ក្រុមមេធាវីការពារក្តីអតីតមេដឹកនាំខ្មែរក្រហមនួន ជាបានស្នើឲ្យតុលាការកំពូល សើរើការដាក់ទោសលើកូនក្តីរបស់ខ្លួន។ ការទាមទារនេះគឺផ្អែកទៅលើភស្តុតាងថ្មីដែលបញ្ជាក់ថា នួន ជាមិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់នៅទួលពោធិជ្រៃទេ។
ក្រុមមេធាវីអតីតមេដឹកនាំខ្មែរក្រហមនួន ជាបានថ្លែងថា ខ្លួនបានរកឃើញ ភស្តុតាងថ្មីដើម្បីបញ្ជាក់ថា កូនក្តីរបស់ខ្លួនគ្មានពាក់ព័ន្ធនឹងការសម្លាប់នៅទួល ពោធិជ្រៃ ដូចការកាត់ទោសរបស់តុលាការខ្មែរក្រហមថ្មីៗទេ ហើយបានស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលសើរើការកាត់ទោសនេះឡើងវិញ។
ការស្នើសុំឲ្យមានការសើរើទោសទណ្ឌនេះធ្វើឡើងក្រោយពីលោកថេត សម្បត្តិ អ្នកសារព័ត៌មានខ្មែរដែលបានទទួលអាហាររូបករណ៍មកសិក្សាស្រាវជ្រាវនៅ សាកលវិទ្យាល័យ ហាវឺត (Harvard) ស.រ.អា. និងជាសហផលិតករខ្សែភាពយន្តសត្រូវប្រជាជន (Enemies of The People) បានផ្តល់កិច្ច សម្ភាសន៍ជាមួយវីអូអេខេមរភាសា។ ជាសង្ខេប លោកថេត សម្បត្តិបានអះអាងបានប្រាប់វីអូអេថា នួន ជា និងខៀវ សំផនគ្មានទាក់ទិននឹងការសម្លាប់ពលរដ្ឋខ្មែរនៅទួលពោធិជ្រៃ ខេត្តពោធិសាត់ទេ។ រឿងនោះគឺមានក្រុមអ្នកដែលប៉ះបោរប្រឆាំងនឹងប៉ុល ពត និងនួន ជាជាអ្នកធ្វើ ហើយលោកថា អ្នកដឹងរឿងរ៉ាវអស់នោះនៅមានជីវិតរស់នៅឡើយ។
ការអះអាងរបស់លោកថេត សម្បត្តិយ៉ាងដូច្នេះធ្វើឡើងក្រោយពេលដែលមេដឹកនាំខ្មែរក្រហមពីរនាក់គឺនួន ជា និងខៀវ សំផនត្រូវតុលាការសាលាដំបូងបានដាក់ទោសឲ្យជាប់គុកអស់មួយជីវិតពីបទជម្លៀសពលរដ្ឋដោយបង្ខំនិងការសម្លាប់នៅទួលពោធិជ្រៃអស់១ម៉ឺននាក់ ដែលមួយភាគធំជាទាហានរបបសារធារណរដ្ឋខ្មែរ។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទកាលពីថ្ងៃពុធ លោកវីកទ័រ កូប៉េ (Victor Koppe) សហមេធាវីអន្តរជាតិការពារក្តីនួន ជាបានស្នើសុំដល់តុលាការកំពូលឲ្យបើកសវនាការឡើងវិញ ដោយសារភស្តុតាងថ្មីនេះ។
