ប្រទេសរុស្ស៊ីនៅថ្ងៃសុក្រនេះ បានស្វាគមន៍ជំហានដំបូងរបស់សហរដ្ឋអាមេរិកដែលរកឃើញការសម្របសម្រួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តកើតឡើងនៅឆ្នាំ២០១៥ តែលុបចោលដោយលោក Donald Trump នៅពេលដែលលោកកាន់តំណែងជាប្រធានាធិបតី។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា វាជារឿងល្អដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លែងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិលើអ៊ីរ៉ង់ ប៉ុន្តែបាននិយាយថា នៅទីបំផុតនៅមានការងារជាច្រើនត្រូវធ្វើ។
លោក Peskov បានបន្ថែមថា៖ «សម្ពាធទណ្ឌកម្មមិនបានជួយដល់កិច្ចព្រមព្រៀងទេ តែវាបានធ្វើឱ្យស្ថានការណ៍ឈានដល់ទីទាល់ច្រក»។
កិច្ចព្រមព្រៀងនេះ ធ្វើនៅក្នុងឆ្នាំ២០១៥ ដោយលោកប្រធានាធិបតី Barack Obama ដោយប្រទេសអ៊ីរ៉ង់បានកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនយ៉ាងខ្លាំងជាថ្នូរនឹងការសន្យាផ្តល់ជំនួយសេដ្ឋកិច្ច។ លោក Trump បានដកស.រ.អ. ចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មជាថ្មីទៅលើរដ្ឋឥស្លាមនេះ។
រដ្ឋបាលលោក Biden កាលពីថ្ងៃព្រហស្បតិ៍ បានស្នើកិច្ចពិភាក្សាជាមួយប្រទេសអ៊ីរ៉ង់ដែលដឹកនាំដោយសម្ព័ន្ធមិត្តអឺរ៉ុប និងបានដកចេញវិធានការជានិមិត្តរូបយ៉ាងធំពីរប្រឆាំងនឹងរដ្ឋាភិបាលក្រុង Tehran ដែលកំណត់ដោយលោក Trump។ វិធានការទាំងនោះ រួមមានឈប់អំពាវនាវឱ្យមានទណ្ឌកម្មអន្តរជាតិលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ និងដកការរឹតត្បិតលើអ្នកការទូតអ៊ីរ៉ង់នៅញូវយ៉ក៕