ក្រុមអាជ្ញាធររុស្ស៊ីកាលពីថ្ងៃសុក្របាននិយាយថា លោក វ្លាឌឺមៀ ពូទីន (Vladimir Putin) នឹងមានជំនួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅអំឡុងពេលកិច្ចប្រជុំកំពូល G-20 នៅក្នុងទីក្រុងប៊ុយណូស៊ែ (Buenos Aires) ប្រទេសអាហ្សង់ទីន។
នៅពេលចោទសួរអំពីកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនៅខាងក្រៅកិច្ចប្រជុំកំពូល G-20 ដូចទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រឹមឡាំងនោះ មន្រ្តីសេតវិមានបានឆ្លើយថា គ្មានការគ្រោងជួបប្រជុំនោះទេ។ ទោះជាយ៉ាងណាអត្ថាធិប្បាយរបស់មន្រ្តីសហរដ្ឋអាមេរិកនៅចំហរលទ្ធភាពដែលអាចមានជំនួបរវាងភាគីទាំងពីរ។ កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតី ត្រាំ បានថ្លែងថា លោកបានលុបចោលគម្រោងជួបជាមួយមេដឹកនាំរុស្ស៊ីបន្ទាប់ពីរុស្ស៊ីរឹបអូសវានាអ៊ុយក្រែនបីគ្រឿង និងនាវិកនៅក្នុងនាវាទាំងនោះនៅក្នុងសមុទ្រខ្មៅ។
លោក ត្រាំ បានបង្ហោះសារនៅពេលលោកធ្វើដំណើរតាមរយៈយន្តហោះដឹកប្រធានាធិបតី Air Force One ទៅកាន់ទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍ថា៖ «ផ្អែកតាមការជាក់ស្តែងដែលនាវានិងក្រុមនាវិកមិនបានត្រឡប់មកប្រទេសអ៊ុយក្រែនវិញ ខ្ញុំបានសម្រេចចិត្តថា វាជាការល្អបំផុតដែលភាគីជាប់ពាក់ព័ន្ធទាំងអស់លុបចោលគម្រោងប្រជុំរបស់ខ្ញុំនៅក្នុងប្រទេសអាហ្សង់ទីន»។
ការប្រកាសលុបចោលគម្រោងជួបប្រជុំនេះត្រូវបានធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិកបង្ហាញថា លោក Michael Cohen អតីតមេធាវីរបស់លោកប្រធានាធិបតី ត្រាំ សារភាពថា លោកបាននិយាយមិនពិតប្រាប់ទៅសភាអំពីកិច្ចព្រមព្រៀងអចលនទ្រព្យរបស់ ត្រាំ នៅក្នុងប្រទេសរុស្ស៊ី។ ចម្លើយសារភាពនេះនឹងធ្វើឲ្យរដ្ឋអាជ្ញាពិសេសផ្តោតកាន់តែខ្លាំងជាងមុនទៅលើទំនាក់ទំនងរវាងយុទ្ធនាការរបស់លោក ត្រាំ ជាមួយនឹងក្រុមមន្រ្តីរុស្ស៊ីនៅមុនការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦។
នៅពេលសួរអំពីការលុបចោលជំនួបរបស់លោក ត្រាំ កាលពីថ្ងៃសុក្រ លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា ការសម្រេចលុបចោលនេះគឺដោយសារទង្វើរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន មិនមែនដោយសារការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសនោះទេ៕