ពលរដ្ឋ​អ៊ុយក្រែន​នៅ​តំបន់​គ្រប់គ្រង​ដោយ​រុស្ស៊ី​ទទួល​បាន​ជំនួយ​មនុស្សធម៌​តិចតួច

  • Lisa Schlein

រូបឯកសារ៖ បុរស​ម្នាក់​ជិះ​កង់​នៅ​លើ​ផ្លូវ​ខាងមុខ​អាគារ​ដែល​កំពុង​ឆាបឆេះ និង​មាន​ផ្សែង​ហុយ បន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​រុស្សី​នៅ​ក្រុង Kharkiv នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២២។

ចាប់តាំង​ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន​ កាល​ពី​ ៦​ ខែ​មុន អង្គការ​សហប្រជាជាតិ និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​ឯកជន​នានា​ អាច​ផ្តល់​ជំនួយ​មនុស្សធម៌​ចាំបាច់​ទៅ​ដល់​មនុស្ស​ជាង ១២​ លាន​នាក់ ទោះ​បី​ជា​មាន​ហានិភ័យ​ផ្នែក​សន្តិសុខ​ក៏​ដោយ។ ក៏​ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នោះ នៅ​ភាគខាង​កើត​អ៊ុយក្រែន ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​រុស្ស៊ី ​មនុស្ស​តែ​ ១ ​លាន​នាក់តែ​ប៉ុណ្ណោះ​ បាន​ទទួល​ជំនួយ​ទាំង​នេះ។

មន្ត្រី​សម្របសម្រួល​ផ្នែក​ជំនួយ​មនុស្សធម៌​របស់អង្គការ​សហប្រជាជាតិ​ អ្នកស្រី Denise Brown និយាយ​ថា ទីភ្នាក់ងារ​ផ្តល់​ជំនួយ​មិនមាន​មធ្យោបាយ​ដែល​អាច​ឲ្យ​ពឹងផ្អែក​បាន​ ដើម្បី​ឆ្លង​កាត់​តំបន់​ប្រយុទ្ធ​ជួរមុខ និង​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ខ្វះខាត​ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ជា​ទូទៅ​ យើង​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្តល់​នូវ​ការ​ធានា​ផ្នែក​សន្តិសុខ ដែល​យើង​ត្រូវ​ការ​ពី​ភាគី​រុស្ស៊ី​ ដើម្បី​ឆ្លង​កាត់តំបន់​ប្រយុទ្ធ​នោះ​ទេ។ យើង​មាន​បុគ្គលិក​ប្រចាំ​ការ​នៅ​តំបន់​ទាំង​នោះ​ ហើយ​ពួកគេបញ្ជាក់​ថា មាន​តម្រូវ​ការ​ផ្នែក​ជំនួយ​មនុស្សធម៌​ច្រើន​ខ្លាំងណាស់»។

ថ្លែង​ពី​ក្រុង Kharkiv ដែល​ស្ថិត​នៅ​ចម្ងាយ​ ២០ ​គីឡូម៉ែត្រ​ពី​តំបន់​ប្រយុទ្ធ​ជួរ​មុខ អ្នកស្រី Brown លើក​ឡើង​ថា រដូវ​រងា​ដ៏​យូរ​និង​ដ៏​ត្រជាក់​ខ្លាំង​នៅ​អ៊ុយក្រែន នឹង​កៀក​មក​ដល់។ អ្នកស្រី​បន្ត​ថា អ្នកស្រី​ព្រួយបារម្ភ​ពី​ស្ថានភាពរស់​នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​ប្រយុទ្ធគ្នា​ជួរ​មុខ​ ដែល​នឹង​អាចដុនដាប​ជាង​នេះ។ អ្នកស្រី​និយាយ​ថា គោលដៅចម្បង​នៃ​ផែនការ​របស់​ អ.ស.ប ​សម្រាប់​រដូវ​រងា​នេះ គឺ​ស្វែងរក​វិធី​ដើម្បី​ផ្តល់​និង​ចែកចាយ​ជំនួយទៅ​ឲ្យ​សហគមន៍​នានា​នៅ​តំបន់​ដែល​ពិបាក​ទៅ​ដល់។

អ្នកស្រី​ថ្លែង​ថា៖ «យើង​នឹង​ត្រូវ​ធ្វើការងារ​ក្នុង​បែបផែន​ថ្មី​នៅ​ទី​នេះ។​ អ្វី​ដែល​ត្រូវ​ការ ហើយ​បើ​តាម​អាជ្ញាធរ​ដែល​ខ្ញុំ​បាន​ជួប​ក្នុង​រយៈពេល​ពីរបី​ថ្ងៃ​មក​នេះ បាន​ប្រាប់​ខ្ញុំ​សាជាថ្មី​ថា ពលរដ្ឋ​ត្រូវ​ការ​ជំនួយ​ជួសជុល​បង្អួច។ ពួកគេ​ត្រូវ​ជួសជុល​ទ្វារ​ជាដើម។ ពួកគេ​ត្រូវ​ការ​ប្រព័ន្ធ​កម្តៅ​រួម​និង​សេវាកម្ម​ផ្សេងៗ​ទៀត។ មាន​ពលរដ្ឋ​ចាស់ជរា​ជា​ច្រើន​នាក់​រស់នៅ​តាមតំបន់​ជនបទ។​ ហើយ​យើង​កំពុង​ពិនិត្យ​មើល​លទ្ធភាព​ថា តើ​យើង​អាច​ធ្វើការ​ជាមួយ​នឹង​អង្គការ​ស្ម័គ្រចិត្ត​តូចៗ​ដទៃ​ទៀត ដើម្បី​ធានា​ថា ពួកគេ​ទាំង​នេះ​ទទួល​បាន​ការ​ត្រួត​ពិនិត្យ​អំឡុងពេល​រដូវ​រងា​ឬ​យ៉ាងណា»។

​អ្នកស្រី​ Denis Brown មន្ត្រី​សម្របសម្រួល​ផ្នែក​ជំនួយ​មនុស្សធម៌​របស់អង្គការ​សហប្រជាជាតិ បញ្ជាក់​បន្ថែម​ថា ការ​ចរចា​ជាមួយ​នឹង​អាជ្ញាធរ​រុស្ស៊ី​ដើម្បី​អាច​ចូល​ក្នុង​តំបន់​ទាំង​នោះ​ ជា​ការងារ​របស់​អ្នកស្រី មិនមែន​បុគ្គលិក​ អ.ស.ប ដែលកំពុង​ធ្វើការ​នៅ​កន្លែង​ផ្ទាល់​នោះ​ទេ។ ក៏​ប៉ុន្តែ​អ្នកស្រី​និយាយ​ថា បុគ្គលិក​បម្រើ​ការងារ​ក៏​បាន​ផ្តល់​ជា​ការពារ​មួយ​ផង​ដែរ នៅ​ពេល​ពួកគេ​មាន​វត្តមាន​នៅ​តាម​តំបន់​ប្រយុទ្ធ​ជួរមុខ។​ អ្នកស្រីឲ្យ​ដឹង​ទៀតថា ពួកគេ​អាច​តាមដាន ស្ថានភាព និង​ជូនដំណឹង​ដល់ ​អ.ស.ប ​ពី​សុខមាលភាព​ និង​តម្រូវការ​របស់​ពលរដ្ឋ​ទាំង​នោះ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្ត្របញ្ញា