លោក​ Zelenskyy ​​​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​​ប៉ូឡូញ​

POLONIA-UCRANIA-ZELENSKYY

ប្រធានាធិបតីប្រទេស​អ៊ុយក្រែនលោក Volodymyr Zelenskyy ​បាន​ធ្វើដំណើរ​នៅ​ថ្ងៃ​ពុធ​នេះ​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ដែល​នៅ​ជិតខាង​ដើម្បីជួប​ជាមួយដឹកនាំ​នៅ​ក្នុង​ប្រទេស​នោះ ​និង​សមាជិកក្រុម​សាធារណជន​និង​ជន​ភៀសខ្លួន​អ៊ុយក្រែន​ដែល​បាន​រត់គេច​ខ្លួន​ក្រោយ​រុស្ស៊ីបើក​ការវាយលុកពេញ​ទំហឹ​ង​ក្នុង​អ៊ុយក្រែន។

ក្រុម​មន្ត្រីប៉ូឡូញបាន​និយាយ​ថា​កិច្ច​ចរចារបស់​លោកជាមួយ​លោក​ប្រធានាធិបតី Andrzej Duda ​និងលោក​នាយក​រដ្ឋមន្ត្រី​ Mateusz Morawiecki ​មានរួម​ការពិភាក្សាគ្នា​អំពី​សង្គ្រាម​នេះនិង​អំពី​ការ​គាំទ្រ​និង​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ។

ប៉ូឡូញ​ជា​សម្ព័ន្ធមិត្ត​សំខាន់​មួយ​របស់​អ៊ុយក្រែន។ ទីភ្នាក់ងារ​អ.ស.ប.​ខាង​ជន​ភៀសខ្លួននិយាយ​ថាមានជន​ភៀសខ្លួន​អ៊ុយក្រែន១,៥​លាន​នាក់​បាន​ចុះឈ្មោះដើម្បី​ឱ្យ​មាន​ការ​ការពារបណ្តោះ​អាសន្ននៅក្នុង​ប្រទេស​ប៉ូឡូញ។

ប៉ូឡូញក៏​បានបម្រើការជា​កន្លែងសំខាន់​បំផុតសម្រាប់ឱ្យ​ប្រទេស​ដៃគូ​ឯ​ទៀតៗរបស់អ៊ុយក្រែន​បញ្ជូន​ជំនួយ​យោធានិងជំនួយ​មនុស្ស​ធម៌​ទៅ​ឱ្យ​អ៊ុយក្រែន។

ស.រ.អ.​ផ្តល់​ឱ្យ​អ៊ុយក្រែន​នូវ​កញ្ចប់​ជំនួយ​យោធា២.៦០០​លានដុល្លារដែល​មានរួមគ្រាប់​សម្រាប់​ប្រព័ន្ធការពារ​ដែន​អាកាស​ធុន​ Patriot ​និងរ៉ាដា​ឃ្លាំមើលបី​គ្រឿង។

កញ្ចប់​ជំនួយ​យោធានេះ​ក៏​មានរួម​ដែរ​នូវគ្រាប់រំសេវ​រាប់សែន​គ្រាប់​និងគ្រាប់កាំ​ភ្លើង​ធំ ​១៥៥ម.ម.និង​១០៥​ម.ម. ​ដែល​កងកម្លាំង​អ៊ុយក្រែន​បានប្រើ​យ៉ាងឆាប់រហ័សនៅ​ពេលពួក​គេ​ប្រយុទ្ធ​ទប់ទល់នឹងការ​លុកលុ​យ​មិនត្រឹមត្រូវ​តាមច្បាប់របស់​រុស្ស៊ី។

លោក​ Zelenskyy ​បានមាន​ប្រសាសន៍​នៅក្នុង​សុន្ទរកថា​លោក​កាលពី​យប់ថ្ងៃ​អង្គារ​ថា​«គ្រាប់​សម្រាប់​ HIMARS ​សម្រាប់ការពារ​ដែន​អាកាស​ សម្រាប់​កាំ​ភ្លើង​ធំ ​គឺ​ជា​អ្វីដែល​យើង​ត្រូវ​ការ។ សូម​អរគុណ​លោកប្រធានាធិបតី Biden សួមអរគុណ​សភា​ស.រ.អ. ​សូម​អរគុ​ណ​ប្រជារាស្ត្រ​អាមេរិកាំង​គ្រប់ៗគ្នា!‍»

ជំនួយប្រមាណ​៥០០​លានដុល្លារត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​នឹង​ផ្តល់​គ្រាប់រំសេវនិងគ្រឿង​ឧបករណ៍ពី​ស្តុកយុទ្ធោបករណ៍ស.រ.អ.ដោយប្រើអំណាច​ប្រធានាធិបតីក្នុង​ការយកអាវុធទាំង​នេះពីឃ្លាំង​អាវុធ​ស.រ.អ.។ ទឹក​ប្រាក់២១០០​លាន​ដុល្លារ​ទៀតនឹង​ត្រូវ​ប្រើ​សម្រាប់​ទិញគ្រាប់រំសេវនិងអាវុធផ្តល់​ឱ្យ​អ៊ុយ​ក្រែនក្នុង​ពេលអនាគត៕