ការ​ខ្វះ​ជំនាញ​នឹង​ក្លាយ​ជា​រឿង​តប់​ប្រមល់​របស់​កម្មករ​រោងចក្រ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន

លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​កម្ពុជា​និង​កញ្ញា ង៉ាក សាវឿន តំណាង​កម្មករ​រោងចក្រ​កាត់ដេរ​ F.Y Factory ចូល​រួម​​ពិភាក្សា​អំពី​ប្រធានបទ ​​‍«តើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ណា​ដល់​វិស័យ​កាត់ដេរ​កម្ពុជា?» នៅ​ក្នុង​កម្មវិធី​វិទ្យុ​«វេទិកា​អាស៊ាន‍» (Hello VOA) ក្នុង​​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ព្រហ្បតិ៍​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

បើ​ជំនាញ​មិន​គ្រប់គ្រាន់ ​កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិត៧០​ម៉ឺននាក់​នឹង​ក្លាយ​ជា​ឧបសគ្គ​នៃ​ការ​ប្រកួតប្រជែង​ពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន។​ នេះជាការ​អះអាង​របស់ ​លោក ​ជា មុនី ​ប្រធាន​សហជីព សេរី​កម្មករ​កម្ពុជា ​និង​កញ្ញា ​ង៉ាក សាវឿន ​តំណាង​កម្មករ​រោងចក្រ​កាត់ដេរ ​F.Y ដែលបាន​ថ្លែង​ក្នុង​កម្មវិធី​ Hello VOA ​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍។​ លោក​ មុនី បាន​បន្ថែម​ថា ​កម្ពុជា​មាន​ពលកម្ម​ជំនាញ​តិច​ ដោយសារ​ចំណាក​ស្រុក​និង​ការ​រក​ ឱកាស​ការងារ​ក្រៅ​ប្រទេស ​កម្មករ​ជំនាញ​មិន​ត្រូវ​គេ​ហ្វឹកហ្វឺន​ប៉ុន្មាន​ទសវត្សរ៍​ មក​នេះ​ ពលករ​បរទេស​ដែល​មាន​ជំនាញ​ខ្ពស់​ជាង​នឹង​ដណ្តើម​ការងារ​កម្ពុជា​សំខាន់ៗ ការ​វិនិយោគ​ទុន​ឧស្សាហកម្ម​ធំៗ​ថ្មីៗ​នឹង​មិន​អាច​រក​បាន​កម្មករ​ជំនាញ​ក្នុង​ប្រទេស​កម្ពុជា។

Your browser doesn’t support HTML5

ឥទ្ធិពល​សមាហរណកម្ម​អាស៊ាន​ចំពោះ​វិស័យ​កាត់ដេរ​កម្ពុជា

អាស៊ាន​នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ដំណាច់​ឆ្នាំ​នេះ​ មាន​ន័យ​ថា​ ប្រទេស​ ទាំង​១០​ក្នុង​អាស៊ាន​នឹង​បើក​ទ្វារ​ទូលាយ​ចំពោះ​ការ​នាំ​ចេញ​នាំចូល​ទំនិញ ​ដោយ​សេរី ​មិន​គិត​ពន្ធ ​មាន​លំហូរ​ផ្នែក​ពលកម្ម​ទៅ​វិញ​ទៅ​មក​ មាន​សេវាកម្ម​ មុខ​ជំនាញ ផ្សេងៗ​ថ្មីៗ​នឹង​ផ្លាស់ប្តូរ​គ្នា​យ៉ាង​ឆាប់រហ័ស។ ​ប្រទេស​កម្ពុជា​មាន​កម្មករ​រោងចក្រ​ប្រមាណ​៧០ម៉ឺន​នាក់​ ដែល​ភាគច្រើន​ជាស្ត្រី។​ វិស័យ​កាត់ដេរ​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​សំខាន់​ទាំង​បួន​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា៕