«តាមហេតុផលនេះ យើងបានដាក់សំណើមួយកាលពីពីរថ្ងៃមុនទៅកាន់អង្គជំនុំ ជម្រះតុលាការកំពូលដើម្បីផ្តល់ភស្តុតាងថ្មីគឺភស្តុតាងថ្មីមកពីអ្នកកាសែតកម្ពុជាម្នាក់គឺលោកថេត សម្បត្តិ ដែលបានផ្តល់បទសម្ភាសន៍ជាមួយវីអូអេភាសាខ្មែរ ហើយនេះជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ថ្មី ដែលយើងបានផ្តល់ជូនអង្គជំនុំជម្រះតុលាការកំពូលហើយ»។
លោកបានថ្លែងថា ការផ្តល់សក្ខីកម្មបំភ្លឺរបស់លោកថេត សម្បត្តិជាមួយនឹង ភស្តុតាង និងសាក្សីដែលលោកមាន ពិតជាមានផលប្រយោជន៍ដល់កូនក្តីរបស់ លោក ទោះជារឿងនេះលោកថេត សម្បត្តិបាននិយាយក្រោយពេលការកាត់ក្តីមែន។
«ជាការណ៍ពិត យើងនឹងសុំឲ្យអង្គជំនុំជម្រះតុលាការកំពូលធ្វើមោឃភាពនិង ប្រកាសថា លោកនួន ជាគ្មានទោស ពីអ្វីដែលបានកើតឡើង ហើយនឹងពីអ្វីដែលគេចោទថា ជាការទទួលខុសត្រូវរបស់គាត់នៅទួលពោធិជ្រៃ។ យើងគិតថា នេះមិនមែនជារឿងទទួលខុសត្រូវរបស់នួន ជាទេ ចំពោះហេតុផលច្បាប់ព្រហ្មទណ្ឌ។ ហើយសង្ឃឹមថា អង្គជំនុំជម្រះតុលាការកំពូលនឹងធ្វើតាមការស្នើសុំ របស់យើងអំពីរឿងនេះ»។
លោកបានបន្តថា ការទទួលខុសត្រូវគឺជាក្រុមប៉ះបោរប្រឆាំងគ្នាផ្ទៃក្នុងនៃមេដឹក នាំខ្មែរក្រហមផ្សេងៗគ្នា។ លោកកូប៉េបានបន្ថែមថា៖
«អ្នកទទួលខុសត្រូវពីអ្វីដែលបានកើតឡើងនៅទួលពោធិជ្រៃនោះគឺក្រុមដែល ស្ថិតក្រោមការដឹកនាំរបស់រស់ ញឹម និងសោ ភឹម។ ហើយពួកគេគឺជាអ្នកពាក់ព័ន្ធក្នុងការកាប់សម្លាប់គឺពិតជាមិនមែន នួន ជា និងពិតជាមិនមែនខៀវ សំផនក៏ទេដែរ»។
បើតាមការអះអាងរបស់លោកថេត សម្បត្តិឲ្យដឹងថា ក្រុមប៉ះបោរដែលមានតួនាទី ជាគណៈតំបន់ និងភូមិភាគទាំងនោះត្រូវប៉ុល ពតបញ្ជាឲ្យយកទៅសម្លាប់ចោលអស់ហើយ។ តែលោកមិនបានប្រាប់អត្តសញ្ញាណចំពោះអ្នកដឹងរឿងរ៉ាវនៅទួលពោធិជ្រៃដែលកំពុងរស់រានមានជីវិតនោះទេ។
គេមិនដឹងទេ ថាតើតុលាការកំពូលនឹងចាត់ការយ៉ាងណាទេចំពោះការស្នើសុំឲ្យ មានការបើកសវនាការ និងកោះហៅលោកថេត សម្បត្តិដើម្បីបំភ្លឺអំពីរឿងឧក្រិដ្ឋ កម្មទួលពោធិជ្រៃនេះ។
លោកឡា អូល សិន (Lars Olsen) មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានអះអាងថា បញ្ហានេះអង្គជំនុំជម្រះតុលាការកំពូលនឹងត្រួតពិនិត្យមើល ហើយសម្រេចអំពីរឿងនេះ។
ក៏ប៉ុន្តែថ្លែងប្រាប់វីអូអេកាលពីថ្ងៃពុធ លោកថេត សម្បត្តិមិនបានបញ្ជាក់ថា លោកទៅកាន់តុលាការទេ ទោះជាមានការស្នើសុំពីតុលាការក្តី។
