ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រាវជ្រាវ​បរទេស​ពិនិត្យ​​មើល​កេរដំណែល​របស់​អតីត​ព្រះមហាក្សត្រ​


សិស្សានុសិស្ស​ខ្មែរ​កាន់​បដា​រូប​គំនូរ​អតីត​ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហនុ និង​ព្រះរាជបុត្រ​ គឺ​ព្រះបាទ​នរោត្តម សីហមុនី ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យជាតិ ក្នុង​ឆ្នាំ​២០១១។
សិស្សានុសិស្ស​ខ្មែរ​កាន់​បដា​រូប​គំនូរ​អតីត​ព្រះមហាក្សត្រ​ខ្មែរ នរោត្តម សីហនុ និង​ព្រះរាជបុត្រ​ គឺ​ព្រះបាទ​នរោត្តម សីហមុនី ក្នុង​ឱកាស​ពិធី​បុណ្យ​ឯករាជ្យជាតិ ក្នុង​ឆ្នាំ​២០១១។
វ៉ាស៊ីនតោន៖ នៅ​ក្រោយ​ការ​យាង​ចូល​ទីវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ សម្តេច​ព្រះ​ នរោត្តម សីហនុ កាល​ពី​ព្រលឹម​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ អ្នក​ស្រាវជ្រាវ​បរទេស​ដែល​បាន​ចងក្រង​ប្រវត្តិ​របស់​ព្រះអង្គ​ជា​យូរ​មក​ហើយ ​មាន​ប្រតិកម្ម​ប្រហាក់​ប្រហែល​គ្នា​អំពី​មរតក​នយោបាយ​និង​ប្រវត្តិសាស្ត្រ​របស់​តួ​អង្គ​នយោបាយ​ខ្មែរ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នេះ។

សម្តេច​ នរោត្តម សីហនុ បាន​ឡើង​គ្រងរាជ្យ​នៅ​ព្រះជន្មាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តួអង្គ​ដ៏​សំខាន់​បំផុត​មួយ​រូប​នៅ​ក្នុង​ប្រវត្តិ​នយោបាយ​ដ៏​ច្របូកច្របល់​របស់​ប្រទេស​កម្ពុជា​អស់​ជា​ច្រើន​ទសវត្ស។ បើ​តាម​អ្នក​ដែល​បាន​តាមដាន​ប្រវត្តិ​របស់​ព្រះអង្គ​និយាយ​ថា មរតក​សំខាន់​បំផុត​របស់​ព្រះអង្គ​ គឺ​មាន​នៅ​រយៈពេល​ដំបូងៗ​នៃ​ការ​កាន់​អំណាច​របស់​ព្រះ​អង្គ ក៏​ដូច​ជា​តួនាទី​ដ៏​សំខាន់​ជា​និមិត្តរូប​នៃ​ឯកភាពជាតិ​នៅ​ក្នុង​ពេល​មាន​វិបត្តិ​នយោបាយ​ជា​បន្តបន្ទាប់។

លោក Julio Jeldres អ្នក​ចងក្រង​ជីវប្រវត្តិ​ផ្លូវការ​របស់​ព្រះ​បាទ​ នរោត្តម សីហនុ និយាយ​ថា ព្រះអង្គ​បាន​កសាង​រដ្ឋ​ទំនើប​មួយ​ចេញ​ពី​អតីត​រាជាណាចក្រ​បែប​សក្តិភូមិ។ ប៉ុន្តែ​មរតក​សំខាន់​បំផុត​របស់​ព្រះអង្គ​ គឺ​ការ​ទាមទារ​ឯករាជ្យ​ជូន​ប្រទេស​កម្ពុជា ​ចេញ​ពី​អាណានិគម​របស់​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៣។

លោក​ Jeldres ពន្យល់​ថា៖ «ព្រះអង្គ​ជា​និមិត្តរូប​នៃ​ឯករាជ្យជាតិ​ និង​ឯកភាព​ជាតិ​ខ្មែរ។ ព្រះអង្គ​បាន​រក្សា​ប្រទេស​ជាតិ​ឲ្យ​មាន​សន្តិភាព​ ខណៈ​ដែល​សង្គ្រាម​វៀតណាម​បាន​ឆាបឆេះ​នៅ​ជាប់​ព្រំដែន​គ្នា​នោះ។»

