Your browser doesn’t support HTML5
លោកថ្លែងថា៖ «អញ្ចឹងព្រះបាទ នរោត្តម សីហនុ ហ្នឹង លោកបានទុក(ឲ្យរួច)ហើយ។ ហើយ លោកបានទាមទារឯករាជ្យមកវិញ ផ្សះផ្សាខ្មែរហ្នឹង ពីព្រោះលោកដឹងថា ខ្មែរបែកបាក់គ្នាហ្នឹងគឺមានតែបេ៥២ទម្លាក់ មានតែត្បូងចបវ៉ៃក្បាលខ្មែរ មានតែសម្រក់ទឹកភ្នែក សម្រែកបាត់កូនបាត់ឪពុក។ នេះហើយដែលយើងឃើញទាំងអស់គ្នា»។
លោកថ្លែងយ៉ាងដូច្នេះ គឺយោងទៅលើសង្រ្គាមព្រាត់ប្រាស់ពីអតីតកាល និងការ កាប់សម្លាប់សម័យខ្មែរក្រហមជាដើម ពេលភាគីខ្មែរមិនត្រូវគ្នា។
មេដឹកនាំគណបក្ស សម រង្ស៉ី ដែលជាគណបក្សជំទាស់ដ៏ធំជាងគេក្នុងប្រទេសកម្ពុជាកំពុងនិរទេសខ្លួននៅក្រៅប្រទេសដោយសារតុលាការបានកាត់ទោសឲ្យជាប់គុកជាង១០ឆ្នាំទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធការធ្វើសំណើទៅកាន់ ព្រះមហាក្សត្រដើម្បីលើកលែងទោសដល់លោក សម រង្ស៉ី ដោយអះអាងថាជា បញ្ហាតុលាការ។ លោក សម រង្ស៉ី បានព្រមានឲ្យដឹងជាច្រើនលើកថា កម្ពុជានឹង មានបញ្ហាវិបត្តិសង្គមប្រសិនបើលោកមិនអាចចូលរួមបោះឆ្នោតបាន។
វាគ្មិនម្នាក់ទៀត គឺលោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យដែលអំពាវនាវឲ្យមាន ការបង្រួមបង្រួមរវាងអ្នកនយោបាយខ្មែរ បានអះអាងថា ប្រជាធិបតេយ្យដែល ប្រជាពលរដ្ឋផ្តល់អំណាចជូនតាមរយៈការបោះឆ្នោតគួរតែជាវិធីល្អ។
លោកស្រីថ្លែងប្រាប់វីអូអេថា៖ «ម្ល៉ោះហើយ ខ្ញុំយល់ឃើញថានៅក្នុងពេលប្រទេសកម្ពុជាកំពុងកាន់ទុក្ខព្រះមហាវីរក្សត្រហ្នឹង ពេលហ្នឹងអាចបន្ទន់ចិត្តអ្នកដឹកនាំនយោបាយ។ សម្តេច នាយករដ្ឋមន្ត្រី លោកមានការពិចារណា លោកមានសេចក្តីយោគយល់អនុគ្រោះដូចថា ដើរតាមគន្លងរបស់ព្រះ
មហាវីរក្សត្រដូចថា លោកចង់ឃើញឲ្យប្រទេសខ្មែរមានការរួមរួមគ្នាឲ្យប្រទេសខ្មែរមានឯកភាពជាតិនឹងគ្នា ដើម្បីដោះស្រាយបញ្ហាជាតិរួមគ្នា។ ម្ល៉ោះហើយខ្ញុំគ្រាន់តែថា សង្ឃឹមថាការដែលបាត់បង់ ព្រះមហាវីរក្សត្រហ្នឹងជួយជាកត្តាមួយដើម្បីជំរុញឲ្យអ្នកដឹកនាំយើងទាំងអស់លោកមានចិត្តសន្តោស អនុគ្រោះគ្នាទៅវិញទៅមក ហើយយើងឈានទៅកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានជាវិជ្ជមាន»៕
តើអ្នកគិតថាស្ថានភាពនយោបាយកម្ពុជានឹងទៅជាយ៉ាងណាដែរក្រោយការចូលទីវង្គតរបស់ព្រះបាទ នរោត្តម សីហនុ?