ប្រធានាធិបតី​បារាំង​​លោក Macron អំពាវ​នាវ​​ឲ្យ​មាន​​​ក្របខណ្ឌ​នៃ​​កិច្ចព្រមព្រៀង​សន្តិសុខ​​អឺរ៉ុប​ថ្មី​ជា​មួយ​អង្គការ​អូតង់​និង​រុស្ស៊ី

រូបឯកសារ៖ ប្រធានាធិបតី​បារាំង​លោកEmmanuel Macron ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មានក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​នៅ​អគារ​ក្រុមប្រឹក្សា​អឺរ៉ុប​​នៅ​ឯ​ស្នាក់ការ​កណ្តាល​សហភាព​អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុចសែល​កាលពី​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ (AFP)

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​និយាយកាលពី​ថ្ងៃពុធ​ថា អឺរ៉ុបចាំបាច់​បង្កើត​កិច្ចព្រមព្រៀង​សន្តិសុខរួមរបស់​ខ្លួន​ផ្ទាល់​និង​បំពាក់​អាវុធ​ឡើង​វិញ​នៅ​ចំពោះការ​ប្រ ឈមមុខ​នឹង​សកម្មភាពកងទ័ព​របស់​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

លោក​បាន​ថ្លែង​ប្រាប់​សភា​អឺរ៉ុបនៅ​ក្នុង​ទីក្រុង Strasbourg ភាគ​ខាង​កើត​ប្រទេស​បារាំង​ថា «សហភាព​អឺរ៉ុប ចាំបាច់​បង្កើត​ក្របខណ្ឌសន្តិសុខ​រួម​របស់​ខ្លួននៅ​លើ​ទ្វីប​របស់​យើង»។

លោក​បន្ថែម​ទៀត​ថា «សន្តិសុខ​នៅទ្វីបអឺរ៉ុប តម្រូវ​ឲ្យ​មាន​ការបំពាក់​អាវុធ​ជា​យុទ្ធសាស្ត្រ ​ឡើង​វិញ​ហើយ​នឹង​ការពិភាក្សា​ប្រកប​ដោយ​ភាពស្មោះត្រង់​និង​ជា​បន្ទុក​មួយជា​មួយ​រុស្ស៊ី​ដែលជា​ការតម្រូវ​ផង​ដែរ»។

ក្នុង​នាម​ជា​ជនជាតិ​អឺរ៉ុប យើង​ចាំបាច់​ធ្វើ​ការទាម​ទារ​រួម​របស់​យើង​ផ្ទាល់​ហើយ​ត្រូវ​ដាក់​ខ្លួន​របស់​យើងទៅ​ក្នុង​ស្ថានភាព​មួយដើម្បីអនុវត្ត​តម្រូវការ​នេះ»។

សហភាព​អឺរ៉ុប​ មិន​បាន​ចូល​រួម​ចរចារ​ដោយ​ផ្ទាល់ជាមួយរុស្សី​នោះ​ទេ​នៅ​ក្នុង​អំឡុង​ពេល​នៃ​សកម្មភាព​ការទូត​មួយ​សប្តាហ៍​កាល​ពី​សប្តាហ៍មុន​ដើម្បី​ព្យាយាមបន្ធូបន្ថយ​នូវ​ភាពតានតឹង​ ដែល​បណ្តាល​មកពី​ការសម្រេច​របស់​ប្រទេស​រុស្សី​ដើម្បី​ដាក់ពង្រាយ​កងទ័ព​រាប់ម៉ឺន​នាក់​នៅ​តាម​បណ្តោយ​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន។

កិច្ចការពារ​អឺរ៉ុប ត្រូវ​បាន​ធានា​ដ៏​សំខាន់​ដោយ​ក្រុម​សម្ព័ន្ធមិត្ត​យោធា​អង្គការ​អូតង់​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដែល​ក្នុង​នោះ​រដ្ឋ​ភាគ​ច្រើន​របស់​សហភាព​អឺរ៉ុបជា​សមាជិក។

លោក Macron បាន​និយាយ​ថា ក្របខណ្ឌ​សន្តិសុខថ្មី​មួយ​ត្រូវការ​ដាក់ស្នើ​ក្នុង«បី​បួន​សប្តាហ៍​ខាង​មុខ​ទៀត​នេះ» ក្នុង​អំឡុង​ពេល​ដែល​បារាំង​ធ្វើ​ជា​ប្រធាន​ប្តូរវេន​រយៈពេល​៦​ខែ​ម្តង​របស់ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប។

លោក​បាន​ប្រាប់​ក្រុម​សមាជិក​សភា​អឺរ៉ុប​ថា «យើង​ត្រូវបង្កើតក្រប​ខណ្ឌ​កិច្ច​ព្រមព្រៀង​នេះ​ឡើង​រវាង​យើង រវាង​អឺរ៉ុបចែករំលែក​វាជាមួយសម្ព័ន្ធមិត្ត​របស់​យើង​នៅ​ក្នុង​អង្គការ​អូតង់​ ហើយ​ស្នើ​ឲ្យមាន​ការចរចា​ជាមួយ​រុស្ស៊ី»៕