Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ អ្នកវិភាគនយោបាយឯករាជ្យគឺលោកបណ្ឌិត ឡៅ ម៉ុងហៃបានអះអាងក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ថា វិបត្តិនយោបាយ អស្ថិរភាព ការបែក បាក់គ្នាក្នុងប្រទេសកម្ពុជាគឺមកពីគ្មានយន្តការត្រឹមត្រូវហើយអាចឲ្យគូជម្លោះទទួលយកបាន។
«ខ្ញុំសង្កេតឃើញថានៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាយើង គឺកម្ពុជាយើងមាន ចំណុចខ្សោយមួយដែលជាមូលហេតុឬជាកត្តាមួយជំរុញឲ្យយើងចេះតែមាន ការទាស់ទែងគ្នា ហើយទៅជាមានវិបត្តិខាងនយោបាយ។ ដូចជាមកទល់សព្វ ថ្ងៃនេះយើងឃើញដែរ។ ខ្ញុំថាចំណុចខ្សោយគឺត្រង់តែយើងហ្នឹងគឺអត់មានយន្តការដោះស្រាយជម្លោះនៅក្នុងស្រុកយើងហ្នឹង ដែលបំពេញភារកិច្ចត្រឹមត្រូវ បំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនិងទទួលយកបានពីភាគីទាំងឡាយ»។
លោកថ្លែងថាមានស្ថាប័នយ៉ាងច្រើនសម្រាប់ដោះស្រាយជម្លោះ មានដូចជាព្រះមហាក្សត្រ ស្ថាប័នរដ្ឋ នីតិបញ្ញតិឬសភា នីតិប្រតិបត្តិឬរដ្ឋាភិបាល តុលាការ អាជ្ញាធរដោះស្រាយជម្លោះដីធ្លី ក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថាប័ននានានិងអាជ្ញាធរមូលដ្ឋានផងដែរ។
«តែទោះជាមានក៏ដោយគឺថា បញ្ហាហ្នឹងដូចជានៅច្រើនណាស់ឬមួយមិនបាន ដោះស្រាយឬមួយក៏យឺតយ៉ាវ ឬមួយដោះស្រាយទៅគឺថាភាគីពាក់ព័ន្ធមិនអាច ទទួលយកបានដោយមានអំពើសៅហ្មងអ្វីផ្សេងៗដោយគេយល់ថាសេចក្តីសម្រចហ្នឹងគឺអយុត្តិធម៌»។
ជាឧទាហរណ៍លោកបានលើកឡើងអំពីការបោះឆ្នោតថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ដែលមានទំនាស់គ្នា រហូតដល់មានអស្ថិរភាពយ៉ាងធំដោយសារតែ កម្ពុជាមិនបានធ្វើឲ្យបានល្អរឿងយន្តការដោះស្រាយនោះ។ ហើយមួយទៀតគឺក្រុមយោធាចេញមកបង្រ្កាបបាតុករដែលសុំតំឡើងប្រាក់ខែគោល១៦០ដុល្លារនោះដោយខ្លួនឯងជំនួសឲ្យការដែលរកវិធានការដោះស្រាយដោយសន្តិវិធី។
លោកថា កម្ពុជាមានច្បាប់ច្រើនតែពុំបានធ្វើតាមការអនុវត្តច្បាប់ដោយជំហរឯករាជ្យ ឥតសម្អៀងនិងដាក់ទណ្ឌកម្មដល់អ្នកប្រព្រឹត្តល្មើស។ លោកថ្លែងថា ការបណ្តែតបណ្តោយដូច្នេះគឺអាចជាបំណងដើម្បីប្រើប្រាស់យុទ្ធសាស្ត្រទាំងហ្នឹងដើម្បីការពារផលប្រយោជន៍របស់ខ្លួនឬក៏បង្រ្កាបអ្នកដទៃទៀត៕