ការទាក់ទិនរបស់ប្រទេសរុស្ស៊ីក្នុងវិបត្តិប្រទេសអ៊ុយក្រែន ការកាន់កាប់ដែនដីគ្រីម៉េកាលពីឆ្នាំទៅមិញនិងសមយុទ្ធយោធារុស្ស៊ីនៅជិតព្រំដែននៃបណ្តាប្រទេសសមាជិកនៃអង្គការអូតង់ជាបញ្ហានាំឲ្យមានកង្វល់យ៉ាងខ្លាំងសម្រាប់ប្រទេសក្នុងតំបន់សមុទ្រ Baltic គឺប្រទេសលីទុយអានី (Lithuania) ឡាតវី (Latvia) និងប្រទេសអេស្តូនី (Estonia)។
កាលពីថ្ងៃអង្គារ ប្រទេសលីទុយអានី (Lithuania) បាននិយាយថា ខ្លួននឹងដាក់ឲ្យមានទ្បើងវិញនូវការកេណ្ឌទាហានមានកម្រិតនៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះ ដែលជាវិធានការប្រុងប្រយ័ត្នមួយ។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រធានាធិបតីដែលបានត្រូវចេញផ្សាយនៅក្រោយការប្រជុំគ្រាមានអាសន្នមួយនៃក្រុមប្រឹក្សាការពាររដ្ឋបានចែងថា«ស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នតម្រូវឲ្យយើងពង្រឹងនិងពន្លឿនការកេណ្ឌទាហាន»។ សេចក្តីថ្លែងការណ៍នេះក៏បាននិយាយដែរថា«ការគំរាមកំហែងដល់សន្តិសុខរបស់រដ្ឋ»តម្រូវឲ្យមាន«ការពង្រឹងសមត្ថភាពខាងការការពារប្រទេសថែមទៀត»។
ការកេណ្ឌទាហាននេះ ដែលអាចធ្វើឡើងជាថ្មីសម្រាប់រយៈពេលប្រាំឆ្នាំ តម្រូវឲ្យមានការយល់ព្រមពីសភានៃប្រទេសលីទុយអានី (Lithuania)។
ចាប់តាំងពីខែកញ្ញាទៅ បុរសប្រមាណបីពាន់នាក់មានអាយុចាប់ពី១៩ដល់២៧ឆ្នាំនឹងត្រូវកេណ្ឌឲ្យធ្វើជាទាហាននិងបម្រើកងទ័ព៩ខែ៕