សមាជិកក្រុមប្រឹក្សារបស់អង្គការសម្ព័ន្ធប្រជាពលរដ្ឋអាមេរិកឡាទីន ហៅកាត់ថា LULAC បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោក Roger Rocha នាយករបស់អង្គការនេះរងការរិះគន់ពីការសរសេរលិខិតទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ ដោយគាំទ្រគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោក ត្រាំ។
នៅក្នុងលិខិតរបស់លោក Rocha ទៅកាន់លោកប្រធានាធិបតី លោក Rocha បានសរសេរថា៖ «៤ចំណុចដែលលោកប្រធានាធិបតីបានដាក់ចេញមានដូចជា សន្តិសុខព្រំដែន ច្បាប់ DACA ការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងការលុបចោលកម្មវិធីឆ្នោតផ្សងសំណាងទៅរស់នៅសហរដ្ឋអាមេរិក គឺជាចំណុចដែលអង្គការ LULAC អាចជួយគាំទ្រ ប្រសិនបើចំណុចទាំងនោះស្ថិតនៅក្នុងសេចក្តីព្រៀងច្បាប់របស់លោកនៅឡើយ»។
លោក Dave Rodriguez ប្រធានអង្គការ LULAC ប្រចាំរដ្ឋ California និងជាសមាជិកនៃក្រុមប្រឹក្សាជាតិបានថ្លែងថា សមាជិកទាំងអស់មានការខឹងសម្បានឹងលិខិតរបស់លោក Rocha និងកំពុងដាក់សម្ពាធឲ្យលោកលាលែងចេញពីតំណែង។
លោក Rodriguez បានថ្លែងថា៖ «អង្គការ LULAC ក្នុងរដ្ឋ California កំពុងអំពាវនាវឲ្យនាយករបស់យើងលាលែងចេញពីតំណែងជាបន្ទាន់។ យើងចាំបាច់ត្រូវតែបញ្ឈប់គ្រោះថ្នាក់នានាដែលបង្កឡើងដោយហេតុការណ៍នេះ»។
លោក Rocha បន្ទាប់មកបានដកការគាំទ្ររបស់លោកវិញ បន្ទាប់ពីប្រតិកម្មយ៉ាងខ្លាំងពីសមាជិកនៃអង្គការ LULAC ក្នុងរដ្ឋ Texa New Mexico និងរដ្ឋ California។ លោកបានថ្លែងថា លោកសរសេរលិខិតនេះតាមការស្នើរបស់រដ្ឋបាលលោក ត្រាំ។ លោកបានបន្ថែមថា លោកបានចរចាជាមួយក្រុមមន្ត្រីរបស់រដ្ឋបាលលោក ត្រាំ អំពីសំណើអន្តោប្រវេសន៍នេះ៕