ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​រាយការណ៍​ពី​ស្ថានភាព​ប្រយុទ្ធ​ដ៏​ខ្លាំងក្លា​ក្នុង​ទីក្រុង​ Bakhmut ខណៈ​​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​អះអាង​​ដណ្តើម​​បាន​គ្រប់គ្រង​​​


ទាហាន​បើក​​រថក្រោះ​អ៊ុយក្រែន​មួយ​ក្រុម​ជ្រក​ពួន​នៅ​ត្រង់សេ​មួយ​ខណៈ​រង់ចាំ​ការ​បញ្ចប់​ការ​ផ្លោង​របស់​រុស្ស៊ី នៅ​តំបន់​ក្រុង Bakhmut ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣។
ទាហាន​បើក​​រថក្រោះ​អ៊ុយក្រែន​មួយ​ក្រុម​ជ្រក​ពួន​នៅ​ត្រង់សេ​មួយ​ខណៈ​រង់ចាំ​ការ​បញ្ចប់​ការ​ផ្លោង​របស់​រុស្ស៊ី នៅ​តំបន់​ក្រុង Bakhmut ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣។

កង​កម្លាំង​រុស្ស៊ី​និង​អ៊ុយក្រែន​ បាន​ផ្តល់​របាយការណ៍ផ្ទុយ​គ្នា​នៅកាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ជុំវិញ​ស្ថានភាព​ ​ទីក្រុង​ Bakhmut ភាគ​ខាង​កើត​អ៊ុយក្រែន ដែល​ជា​កន្លែង​ដែល​មាន​ការ​វាយប្រហារ​ដ៏ខ្លាំង​ក្លា​អស់រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ​រវាងកងកម្លាំង​នៃ​ប្រទេស​ទាំង​ពីរនេះ​។​ ​

ប្រធាន​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ Wagner បាន​និយាយ​ថា​ កងកម្លាំង​របស់​ខ្លួនបានលើក​ទង់ជាតិ​រុស្ស៊ី​នៅលើ​អគារ​រដ្ឋបាលរបស់​សាលាក្រុង Bakhmut រួច​ហើយ​ និង​បាន​កាន់​កាប់​ទីក្រុង​នេះ បើ​ផ្អែក​លើ​ផ្លូវ​ច្បាប់​នោះ។

ដោយ​ឡែក​ក្រុម​កងកម្លាំង​អ៊ុយក្រែន​វិញនិយាយ​ថា​ កងកម្លាំង​រុស្ស៊ី​នៅ​កំពុង​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​នៅឡើយទេ​ ហើយ​ថា​ កងកម្លាំង​អ៊ុយក្រែន​នៅ​កំពុង​ទប់ទល់​យ៉ាង​ក្លៀវក្លា​ និង​កំពុង​កាន់កាប់​ទីក្រុង​នេះ​នៅ​ឡើយ​ និង​ធ្វើ​ការ​វាយបក​រុញ​ច្រាន​ការ​វាយប្រហារ​ជាច្រើន​លើករបស់​សត្រូវ​ទៀត​ផង។​

ប្រធានាធិបតី​អ៊ុយក្រែន​ លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​យប់​ថ្ងៃ​អាទិត្យថា​ ស្ថាន​ភាព​ប្រយុទ្ធ​ក្នុង​ទីក្រុង Bakhmut កំពុង​ក្តៅ​ខ្លាំង​ ជាពិសេស​នៅ​ថ្ងៃ​អាទិត្យនេះ។​
ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Anthony Blinken បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​អ្នក​សារព័ត៌មាន​របស់​កាសែតThe Wall Street Journal ​អាមេរិក​មួយ​រូប​ ដែល​រុស្ស៊ី​បាន​ចាប់​ខ្លួន​ពី​បទ​ធ្វើ​ចារកម្ម ដោយ​លោកBlinken បាន​និយាយ​តាម​ទូរស័ព្ទ​ជា​មួយរដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី​លោក​ Sergey Lavrov ​តាម​ទូរស័ព្ទ​ កាល​ពី​ថ្ងៃ​អាទិត្យម្សិលមិញ​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​លោក​ Blinken រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​ Lavrov និយាយ​ថា​ ជោគវាសនា​របស់​អ្នកកាសែត​អាមេរិក​ឈ្មោះ Gershkovich​ នោះ​ នឹង​ត្រូវ​សម្រេច​ដោយ​តុលាការ​រុស្ស៊ី​ ដោយ​លោក​ Lavrov បាន​ប្រាប់​ទៅ​លោកBlinken ​ផង​ដែរ​ថា​ វា​មិន​អាច​ទទួល​យក​បាន​ឡើយ ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​យក​រឿង​នេះ​ធ្វើ​ជា​រឿង​នយោបាយ​នោះ។​ លោក Lavrov ​ថា ​អ្នកកាសែត​អាមេរិក​រូប​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ការ​ប្រព្រឹត្ត​កំហុស​ជាក់ស្តែង។ ​បើ​ទោះ​បីជា​យ៉ាង​នេះ​ក្តីក៏​រុស្ស៊ី​នៅមិន​ទាន់​បង្ហាញ​ភស្តុតាង​ណា​មួយ​ ជុំវិញ​ការ​ចាប់​អ្នក​សារព័ត៌មាន​អាមេរិក​នេះ​ នៅ​ឡើយ​ទេ៕​

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​អត្ថបទ​នេះ​ដកស្រង់​ចេញពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG