ក្រសួងការងារបានព្រមានសហភាពការងារកម្ពុជារបស់លោក អាត់ ធន់ ចំពោះលទ្ធភាពនៃការលុបបញ្ជិកាទៅតុលាការប្រសិនបើសហជីពដ៏លេចធ្លោមួយនេះ មិនព្រមផ្តល់ឯកសារពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុនិងចំនួនសមាជិករបស់ខ្លួន។ នេះបើយោងតាមលិខិតរបស់នាយកដ្ឋានវិវាទការងារដែល VOA បានទទួលកាលពីថ្ងៃអង្គារ។
សហភាពការងារកម្ពុជាត្រូវបានគេរាយការណ៍កន្លងមកថា ជាសហជីពសកម្មក្នុងការទាមទារប្រាក់ឈ្នួល និងអត្ថប្រយោជន៍បន្ថែមដល់កម្មករក្នុងឧស្សាហកម្មកាត់ដេរកម្ពុជា។ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា និងសហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា ក៏រងការព្រមានដូចគ្នា។ សហជីពទាំងបីនេះ គឺជាផ្នែកមួយរបស់សហភាពការងារកម្ពុជា។
យោងតាមលិខិតរបស់ក្រសួងការងារ ចុះហត្ថលេខាដោយលោក កុយ ទេពដារាវុធ ប្រធាននាយកដ្ឋានវិវាទការងារ កាលពីថ្ងៃទី១២ ខែមករា បានបញ្ជាក់ឲ្យដឹងថា ដើម្បីរក្សាបញ្ជិកាដែលត្រូវបានយល់ព្រមរួចហើយឲ្យនៅមានសុពលភាពស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសហជីព សហជីពត្រូវផ្តល់ព័ត៌មាន និងឯកសារជាអាទិ៍ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ព័ត៌មានទាំងនោះរួមមាន ព័ត៌មានគណនីធនាគារ បច្ចុប្បន្នភាពសមាជិកសហភាពសហជីព លក្ខន្តិកៈ និងព័ត៌មានអ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាល ចំពោះសហភាពសហជីព ដែលបានចុះបញ្ជីរួចហើយមុនច្បាប់ស្តីពីសហជីពចូលជាធរមាន។ សហជីពក៏ត្រូវផ្តល់របាយការណ៍ប្រចាំឆ្នាំផ្សេងៗដោយឡែកពីគ្នាឲ្យបានមុនខែមីនា ឆ្នាំ ២០១៨។
លិខិតរបស់លោក កុយ ទេពដារាវុធ ប្រធាននាយកដ្ឋានវិវាទការងារ ដែលបានផ្ញើទៅសហជីពទាំងបួនខាងលើនេះ បានសរសេរថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរម្លឹកលើកទីមួយ ដល់សហជីពអំពីកាតព្វកិច្ចរក្សាបញ្ជិកាតាមរយៈលិខិតលេខ ១៦៦៨ ក.ប/វ.ក ចុះថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៧ ស្តីពី កាតព្វកិច្ចរក្សាបញ្ជិកាសហភាពសហជីព និងសហព័ន្ធសហជីព។
លិខិតដដែលបានសរសេរសង្កត់ធ្ងន់ ដោយសំដៅដល់សហភាពការងារកម្ពុជា ក្នុងន័យដើមថា៖
«ក្នុងករណីសហភាពខកខានក្នុងការធ្វើបច្ចុប្បន្នកម្មព័ត៌មាន និងឯកសារខាងលើជូនអង្គភាពទទួលបន្ទុកចុះបញ្ជីតាមការកំណត់ដូចមានចែងក្នុងបទប្បញ្ញតិ្តច្បាប់ជាធរមាន សហភាពសហជីពអាចជាកម្មវត្ថុនៃការប្តឹងលុបបញ្ជិកាទៅតុលាការដែលមានសមត្ថកិច្ច»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ VOA នៅថ្ងៃពុធនេះថា ក្រុមការងាររបស់លោកកំពុងពិនិត្យមើល ទិដ្ឋភាពច្បាប់ ទាក់ទិនសំណើស្នើសុំព័ត៌មាន ទាក់ទងរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សកម្មភាពការងារ។ លោកថាការស្នើរបស់ក្រសួងការងារ ហាក់មានភាពស្មុគស្មាញនិងមិនស្របតាមច្បាប់សហជីព។
«នេះហើយគឺជាលក្ខខណ្ឌស្មុគស្មាញ ដែលយើងមានការបារម្ភហ្នឹងព្រោះ ធម្មតានៅក្នុងច្បាប់ សហជីព គាត់ឲ្យយើងចម្លងជូនទេ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សកម្មភាព ប៉ុន្តែនៅក្នុងលិខិតនេះ វាមានចំណុចជាក់លាក់ច្រើនអីចឹង បានយើងគិតមើល ថាតើអាហ្នឹងវាស្របច្បាប់ទេ ហើយតើវាយ៉ាងម៉េច? ហើយតើធ្វើហ្នឹងយ៉ាងម៉េច មានន័យថា យ៉ាងម៉េច? យើងកំពុងពិនិត្យមើល ហើយចំពោះសមាជិករបស់យើង នៅ CLC វាជាង ១០ម៉ឺននាក់ ហើយខាង CCAWDU ប្រហែលជា ជិត ៩ម៉ឺននាក់ ហើយខាងទេសចរណ៍ មានរហូតប្រហែលជាង ៥.០០០នាក់»។
ច្បាប់ស្តីពីសហជីព ដែលមាន១៧ជំពូកនិង១០០មាត្រានេះត្រូវបានរដ្ឋសភាជាតិអនុម័តដោយគ្មានការកែប្រែតាំងពីខែមេសាឆ្នាំ២០១៦កន្លងទៅ បើទោះជាមានការតវ៉ាពីសំណាក់កម្មករ និងសហជីពធំៗមួយចំនួនយ៉ាងណាក៏ដោយ។ ច្បាប់សហជីពនេះរងការរិះគន់ពីក្រុមសហជីព និងមន្ត្រីសង្គមស៊ីវិលថា មានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពនិងភាគីកម្មករ និយោជិត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា ក្រុមសហជីពនៅមិនទាន់អាចទទួលយកបានមាត្រាជាច្រើន ដែលមានលក្ខណៈរឹតត្បិតលើសិទ្ធិសេរីភាពរបស់សហជីព ក្នុងនោះមានមាត្រា ១០ មាត្រា ១២ ពាក់ព័ន្ធនឹងការរៀបចំចុះបញ្ជិកា មាត្រា១៤ ពាក់ព័ន្ធនឹងការមិនទទួលស្គាល់សកម្មភាពសហជីព ឬក៏សហជីពអត់ចុះ ឬក៏ពន្យាពេលចុះបញ្ជី ចាត់ទុកថា ខុសច្បាប់ និង មាត្រា១៧ ពាក់ព័ន្ធនឹងការរក្សាបញ្ជិកា មាត្រា ២៤ ពាក់ព័ន្ធហិរញ្ញវត្ថុ មាត្រា៥៤ ពាក់ព័ន្ធនឹង សហជីពត្រូវមានភាពជាតំណាង និងសហជីពភាគតិចមិនអាចតំណាង ក្នុងការដោះស្រាយវិវាទរួមជាដើម ក៏ដូចជាចំណុចដែលនិយាយពីទោសពិន័យ។
«ពាក់ព័ន្ធទៅនឹងទោសពិន័យដែលមានចែងនេះ យើងចង់ឲ្យមានការធ្វើវិសោធនកម្ម ប៉ុន្តែមកដល់ពេលនេះ គឺមិនឃើញមានសញ្ញាណាមួយនៃការធ្វើវិសោធនកម្មច្បាប់ហ្នឹងទេ»។
នៅគ្រាមានការរឹតបន្តឹងសិទ្ធិសេរីភាពរបស់ក្រុមសហជីពដែលធ្វើការបម្រើប្រយោជន៍កម្មករ កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរ ត្រូវគេសង្កេតឃើញថា នៅប្រឈមនឹងបញ្ហាជាច្រើន ទាក់ទិនបរិយាកាសនៅកន្លែងធ្វើការ ការបង្ខំឲ្យធ្វើការច្រើនម៉ោង និងការដឹកជញ្ជូនលើសចំណុះប្រកបដោយគ្រោះថា្នក់។
តួយ៉ាងកាលពីថ្ងៃអង្គារម្សិលមិញនេះ កម្មករជាង ១០០នាក់ បានដួលសន្លប់នៅក្នុងរោងចក្រមួយ ឈ្មោះ KKN ស្ថិតក្នុងតំបន់ឧស្សាហកម្មពិសេសរបស់ខេត្តកោះកុង ដោយហេតុក្លិនប្រេងម៉ាស៊ីន បានសាយភាយនៅក្នុងតំបន់ឧស្សាហកម្មនោះនិងនៅកន្លែងធ្វើការរបស់កម្មករ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុង។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងប្រាប់ VOA បន្ថែមថា រដ្ឋាភិបាលគួរពិនិត្យឲ្យបានល្អិតល្អន់លើបរិយាកាសនៅកន្លែងធ្វើការរបស់កម្មករ និងលក្ខខណ្ឌផ្សេងៗទៀត ដែលបានគាបសង្កត់កម្មករ និងធ្វើឲ្យកម្មករប្រឈមនឹងការធ្លាក់ចុះខាងសុខភាព។
