ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្តកោះកុង​សន្យា​បញ្ចប់​វិវាទ​ដី​ធ្លី​របស់​ពលរដ្ឋ​នឹង​ចិន​​ឲ្យ​បាន​មុន​ការបោះឆ្នោត


រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

លោក​ ហួរ អ៊ីន មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​VOA ​នៅថ្ងៃ​សុក្រនេះ​ថា​ មាន​ប្រជាពលរដ្ឋ​ចំនួន​៨០គ្រួសារ​ បាន​ទៅ​ប្រជុំ​នៅ​សាលា​ខេត្តកោះកុង​កាលពី​ថ្ងៃព្រហស្បតិ៍​​ តាមការ​អញ្ជើញ​របស់​អ្នកស្រី​ មិថុនា ភូថង​អភិបាល​ខេត្តកោះ​កុង។

ក្រុមមន្ត្រី​ដឹកនាំ​ខេត្តកោះកុង​បាន​សន្យា​នឹង​ពលរដ្ឋ​ដែល​មាន​វិវាទ​ដីធ្លី​នានា​ជាមួយក្រុមហ៊ុន​ចិន​ ​Union Development Group (UDG)និង​តំបន់​សេដ្ឋកិច្ច​ពិសេស​គ្រប់គ្រង​ដោយ​សមាជិក​ព្រឹទ្ធសភា​គណ​បក្សប្រជាជន​កម្ពុជា​គឺ​លោក​ ​លី យ៉ុងផាត់​ ​ថា​ ​ខ្លួន​នឹង​ដោះស្រាយ​ទំនាស់​ទាំងនោះ​ឲ្យបាន​មុនការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​ ២០១៨​នេះ។​ ​នេះបើ​យោង​តាមការ​បញ្ជាក់របស់​មន្ត្រី​សិទ្ធិមនុស្ស​ និង​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី។

កាល​ពី​ឆ្នាំ​២០០៨​ក្រុមហ៊ុន​ ​Union Development Group​ ​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន ​៤៥.១០០​ ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទី​ក្រុង​ទេស​ចរណ៍​ដ៏​ធំ​មួយ​ ​ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ។​ ​រីឯលោក​ ​លី យ៉ុងផាត់បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ​៩.៩៧៧​ ហិកតា​ពី​រដ្ឋាភិបាលនៅឆ្នាំ​ ​២០១០​ ​ដើម្បី​បង្កើតតំបន់​សេដ្ឋ​កិច្ច​ពិសេស​ ​(Special Economic Zone)​ ​នៅ​ខេត្ត​កោះកុង​។

លោក​ ហួរ អ៊ីន មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ប្រាប់​VOA ​នៅថ្ងៃ​សុក្រនេះ​ថា​ មាន​ប្រជាពលរដ្ឋ​ចំនួន​៨០គ្រួសារ​ បាន​ទៅ​ប្រជុំ​នៅ​សាលា​ខេត្តកោះកុង​កាលពី​ថ្ងៃព្រហស្បតិ៍ តាមការ​អញ្ជើញ​របស់​អ្នកស្រី​ មិថុនា ភូថង​អភិបាល​ខេត្តកោះ​កុង។

លោក ​ហួរ​ អ៊ីន​លើក​ឡើង​ថា​ អាជ្ញាធរ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា​ ក្រុមការងារ​ខេត្ត​នឹង​ផ្តើម​ការ​ស្រាវជ្រាវ​នៅ​ទី​តាំង​មាន​ទំនាស់​មួយ​ចំនួន​ក្នុង​ឃុំព្រែកខ្សាច់​ ស្រុក​គិរីសាគរ ខេត្តកោះកុង​ ដើម្បី​ធ្វើរបាយការណ៍​បញ្ជូន​ទៅ​ក្រសួង​បរិស្ថាន​ សម្រាប់​ការ​ពិចារណា​ និង​ផ្តល់​ដំណោះស្រាយ​។ លោក​បាន​បន្តថា​ ការណ៍​នេះ​ ជារឿង​កម្រ​មួយ​ដែលបាន​កើតឡើង​នៅខេត្តកោះកុង​ គ្រា​ដែល​អាជ្ញាធរ​បាន​បង្ហាញ​ចេតនា​ចង់បញ្ចប់​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​បង្កឡើង​ដោយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ទាំងនោះ។​