«ខ្ញុំនឹងពិចារណា។ អ្វីក៏ដោយឲ្យតែឃើញយុត្តិធម៌មែន មិនមែនចំពោះតែនួន ជា ទេ សូម្បីតែជនរងគ្រោះក៏ខ្ញុំនឹងគួរតែធ្វើ(សក្ខីកម្ម)ដែរ ឲ្យតែថា ជាយុត្តិធម៌ពិត ប្រាកដ។ កុំឲ្យតែថា ដើម្បីតែទួលពោធិជ្រៃតែមួយ វាមិនទូលំទូលាយប៉ុន្មាន ទេបាទ។ ត្រូវការយុត្តិធម៌នេះគ្រប់ទាំងអស់ ទាំងករណីចោទប្រកាន់យើងឃើញ ហើយករណីចោទប្រកាន់នេះគឺមានច្រើនករណីណាស់»។
លោកថេត សម្បត្តិបានអះអាងថា ពេលនោះលោកត្រូវការពារប្រភពរបស់លោក និងគោរពតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន។ លោកបានសម្តែងការមិនពេញចិត្តនឹង ការផ្តល់យុត្តិធម៌មិនទូលំទូលាយ ដែលមិនបានបង្ហាញការណ៍ពិត ឬក៏មិនបានហៅមន្ត្រីរដ្ឋាភិបាល ប្រទេសដែលពាក់ព័ន្ធនឹងរបបខ្មែរក្រហមមកសួរនាំដើម្បីបង្ហាញការណ៍ពិត តែផ្ទុយទៅវិញតុលាការបានកំណត់ដែនយុត្តិធម៌ ដែលលោកថា សាលក្រម និងបទចោទនានាគួរត្រូវស៊ើរើ មិនត្រឹមតែរឿងរ៉ាវនៅទួលពោធិជ្រៃទេ។
«មិនចំពោះតែទួលពោធិជ្រៃទេ សាលក្រមត្រូវតែសើរើឡើងវិញ ស៊ើបឲ្យច្បាស់ទៅរកការណ៍ពិត។ មិនខ្វះទេ ឲ្យតែតុលាការយុត្តិធម៌។ តែខ្ញុំឃើញថា តុលាការមិនយុត្តិធម៌។ វាមានរួចទៅហើយតាំងពីមិនទាន់កាត់ក្តីឯណោះ ព្រោះក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជាហើយនឹងខាងអ.ស.ប.បានកំណត់យុត្តិធម៌រួចបាត់ទៅហើយ។ កំណត់ថា នរណាត្រូវហៅមកកាត់ទោស ហើយប្រទេសណាអត់ត្រូវហៅមក»។
លោកថេត សម្បត្តិបានអះអាងបន្តថាការកាត់ទោសគឺដាក់ទោសភាគីម្ខាង ហើយភាគីម្ខាងទៀតដែលលោករកឃើញថា មានជាប់ជាប់ពាក់ព័ន្ធនឹងការ សម្លាប់រង្គាលដែរនោះត្រូវរួចខ្លួន គ្មានការទទួលខុសត្រូវអ្វីទាំងអស់។
«ខ្ញុំនិយាយនេះជាឧទាហរណ៍ទេ។ គេបង្កើតតុលាការហើយកាត់ទោសភាគីម្ខាងទៀតទៅ។ ដូចថា ក្នុងរបបហ្នឹងវាមានហើយ រឿងការកាប់សម្លាប់ មិនមែនថាប៉ុល ពតហ្នឹងស្អាតស្អំទេ តែកម្រិតណាដែលប៉ុល ពតត្រូវទទួលខុសត្រូវ ហើយកម្រិតណាដែលភាគីម្ខាងទៀតត្រូវទទួលខុសត្រូវ ជាពិសេសគឺភាគីដែលប្រឆាំងប៉ុល ពតនោះ ដែលត្រូវមានការទទួលខុសត្រូវចំពោះការស្លាប់ប្រជាជន ដែលខ្ញុំអាចនិយាយថា ត្រូវទទួលខុសត្រូវច្រើនធ្ងន់ជាងប៉ុល ពតទៀត»។
