រោយគឺមានភាពផ្ទុយពីគ្នា។ លោកប្រធានាធិបតីរូបនេះធ្លាប់និយាយថា «ខ្ញុំបានលើកលែងទោសឱ្យអ្នកស្រី Martha [Chizuma]» ប៉ុន្តែក្រោយមក លោកបានអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកព្យួរតំណែងអ្នកស្រី។ លោកបានបង្ហាញសារផ្ទុយស្រឡះពីគ្នា»។
សេចក្ដីរាយកាណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅម៉ាឡាវីបានបញ្ជាក់ថា ការព្យួរតំណែងរបស់អ្នកស្រី Chizuma នេះបានធ្វើឡើងក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលការិយាល័យប្រឆាំងអំពើពុករលួយបានដាក់ចេញនូវដីកាចាប់ខ្លួនមន្រ្តីជាន់ខ្ពស់មួយចំនួន។
អ្នកស្រីមេធាវី Kaukonde សង្ស័យថា ចំណាត់ការដាក់ពិន័យលើអ្នកស្រី Chizuma នេះគឺត្រូវបានគ្រោងឡើងជាយូរមកហើយ។
អ្នកស្រី Kaukonde ថ្លែងដូច្នេះថា៖ «វាជារឿងច្បាស់ណាស់។ ខ្ញុំគិតថា វាបានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ ២០២២ មកម៉្លេះ។ វាជាផែនការដើម្បីបង្អាក់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ នេះជាអ្វីដែលយើងបានទាយទុក។ ដូច្នេះមិនមានអ្វីលើសពីនេះទេ។ អ្នកស្រីគ្រាន់តែធ្វើការងាររបស់អ្នកស្រីតែប៉ុណ្ណោះ ហើយបន្ទាប់មកអ្នកស្រីត្រូវបានបញ្ឈប់មិនឱ្យធ្វើការងារនេះ»។
លោក George Phiri ដែលជាអតីតសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Livingstonia នៅភាគខាងជើងប្រទេសម៉ាឡាវី បាននិយាយថា ការប្រែក្រឡាស់ចុះឡើងពាក់ព័ន្ធនឹងរឿងរបស់អ្នកស្រី Chizuma នេះបានបង្ហាញថា មានមនុស្សខ្លះនៅក្នុងជួររដ្ឋាភិបាលកំពុងព្យាយាមរារាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោក Phiri ថ្លែងដូច្នេះថា៖ «យើងមិនអាចមានរដ្ឋាភិបាល ដែលបានបង្កើតការិយាល័យដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋម៉ាឡាវី ហើយងាកមកប្រឆាំងនឹងការិយាល័យនេះវិញនោះទេ។ រដ្ឋាភិបាលដូចនេះមិនគួរកើតមាននោះឡើយ។ យើងចាំបាច់ត្រូវដឹងថា អ្នកណាកំពុងធ្វើរឿងទាំងអស់នេះ ដោយសារតែយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកំពុងបន្តទៅមុខ។ ហើយអ្នកស្រី Martha Chizuma បានប្រកាន់ជំហរប្រយុទ្ធប្រឆាំង [នឹងអំពើពុករលួយ] ដូចអ្វីដែលការិយាល័យរបស់អ្នកស្រីតម្រូវឱ្យធ្វើ»។
ស្របពេលនេះដែរ ប្រធានគណៈកម្មាធិការកិច្ចការផ្លូវច្បាប់របស់សភាម៉ាឡាវីលោក Peter Dimba បានលាលែងពីតំណែង ដោយលើកឡើងអំពីភាពតឹងតែងជុំវិញវិធីដែលរដ្ឋាភិបាលម៉ាឡាវីដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
នៅក្នុងលិខិតលាលែងពីតំណែងរបស់លោកចុះថ្ងៃទី ២ ខែកុម្ភៈ លោក Dimba បាននិយាយថា លោកសង្កេតឃើញថា កិច្ចប្រឹងប្រែងនានានៅក្នុងការផ្តល់ការត្រួតពិនិត្យនិងរក្សាតុល្យភាពអំណាចចំពោះរដ្ឋាភិបាល ជាពិសេសលើផ្នែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បានបង្ហាញថាមិនមានប្រសិទ្ធភាព។
លោកបានបន្ថែមថា ក្នុងនាមជាមេដឹកនាំម្នាក់ លោកទទួលខុសត្រូវទាំងស្រុងចំពោះការធ្វើឱ្យប្រជាពលរដ្ឋម៉ាឡាវីខកចិត្តនៅក្នុងរឿងនេះ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា
ប្រធានការិយាល័យប្រយុទ្ធប្រឆាំងអំពើពុករលួយម៉ាឡាវីត្រូវព្យួរតំណែងពាក់ព័ន្ធនឹងសារសំឡេងលេចធ្លាយ
ក្រុង Blantyre ប្រទេសម៉ាឡាវី —