«គាត់​បាន​សន្យា​ថា​ នឹង​ដោះស្រាយ​ឲ្យបាន​រួចមុន​ពេលបោះឆ្នោត។ អីចឹង​ម្សិលមិញហ្នឹង​ ប្រជា​ពល​រដ្ឋ​ក៏គាត់​មានការ​រីករាយ​ដែរ​ ដែលគាត់​បាន​សំណូម​ពរ​របស់​គាត់​ហ្នឹង​ ដែល​ពីមុន​ហ្នឹង​មិន​ត្រូវបាន​អើ​ពើ​ តែ​ពេលនេះ​ត្រូវបាន​ខាង​អាជ្ញាធរ​ខេត្ត​ នឹង​ធ្វើសំណើរ​បញ្ជូនទៅ​ខាង​ក្រសួងបរិស្ថាន​ ដើម្បីស្វែង​រក​ដំណោះស្រាយ​របស់​ពួកគាត់​ ចំពោះ​លទ្ធផល​បែបណា​ទៀតនោះ​ យើង​ហ្នឹង​ចាំ​តាម​ដាន​មើល​ទាំង​អស់​គ្នា»។

VOA​ ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​អ្នកស្រី​ ​មិថុនា ភូថង អភិបាល​ខេត្តកោះកុង​ ​តែទូរសព្ទ​អ្នកស្រី​រោទិ៍​គ្មាន​អ្នក​ទទួល។

គម្រោង​របស់​ក្រុម​ហ៊ុន​ UDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​គ្រួសារ​ ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។​ ​ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួកគាត់​កាន់​កាប់​ បន្ទាប់​ពី​ពួក​គាត់​បាន​យល់​ព្រម​ថា ​នឹង​ចាក​ចេញ​ពី​ភូមិដ្ឋាន​ចាស់​ ​ទៅ​តាំង​លំនៅដ្ឋាន​នៅ​ភូមិដ្ឋាន​ថ្មី។​

ចំណែក​ទំនាស់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​លោក​ ​លី យ៉ុងផាត់​ ​បាន​ឈាន​ដល់​ដំណាក់​កាល​ដែល​តំណាង​អ្នកតវ៉ា​មួយ​ចំនួន​ត្រូវបាន​ចាប់​ខ្លួន។​ ​តួយ៉ាង​លោក​ហេង សុខ​ តំណាង​ពលរដ្ឋ​ប្រមាណ​៥០នាក់​ត្រូវបាន​អាជ្ញាធរចាប់​ឃុំខ្លួន​កាលពី​ខែកុម្ភៈ​ ​តាមចោទ​ប្រកាន់​របស់​តុលាការ​សាលាដំបូង​ខេត្ត​កោះកុង​ ពីបទ​«ប្រើ​អំពើ​ហិង្សា​ទៅលើ​អ្នក​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត»។

អ្នកស្រី​ ​ស៊ាង ពុយ ប្រជាពល​រដ្ឋ​មក​ពីឃុំកោះស្តេច​ ក្នុង​ស្រុក​គិរីសាគរ​ ដែល​បាន​ចូលរួម​ប្រជុំ​ជាមួយ​ អភិបាល​ខេត្តកោះកុង​ថ្លែង​ថា​ អ្នកស្រី​អភិបាល​ខេត្ត​បាន​ប្រាប់​ពល​រដ្ឋ​ថា​ ក្រុម​ការងារ​ខេត្ត​នឹង​ធ្វើការ​ជាមួយ​ខាង​ក្រសួង​បរិស្ថាន ​ដើម្បី​សិក្សា​លើ​សំណូមពរ​នានា​របស់​ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​វិវាទ។

