អាជ្ញាធរខេត្តកោះកុង និងភាគីពាក់ព័ន្ធផ្សេងទៀត បានបញ្ចប់ការវាស់វែងដីធ្លីស្ថិតក្នុងជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន Union Development Group ហៅកាត់ថា UDG តែមិនទាន់មានសេចក្តីបញ្ជាក់ពីខាងអាជ្ញាធរនៅឡើយចំពោះការបែងចែកដី ក្រោយពីការវាស់វែងនោះ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសិទ្ធិមនុស្សនិងប្រជាពលរដ្ឋ។
លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា អាជ្ញាធរខេត្តកោះកុង និងស្ថាប័នរដ្ឋពីរផ្សេងទៀត គឺក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថានបានចាប់ផ្តើមវាស់វែងដីជម្លោះរវាងពលរដ្ឋនិងក្រុមហ៊ុនក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ តាំងពីមុនពេលបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ហើយការវាស់វែងបានបញ្ចប់ថ្មីៗនេះ។
ក៏ប៉ុន្តែអាជ្ញាធរមូលដ្ឋាននិងក្រសួងពាក់ព័ន្ធមិនទាន់បញ្ជាក់ពីលទ្ធផល ទាក់ទិនទំហំដីដែលត្រូវផ្តល់ជូនពលរដ្ឋនោះឡើយ។ លោក ហួរ អ៊ីន ថ្លែងថា៖
«តាមខ្ញុំដឹងបន្ទាប់ពីមានលិខិតជូនដំណឹងរបស់ទីស្តីគណៈរដ្ឋមន្ត្រី ដែលសម្រេចកាត់ឆ្វៀលដីនៅក្នុងឃុំព្រែកខ្សាច់ ដែលមានទំនាស់ជាមួយក្រុមហ៊ុន Union ហ្នឹង បន្ទាប់ពីធ្វើការវាស់វែងហើយ គេនឹងបញ្ជូនទាំងចំនួនផ្ទៃដី ដែលបានវាស់រួចហ្នឹងទៅក្រសួងបរិស្ថាន ដើម្បីធ្វើការកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ប៉ុន្តែអាក្រោយពីដឹងថា ត្រូវកាត់ឆ្វៀលឲ្យប៉ុន្មានហ្នឹងគឺមិនទាន់ជាក់ច្បាស់ទេ»។
ក្រុមហ៊ុនចិន UDG បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍទីក្រុងទេសចរណ៍ធំមួយនៅលើផ្ទៃដីជាង៤៥.០០០ ហិកតា ក្នុងស្រុកចំនួនពីរនៃខេត្តកោះកុងគឺស្រុកគិរីសាគរ និងបទុមសាគរ ដែលស្ថិតនៅចំកណ្ដាលឧទ្យានជាតិបទុមសាគរ ក្នុងខេត្តកោះកុង។ ចាប់តាំងពីក្រុមហ៊ុននេះ ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលនៅឆ្នាំ២០០៨ ឲ្យអភិវឌ្ឍទីក្រុងដែលមានតម្លៃ៣,៨ពាន់លានដុល្លារអាមេរិកនេះមក ជម្លោះដីធ្លីក៏បានកើតឡើងជាបន្តបន្ទាប់។
អ្នកការពារសិទ្ធិមនុស្ស លោក ហួរ អ៊ីន បានប្រាប់ VOA បន្ថែមថាមន្ត្រីរដ្ឋាភិបាលត្រូវតែបន្តដោះស្រាយបញ្ចប់ទំនាស់នេះ ដើម្បីរក្សាការគាំទ្ររបស់ពលរដ្ឋ ក្នុងពេលបោះឆ្នោតនាពេលខាងមុខទៀត។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលសាលាខេត្តកោះកុងបានចេញសេចក្តីប្រកាសមួយដោយលើកឡើងថា ក្រុមការងារក្រសួងបរិស្ថាននិងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សហការជាមួយក្រុមការងារខេត្ត «នឹងចុះស្រង់ទិន្នន័យកំណត់អត្តសញ្ញាណដី ដែលប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង»។
រដ្ឋបាលសាលាខេត្តកោះកុងបានបញ្ជាក់ទៀតថា ក្រោយពីបញ្ចប់ការចុះស្រង់ទិន្នន័យដែលមានរយៈពេលបួនសប្តាហ៍នៅឃុំព្រែកខ្សាច់នេះរួចនោះ ក្រុមការងារនឹងបន្តចុះស្រង់ទិន្នន័យនៅបណ្តាភូមិ និងឃុំពាក់ព័ន្ធ ដែលស្ថិតក្នុងស្រុកគិរីសាគរ និងស្រុកបទុមសាគរ រហូតដល់ចប់រួចរាល់ជាស្ថាពរ។
យ៉ាងណាក៏ដោយ តាមការបញ្ជាក់បន្ថែមរបស់លោក ហួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុងបានឲ្យដឹងថា ក្រុមការងារមិនទាន់ ផ្តើមការវាស់វែងដីធ្លីនៅទីតាំងផ្សេងនោះទេ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងដែលជាអ្នកសម្របសម្រួលក្នុងការវាស់វែងដីដែលមានជម្លោះ មានប្រសាសន៍ថា អាជ្ញាធរខេត្តបានបញ្ចប់របាយការណ៍អំពីការវាស់វែងដីរបស់ពលរដ្ឋប្រមាណ១៨០គ្រួសារ ក្នុងឃុំព្រែកខ្សាច់នេះ ហើយក៏បានបញ្ជូនរបាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីផ្តល់ការសម្រេចចិត្ត។