«អីចឹងខ្ញុំគិតថាការសន្លប់នេះ វាជាចំណុចមួយដែលយើងឃើញថា គាត់ខ្សោយ ដោយសារបញ្ហាគាត់ធ្វើការហ្នឹង ទីពីរគឺ បរិយាកាស នៅក្នុងក្រុមហ៊ុនអីហ្នឹងគឺ មិនមានការកែប្រែ ឲ្យបានច្រើនរួមទាំងលទ្ធភាពដែលធ្វើការដាក់កំណត់ គំរាមកំហែងឲ្យធ្វើការច្រើន ឬក៏ឲ្យធ្វើការថែមម៉ោង មានន័យថាជាសម្ពាធជាបន្ទុកដែលដែលគាត់ហ្នឹងមានបញ្ហាការងារច្រើន ហើយគាត់សុខភាព របស់គាត់ធ្លាក់ចុះហ្មង»។
លោក កុយ ទេពដារាវុធ ប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារបដិសេធមិនផ្តល់ការអធិប្បាយដោយបានបង្វែរសំណួរទៅអ្នកនាំពាក្យក្រសួងការងារ។
«ទាក់ទងនឹងច្បាប់លោកសួរទៅខាងក្រសួងហ្នឹងមានអ្នកនាំពាក្យបាទ។ សួរអ្នកនាំពាក្យ»។
VOA ព្យាយាមសុំការអធិប្បាយពីលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ តែទូរស័ព្ទលោករោទិ៍គ្មានអ្នកទទួល។
យ៉ាងណាក៏ដោយ កាលពីខែតុលា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រកាសអំពីការសម្រួលលក្ខខណ្ឌមួយចំនួន ដើម្បីពង្រីកលំហសេរីភាព សម្រាប់ដោះស្រាយបញ្ហានានាទាក់ទិនទំនាក់ទំនងការងារក្នុងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
ការសម្រេចចិត្តរបស់លោក អ៊ិត សំហេង នេះ បានធ្វើឡើងក្រោយជំនួបរបស់លោកជាមួយលោក Peter McAllister នាយកប្រតិបត្តិនៃគំនិតផ្តួចផ្តើមសីលធម៌ពាណិជ្ជកម្ម (Ethical Trading Initiative-ETI) ដែលជាតំណាងឲ្យឲ្យអ្នកបញ្ជាទិញធំៗពីកម្ពុជា។
លោក អ៊ិត សំហេង បានប្រាប់លោក Peter McAllister អំពីការប្រែប្រួលមួយចំនួនក្នុងវិស័យការងារក្នុងឧស្សាហកម្មកាត់ដេរ រួមមានការបញ្ឈប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីនីតិវិធីជម្រះក្តីវិវាទការងារទៅតាមមតិយោបល់របស់សិក្ខាសាលាត្រីភាគី និងភាគីពាក់ព័ន្ធនានា ដោយបន្តប្រើយន្តការផ្សះផ្សា និងដោះស្រាយវិវាទដែលមានស្រាប់ និងការកែសម្រួលមាត្រា១៦ នៃសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដោយអនុញ្ញាតឲ្យមានការសិក្សាស្រាវជ្រាវឯករាជ្យអំពីប្រាក់ឈ្នួលអប្បបរមា និងការបើកឲ្យមានការពិភាក្សាបន្ថែមទៀតជាមួយត្រីភាគី។
ការសម្រេចកែប្រែចំណុចទាំងនេះ ក៏បានកើតមានឡើង ក្រោយការដំឡើងប្រាក់ឈ្នួលអប្បរមារបស់កម្មករឲ្យដល់ ១៧០ដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់ពីការដំឡើងនេះ មេដឹកនាំស្ថានបេសកកម្មការទូតរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានស្នើឲ្យមានការបើកទូលាយដល់សកម្មភាពបង្កើតសហជីពនិងបន្តការពារសិទ្ធិកម្មករនៅក្នុងឧស្សាហកម្មកាត់ដេរ។ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានថ្លែងថា ការកែប្រែដែលចេះតែបន្តក្នុងបញ្ហាសិទ្ធិមនុស្សមានភាពចាំបាច់ដើម្បីរក្សាកម្រិតបច្ចុប្បន្នសម្រាប់ការនាំទំនិញចូលទៅកាន់សហរដ្ឋអាមេរិក ព្រមទាំងការទទួលបានការជឿជាក់ពីអ្នកបញ្ជាទិញអាមេរិកាំង។
ប្រជាពលរដ្ឋជាង៧០ម៉ឺននាក់ទទួលបានការងារពីវិស័យវាយនភណ្ឌនៅកម្ពុជា ហើយវិស័យនេះបានផ្តល់ថវិកាស្មើនឹង៥% នៃផលិតផលជាតិសរុប៕