សមេ្តច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ បាន​សោយទីវង្គត​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ច័ន្ទ​ទី​១៥ ខែ​តុលា​ ដើម​សប្តាហ៍​នេះ​ ដោយ​រោគាពាធ​ នៅ​ក្នុង​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន ដែល​នៅ​ទី​នោះ​ព្រះអង្គ​បាន​សម្រាក​ព្យាបាល​ព្រះរោគ​អស់​ជា​ច្រើន​ឆ្នាំមក​ហើយ។ នៅ​មុន​ការ​បាត់​ខ្លួន​បន្តិច​ម្តងៗ​ពី​ឆាក​នយោបាយ​ជាតិ​ដោយ​សារ​រោគាពាធ សមេ្តច​ នរោត្តម សីហនុ​ ធ្លាប់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ការ​វិវត្តិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក David Chandler អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Melbourne ប្រទេស​អូស្ត្រាលី ដែល​បាន​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា ​និយាយ​ថា​ ក្នុង​អាជីព​នយោបាយ​របស់​ព្រះអង្គ សមេ្តច​ សីហនុ​ បាន​កាន់កាប់​ស្ទើរ​ទាំង​ស្រុង​នូវ​កិច្ចការ​នយោបាយ​របស់​ប្រទេស​កម្ពុជា។ លោក​ថា ជា​សរុប គុណសម្បត្តិ​របស់​ព្រះអង្គ​មាន​ច្រើន​ជាង​គុណវិបត្តិ។

អ្នក​ប្រវត្តិសាស្ត្រ​ជាតិ​អាមេរិកាំង​រូប​នេះ យល់​ស្រប​ជាមួយ​លោក Julio Jeldres ថា​ស្នាដៃ​ដ៏​សំខាន់​របស់​ព្រះអង្គ​គឺ​ការ​កសាង​ប្រទេស​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ នៅ​ក្នុង​ទសវត្ស​ភ្លាមៗ​ក្រោយ​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង។ ក្នុង​នោះ អ្នក​ស្រាវជ្រាវ​ទាំង​ពីរ​កត់​សម្គាល់​ឃើញ​គុណសម្បត្តិ​ពិសេស​មួយ​ចំនួន​របស់​សម្តេច​សីហនុ ​ដែល​គេ​កម្រ​ឃើញ​ចំពោះ​អ្នក​ដឹកនាំ​ខ្មែរ គឺ​ការ​ជិតដឹត​នឹង​ប្រជារាស្ត្រ​សាមញ្ញ ​ថ្វី​បើ​ព្រះអង្គ​ជា​ខ្សែ​រាជវង្ស​ក្តី ក៏​ដូច​ជា​លក្ខណៈ​ស្អាត​ស្អំ​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក David Chandler ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ព្រះអង្គ​យល់​ថា​ លោក​ទទួល​មរតក​ជា​អ្នក​តំណាង​ឲ្យ​ប្រជាជាតិ​ខ្មែរ។ លោក​ផ្សំ​គំនិត​នេះ​ជាមួយ​នឹង​សេចក្តី​សឡាញ់​ដោយ​ស្មោះ​ចំពោះ​ប្រជារាស្ត្រ​សាមញ្ញ ដែល​ទាំង​នេះ​ជា​លក្ខណៈ​សម្បត្តិ​កម្រ​មាន​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ខ្មែរ ដែល​ជា​ទូទៅ​មាន​លក្ខណៈ​ផ្តាច់ការ​និង​មិន​ចូល​ចិត្ត​រាស្ត្រ​សាមញ្ញ។»

ម៉្យាង​ទៀត​ អ្នក​ស្រាវជ្រាវ​យល់​ថា ព្រះអង្គ​ក៏​គួរ​ត្រូវ​គេ​សរសើរ​ពី​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​បញ្ជៀស​មួយ​រយៈ​ មិន​ឲ្យ​សង្គ្រាម​វៀតណាម​រាលដាល​ចូល​ដល់​ប្រទេស​កម្ពុជា។

«ខ្ញុំ​គិត​ថា​វិភាគទាន​ដ៏​ធំ​បំផុត​របស់​ព្រះអង្គ​គឺ​ការ​បញ្ជៀស​ប្រទេស​កម្ពុជា​មិន​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ឲ្យ​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដោយ​ព្រះអង្គ​ដើរ​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​លំបាក​មួយ​ដែល​រក្សា​ប្រទេស​ឲ្យ​នៅ​អព្យាក្រឹត្យ។»