ជាមួយនឹងការអះអាងថា គ្មានយុត្តិធម៌ ក្រុមមេធាវីការពារក្តីនួន ជាបានចាត់ទុក ថា រឿងឧក្រិដ្ឋកម្មទួលពោធិជ្រៃគឺមិនផ្អែកលើភស្តុតាងដែលមានទម្ងន់ទេ ដោយ គ្រាន់តែយោងថា របបខ្មែរក្រហមបានបង្កើតគោលនយោបាយកាប់សម្លាប់តែ ប៉ុណ្ណោះ ដែលរឿងនេះជាមូលដ្ឋាននៃការដាក់ទោសទណ្ឌប្រឆាំងនឹងនួន ជា និង ខៀវ សំផននោះ។
តែបើតាមការអះអាងរបស់លោកភីធ័រ ម៉ាខ្វៃអ័រ (Peter Maguire) សាស្ត្រាចារ្យ ផ្នែកច្បាប់នៃសាកលវិទ្យាល័យអាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅខ្មែរក្រហម ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា(Facing Death in Cambodia) បានថ្លែងថា មានភស្តុតាងជាច្រើនទៅលើបទល្មើសជាច្រើនប្រឆាំងនឹងនួន ជា ហើយការ អះអាងភាគីទី៣ណាមួយ ក្រោយការកាត់ទោសនោះទំនងជាមិនអាចធ្វើឲ្យមាន ការសើរើការកាត់ទោសជាថ្មីទេ។
«ខ្ញុំចង់និយាយថា ការសម្លាប់រង្គាលមួយកន្លែងនោះមិនមែនជាបទឧក្រិដ្ឋតែមួយ ដែលជនជាប់ចោទត្រូវបានចោទប្រកាន់ទេ។ ដូច្នេះជាថ្មីទៀត មេធាវីបានធ្វើកិច្ចការល្អរបស់ពួកគេ។ តែខ្ញុំគិតថា ជារឿងខុសឆ្គងដ៏ធំសម្រាប់អ.ស.ប.ក្នុងការធ្វើ ប្រតិកម្មខ្លាំងហួសហេតុចំពោះរឿងនេះ»។
តុលាការកាត់ទោសខ្មែរក្រហម ដែលចូលរួមដោយអ.ស.ប. បានកាត់ទោសនួនជា បងធំទី២ និងខៀវ សំផនឲ្យជាប់គុកអស់មួយជីវិតកាលពីថ្ងៃទី៧ខែសីហាទាក់ទងនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬសំណុំរឿង០០២ វគ្គទី១ ដែលពាក់ព័ន្ធនឹងការជម្លៀសពលរដ្ឋខ្មែរដោយបង្ខំចេញពីផ្ទះសម្បែង និងការកាប់សម្លាប់មួយផ្នែកនៅទួលពោធិជ្រៃ។ ជនទាំងពីរដដែលនឹងត្រូវគេកាត់ទោសប៉ុន្មានខែខាងមុខនេះបន្ថែមទៀតក្នុងសំណុំរឿង០០២វគ្គទី២ ពីបទចោទលើឧក្រិដ្ឋកម្មនានា ដែលទទួលខុសត្រូវចំពោះការកាប់សម្លាប់ពលរដ្ឋខ្មែរ១លាន៧សែននាក់ នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ឧក្រិដ្ឋកម្មទាំងនោះគឺរួមទាំងឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផងដែរ ក្នុងសំណុំរឿង០០២វគ្គទី២៕