ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជំហរ​​ចុងក្រោយ​របស់​គណបក្ស​ជំទាស់​​​ចំពោះ​បញ្ហា​ជាប់​គាំង​នយោបាយ

  • សុខ ខេមរា

ចូលរួម​​ជា​វាគ្មិន​​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែធ្នូ ឆ្នាំ២០១៣ ​លោក​​ថ្លែង​​ថា លោក​​នឹង​​មិន​​ទៅ​​ចរចា​​ចង់​​បាន​​តំណែង​​ពី​​គណបក្ស​ប្រជាជន ​ដែល​​បាន​លួច​តំណែង​ទាំងអស់​ហ្នឹង​​ពី​រាស្ត្រ​នោះទេ។

វ៉ាស៊ីនតោន៖ មេដឹកនាំ​គណបក្ស​ជំទាស់​លោក សម រង្ស៉ី បាន​បញ្ជាក់​ជំហរ​ចុងក្រោយ​របស់ លោក​ចំពោះ​ការជាប់គាំង​នយោបាយ​ដោយ​ទាមទារ​ឲ្យ​គណបក្ស​កាន់​អំណាច ប្រគល់​ជ័យជម្នះ​ពី​ការបោះឆ្នោត​ឲ្យ​គណបក្ស​ជំទាស់​វិញ​ដោយ​មិន​ចាំបាច់​ ចរចា។ លោក​ថ្លែង​ថា លោក​នឹង​មិន​ទៅ​ចរចា​ចង់​បាន​តំណែង​ពី​គណបក្ស​ប្រជាជន ​ដែល​បាន​លួច​តំណែង​ទាំងអស់​ហ្នឹងពី​រាស្ត្រ​នោះទេ ព្រោះ​តំណែង​នោះ គឺ​ប្រជា​រាស្ត្រ​ប្រគល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។

ចូលរួម​ជាវាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​ វីអូអេ​នៅ​យប់ថ្ងៃ​ព្រហស្បតិ៍ ស្តី​អំពី «ជំហរ គណបក្ស​ជំទាស់​ចុងក្រោយ​ចំពោះ​បញ្ហា​ជាប់​គាំង​នយោបាយ» លោក សម រង្ស៉ី ថ្លែង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ស្តាប់​តាម​ប្រជា​ពលរដ្ឋ​ពេល​នេះ។ បើ​ប្រជា​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​បាតុកម្ម​របៀប​ណា​មួយ រួមទាំង​ងើប​ឈរ​ឡើង ទូទាំង​ប្រទេស ដើម្បី​តវ៉ា​រឿង​យុត្តិធម៌​ទាក់ទង​ការ​បោះឆ្នោត ​លោក​នឹង​យល់ព្រម។

គណបក្ស​កាន់​អំណាច​គួរ​អនុញាត​ឲ្យ​មាន​ការស៊ើប​អង្កេត បង្ហាញ​សន្លឹក​ឆ្នោត ឬ​ក៏​ធ្វើការ​បោះឆ្នោត​ឡើង​វិញ​ឬ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ត្រូវ​ចុះ​ចេញ ពី​មុខ​តំណែង​ពី​រដ្ឋាភិបាល​ខុស​ច្បាប់​ដែល​កើត​ចេញ​ពី​សភា​ខុស​ច្បាប់។ តែ​មន្ត្រី គណបក្ស​កាន់​អំណាច​អះអាង​ថា ជា​សំណើរ​មិន​សមរម្យ​ដែល​មិន​អាច​ធ្វើ​បាន។

ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​ចាត់​ទុក​ថា ស្ថានការណ៍​នយោបាយ​កម្ពុជា​និង​ថៃ​ផ្សេង​គ្នា ហើយ​បាន​ហៅ​ការអំពាវនាវ​របស់​គណបក្ស​ជំទាស់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​មុខ​តំណែង​ជា​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ។​

លោក​បាន​បន្ថែម​ថា មេដឹកនាំ​កម្ពុជា​គួរ​យក​គំរូ​តាម​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់​នៃ​ប្រទេស​ថៃ​ដែល​សុខចិត្ត​ក្លាយ​ជា​រដ្ឋាភិបាល​ចាំ​ផ្ទះ​និង​រៀបចំ​ការ បោះឆ្នោត​ឡើង​វិញ​ពេល​ប្រជារាស្ត្រ​មិន​សុខ​ចិត្ត៕
XS
SM
MD
LG