ប៉ុន្តែ​ការ​ជាប់​ទាក់ទង​នឹង​នយោបាយ​ខ្លាំង​ពេក​ក្នុង​ស្ថានភាព​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​នៃ​នយោបាយ​ពិភពលោក បាន​ធ្វើ​ឲ្យ​ល្អក់​កករ​ខ្លះ​ដល់​មរតក​ព្រះអង្គ។
មរតក​លំបាក​ជាង​គេ​របស់​សម្តេច​ នរោត្តម សីហនុ គឺ​ការ​ជាប់​ទាក់ទង​របស់​ព្រះអង្គ​ជាមួយ​នឹង​ចលនា​ខ្មែរ​ក្រហម​ក្នុង​អំឡុង​ប្រវត្តិ​សង្គ្រាម​នៅ​កម្ពុជា។ ការ​សោយ​ទីវង្គត​របស់​ព្រះអង្គ​ កើត​មាន​ឡើង​ខណៈ​ដែល​ក្រុម​មេដឹកនាំ​ខ្មែរ​ក្រហម​កំពុង​ប្រឈម​នឹង​ការ​កាត់​ទោស ចំពោះ​តួនាទី​ខ្លួន​ក្នុង​របប​ប្រល័យពូជសាសន៍​មួយ​ដែល​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​១.៧​លាន​នាក់។

លោក David Chandler និយាយ​ថា​ មនុស្ស​ជា​ច្រើន​យល់​ថា​ កំហុស​ធំ​បំផុត​របស់​សមេ្តច​សីហនុ គឺ​ការ​ដែល​ព្រះ​អង្គ​ចង​សម្ព័ន្ធ​ជាមួយ​ក្រុម​ខ្មែរ​ក្រហម ថ្វី​បើ​ព្រះអង្គ​មិន​បាន​ដឹង​ជា​មុន​ពី​គម្រោង​នានា​របស់​ខ្មែរក្រហម ហើយ​បាន​រងគ្រោះ​ដោយ​ផ្ទាល់​ និង​បាន​ភ្ញាក់រន្ធត់​ចំពោះ​អំពើ​ឃោរឃៅ​នៅ​ពេល​ខ្មែរ​ក្រហម​កាន់កាប់​ប្រទេស។

លោក​ពន្យល់​ថា៖ «ប៉ុន្តែ​ជា​ការណ៍​ពិត ព្រះអង្គ​បាន​ចង​សម្ព័ន្ធ​ជាមួយ​ខ្មែរ​ក្រហម​ក្នុង​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០​ដល់​១៩៧៥។ វា​ប្រហែល​ជា​កំហុស​មួយ​ ក្នុង​ន័យ​ថា ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ ទាំង​ព្រះអង្គ​ផ្ទាល់​ព្រះអង្គ​ យល់​ថា ​ព្រះអង្គ​អាច​នឹង​មាន​តួនាទី​សំខាន់​នៅ​ក្រោយ​ពេល​ចប់​សង្គ្រាម​ស៊ីវិល​ចប់​ទៅ។ ព្រះអង្គ​មាន​ការ​យល់​ច្រឡំ​ជា​ខ្លាំង​ចំពោះ​រឿង​នេះ។»

ទោះ​យ៉ាង​នេះ​ក្តី លោក​ Chandler និយាយ​ថា នៅ​ក្រោយ​សម័យ​សង្គ្រាម​ស៊ីវិល សម្តេច​នរោត្តម សីហនុ​ បានបន្ត​រួម​ចំណែក​ដល់​វិស័យ​នយោបាយ​ជាតិ​ជា​បន្ត​ទៀត រួម​ទាំង​ការ​អនុញ្ញាត​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ មាន​វត្តមាន​ដោយ​សេរីនៅ​ប្រទេស​កម្ពុជា ខណៈ​ដែល​អង្គការ​ទាំង​នេះ​មិន​អាច​មាន​វត្តមាន​នៅ​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន៕

តើអ្នកយល់យ៉ាងណាដែរចំពោះមរកតបន្សល់ទុកដោយអតីតព្រះមហាក្សត្រ​ សម្តេច នរោត្តម សីហនុ ចំពោះ​ប្រទេស​កម្ពុជា?

វីដេអូថ្មីៗបំផុត

XS
SM
MD
LG