«បានបញ្ចប់ពីរបាយការណ៍ពីក្រុមការងារ ដាក់ជូនទៅឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន។ លោកសម្រេចយ៉ាងម៉េចនោះ ទុកសិទ្ធិជូនលោកជាអ្នកសម្រេច ដើម្បីធ្វើរបាយការណ៍ជូនទៅប្រមុខរដ្ឋាភិបាលទៀត»។
លោក សុខ សុទ្ធី មិនអាចបញ្ជាក់ពីទំហំដីដែលត្រូវឆ្វៀលទៅឲ្យពលរដ្ឋនោះទេ។ លោកមានប្រសាសន៍បន្ថែមថា ខាងក្រសួងរៀបចំដែនដី ជាអ្នកទទួលបន្ទុកក្នុងការងារនេះ។ ទាក់ទិន ការបន្តវាស់វែងដីនៅទីតាំងផ្សេងទៀត ក្រៅពីឃុំព្រែខ្សាច់នោះ លោកថ្លែងថា អាជ្ញាធរកំពុងរង់ចាំការបញ្ជាក់ពីខាងក្រសួងបរិស្ថាន។
VOA ព្យាយាមសុំការអធិប្បាយពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នៅថ្ងៃអង្គារនេះ តែទូរស័ព្ទលោករោទិ៍ គ្មានអ្នកទទួល។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានផងដែរនៅថ្ងៃអង្គារដដែលនេះ។
គម្រោងរបស់ក្រុមហ៊ុនUDG ដើម្បីអភិវឌ្ឍទីក្រុងទេសចរណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាងមួយពាន់គ្រួសារចាកចេញពីលំនៅដ្ឋានរបស់ពួកគេជាយូរមកហើយ។ ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតនៅមិនទាន់ទទួលបានដំណោះស្រាយសមស្របសម្រាប់ដីដែលពួកគាត់កាន់កាប់ ហើយខ្លះទៀតបានបន្តរស់នៅក្នុងដីដែលមានទំនាស់។ ពលរដ្ឋមួយចំនួនក៏ត្រូវរងការប្តឹងផ្តល់ពីខាងក្រុមហ៊ុនផងដែរ។
អ្នកស្រី ទិត្យ តេន វ័យ ៦១ឆ្នាំ ដែលមានទីលំនៅក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុងបានប្រាប់ VOA ថាពលរដ្ឋក្នុងឃុំមិនសូវសង្ឃឹមថា នឹងបានដំណោះស្រាយឆាប់ៗទេ ព្រោះបន្ទាប់ពីការវាស់វែងដីទំនាស់រួចនោះ អាជ្ញាធរខេត្តបានរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់មានការផ្តល់ព័ត៌មានបន្ថែមដល់ពលរដ្ឋ។
«អត់សង្ឃឹម ព្រោះអីថាវាស់វែងហ្នឹង គាត់ ដល់ពេលវាស់វែងហើយចឹង បាត់ដំណឹងឈឹងថា គាត់នឹងមកវិញ ឬអត់ទេ ក៏អត់មានផ្តល់ដំណឹងឲ្យពួកខ្ញុំទេ»។
គម្រោងសាងសង់ទីក្រុងទេសចរណ៍របស់ក្រុមហ៊ុនចិន UDG អាចនឹងប្រើពេល២៥ឆ្នាំដើម្បីបញ្ចប់គម្រោង។ ទីក្រុងនេះ ប្រសិនបើសាងសង់រួចនឹងមានព្រលានយន្តហោះមណ្ឌលពាណិជ្ជកម្មកំពង់ផែនិងទីកន្លែងកម្សាន្តផ្សេងទៀត ដូចជាកន្លែងវាយកូនគោលជាដើម។ នេះបើតាមការបញ្ជាក់ពីមន្ត្រីខេត្តកោះកុង កាលពីពេលកន្លងមក។
គម្រោងរបស់ក្រុមហ៊ុន UDG បានស្ថិតក្នុងការតាមដាន របស់ក្រុមអ្នកស្រាវជ្រាវខាងសន្តិសុខនៅសហរដ្ឋអាមេរិក ដែលបានរកឃើញថា ក្រុមហ៊ុនដ៏ធំនេះ ត្រូវបានធ្វើឡើងដោយមានបង្កប់យុទ្ធវិធីនៃភូមិសាស្ត្រនយោបាយរបស់ចិន។
ការសិក្សាស្រាវជ្រាវមួយ ដែលមានចំណងជើងថា Harboured Ambition [មហិច្ឆិតាក្នុងការចូលសំចត] ដែលចេញផ្សាយកាលពីខែមេសា ដោយមជ្ឈមណ្ឌលដើម្បីការសិក្សាជាន់ខ្ពស់ផ្នែកការពារជាតិ Center for Advanced Defense Studies ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានព្រមានថា តំបន់អភិវឌ្ឍន៍ខ្នាតធំខាងលើរបស់ក្រុមហ៊ុន UDG មានជាប់ពាក់ព័ន្ធនឹងគណបក្សកុម្មុយនីស្តចិន ដែលជាផ្នែកមួយនៃគំរោងការយុទ្ធសាស្ត្រសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ចិននៅក្នុងតំបន់ចុងបូព៌ា ដូចយ៉ាង គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ Belt and Road Initiative ជាដើម៕