កាលពីថ្ងៃព្រហស្បតិ៍ សភាតួកគីបានផ្តល់សច្ចានុម័តដល់សមាជិកភាពប្រទេសហ្វាំងឡង់ក្នុងអង្គការអូតង់ ដោយបានបំបាត់ឧបសគ្គចុងក្រោយបង្អស់ដែលបានរារាំងប្រទេសនេះក្នុងតំបន់ខាងជើងអឺរ៉ុបមិនឱ្យចូលរួមក្នុងសម្ព័ន្ធភាពយោធាលោកខាងលិច។
អគ្គលេខាធិការអូតង់លោក Jens Stoltenberg បានសរសេរតាម Twitter នៅក្រោយការបោះឆ្នោតរបស់តួកគីថា«ការណ៍នេះនឹងធ្វើឱ្យគ្រួសារអូតង់ទាំងមូលខ្លាំងជាងមុននិងមានសុវត្ថិភាពជាងមុន»។
ហ្វាំងឡង់និងស៊ុយអែតនៅជិតខាងខ្លួនបានបញ្ចប់រយៈពេលជាច្រើនទសវត្សរ៍នៃការមិនចូលរួមក្នុងបក្សសម្ព័ន្ធណាមួយដោយបានដាក់ពាក្យសុំចូលជាសមាជិកអង្គការអូតង់ក្រោយពីរុស្ស៊ីបានចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីឆ្នាំទៅ។
ក្រសួងការពារប្រទេសចក្រភពអង់គ្លេសបាននិយាយនៅក្នុងបច្ចុប្បន្នភាពខាងការស៊ើបការណ៍សម្ងាត់របស់ខ្លួននៅថ្ងៃសុក្រនេះថាកាលពីពេលថ្មីៗនេះប្រទេសអ៊ុយក្រែនបានចេញផ្សាយវីដេអូមួយបង្ហាញថារ៉ាដារុស្ស៊ីមួយគ្រឿងត្រូវបានបំផ្លាញក្នុងតំបន់ Donetsk។ របាយការណ៍និយាយថាប្រព័ន្ធទាំងនេះអាចរកឃើញនិងវាយប្រហារលើកងកាំភ្លើងធំរបស់សត្រូវបានយ៉ាងរហ័ស ហើយប្រព័ន្ធទាំងនេះក៏អាចងាយរងគ្រោះ ដោយត្រូវបានរកឃើញនិងត្រូវបំផ្លាញវិញដែរ។
បើតាមក្រសួងនេះថា ទោះជារុស្ស៊ីនិងអ៊ុយក្រែនចង់បង្កើនស្តុកប្រព័ន្ធនេះរបស់ខ្លួនក៏ដោយក៏«រុស្ស៊ីទំនងជានឹងមានការពិបាកដោយសារប្រព័ន្ធទាំងនេះពឹងពាក់លើការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកមានបច្ចេកវិទ្យាខ្ពស់ដែលត្រូវបានបង្អាក់ដោយសារការដាក់ទណ្ឌកម្មលើរុស្ស៊ី»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានមានប្រសាសន៍នៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ថ្ងៃនេះជាថ្ងៃទី៤០០នៃការតស៊ូ ការតស៊ូពេញទំហឹង ខ្ញុំសូមអរគុណមនុស្សគ្រប់គ្នាក្នុងពិភពលោកដែលឈរជាមួយអ៊ុយក្រែន...ដែលមានជំនឿស៊ប់ខ្លាំងដូចគ្នាថាយើង ជនជាតិអ៊ុយក្រែនមាន...ជំនឿមាំទាំថាពិភពលោកគួរផ្អែកលើបទបញ្ញត្តិ លើបទបញ្ញត្តិប្រកបដោយអារ្យធម៌--ផ្អែកលើបទបញ្ញត្តិនៃមនុស្សធម៌ ការគោរពគ្នាទៅវិញទៅមកនិងសន្តិភាព...យើងនឹងមិនបន្សល់ទុកស្នាមណាមួយរបស់រុស្ស៊ីនៅលើដែនដីយើងឡើយ»៕
ព័ត៌មានខ្លះនៃរបាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters