ទោះបីជាចំនួនអ្នកទៅបោះឆ្នោតមានតិចក៏ដោយ ក៏គណបក្សរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ទទួលបានជ័យជម្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ។ នេះបើយោងលទ្ធផលបឋមក្រោយការបោះឆ្នោត។
លោកប្រធានាធិបតីកណ្តាលនិយមថ្មីនៃប្រទេសបារាំងនិងគណបក្ស Republic on the Move របស់លោកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដោយទទួលបានអាសនៈចន្លោះពី៣៥៥ទៅ៤២៥នៅក្នុងអាសនៈសរុបចំនួន៥៧៧ក្នុងសភាជាតិ ហើយជ័យជម្នះនេះអាចឲ្យលោកប្រធានាធិបតីអនុវត្តទៅតាមការសន្យារបស់លោកក្នុងការធ្វើកំណែទម្រង់ទៅលើច្បាប់ពលកម្មដ៏ម៉ឺងម៉ាត់របស់បារាំង និងប្រព័ន្ធសន្តិសុខសង្គមដែលផុយស្រួយរបស់ប្រទេសនេះផងដែរ។
គណបក្សកណ្តាលនិយមរបស់លោក Macron បានយកជ័យជម្នះដោយងាយស្រួលទៅលើគណបក្សឆ្វេងនិងស្តាំនិយម ដែលបានដឹកនាំសភាជាតិអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
គណបក្សរណសិរ្សជាតិ (National Front) ស្តាំនិយមជ្រុលរបស់លោកស្រី Marine le Penដែលជាគូប្រជែងរបស់លោក Macron នៅក្នុងការបោះឆ្នោត ទំនងជានឹងទទួលបានអាសនៈតិចជាង១០នៅក្នុងសភា។
លោក Macron ដែលទើបតែចូលកាន់តំណែងជាប្រធានាធិបតីបានជាងមួយខែ បានទទួលការចាប់អារម្មណ៍លើឆាកអន្តរជាតិ ដោយបានលេងសើចជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងការចាប់ដៃ ហើយលោកបានរិះគន់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ខណៈដែលលោក Putin ឈរនៅជិតនោះ។ លោកក៏បានស្នើឲ្យមានសំណើថ្មីៗមួយចំនួនបន្ទាប់ពីអាមេរិកបានប្រកាសថា នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ផងដែរ៕