«​គាត់​ប្រាប់ថា​ គាត់ឲ្យ​រង់ចាំ​ជូនដំណឹង​ ប្រហែល​ជា​១០ថ្ងៃ​ទៀត​ គាត់នឹង​យក​សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​ហ្នឹង​ ទៅឲ្យ​ខាង​ក្រសួង​បរិស្ថាន​ជាប្រធាន​អន្តរក្រសួង​ហ្នឹង​ តើ​សំណូមពរ​ប្រជាពលរដ្ឋ​ហ្នឹង​ ចង់​កាត់​ឆ្វៀល​ដី​? ចង់​ឲ្យមានការ​ជំរុញ​ការ​ដោះស្រាយ​ឲ្យ​លឿន​ ឲ្យឆាប់​ចឹង​ណ៎ា​! គាត់​ហ្នឹង​អនុ​ប្រធាន​ចឹង​ ​គាត់​មិន​អាច​អារកាត់​រឿងហ្នឹង​បាន​ចឹង​ណ៎ា!​ គាត់​យក​សំណូមពរ​ហ្នឹង​ ទៅជូន​អ្នកប្រធាន​គាត់ ហើយ​ប្រហែល​ជា​១០ថ្ងៃ​ទៀត​ គាត់​ឲ្យ​ដំណឹង»។

លោក​ ​ហួរ អ៊ីន​ ​មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះ​កុង​ ​ថ្លែង​បន្ថែម​ អាជ្ញាធរ​ខេត្ត និង​រដ្ឋាភិបាល​ត្រូវតែ​បន្ត​ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ ​ប្រសិនបើ​ផុត​ការ​បោះឆ្នោត​ទៅហើយនោះ​ ហើយ​ទំនាស់​នៅតែ​មិនទាន់​អាចត្រូវបាន​ដោះ​ស្រាយ​រួចនោះ។​

«ដំណោះ​ស្រាយ​ វាអាស្រ័យ​ទៅលើ​ក្រសួង​បរិស្ថាន​ ដែល​ជា​សេនាធិការ​ឲ្យ​រដ្ឋាភិបាល​ ត្រូវតែ​ដោះ​ស្រាយ​ជូន​ប្រជាពល​រដ្ឋ​ ព្រោះប្រជាពលរដ្ឋ​រង​ប៉ះពាល់​ ​ដោយ​សារ​រដ្ឋាភិបាល​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​សម្បទាន​ អីចឹង​មិន​អាច​ទុក​ពួកគាត់​ចោល​ទេ​ កុំគិត​ថា​ពេល​បោះឆ្នោត​ ឬមិន​បោះឆ្នោត​ ​ត្រូវតែ​ដោះ​ឲ្យ​ចប់»។​

លោក​ លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភារបស់​គណបក្ស​ប្រជាជនកម្ពុជា​ មានប្រសាសន៍​ប្រាប់​ VOA ​នៅថ្ងៃ​សុក្រ​នេះ​ថា​ ក្រុមហ៊ុនរបស់​លោកមិនមាន​ជាប់ពាក់​ព័ន្ធនឹង​ទំនាស់​ណាមួយ​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ទៀតនោះទេ។ ទាក់​ទិនករណីប្តឹង​ផ្តល់​លោក​ហេង សុខ​នោះ​ លោកសមាជិក​ព្រឹទ្ធសភា​បញ្ជាក់​ថា​ លោកហេង សុខ​ បាន​រំលោភមក​លើដីក្រុមហ៊ុន​ ដោយលោកហេង​ សុខ​មិន​មាន​ឯកសារ​ណាមក​បញ្ជាក់​ថា​ខ្លួន​មានកាន់កាប់ដី​នោះឡើយ។ លោកបាន​បន្តថា​ ក្រុមហ៊ុន​លោក​ក៏​បាន​ធ្វើការ​ឆ្វៀលដីជូនប្រជាពលរដ្ឋ​ក្នុង​ជម្លោះ​មួយ​ចំនួន​ ដែលពាក់​ព័ន្ធ​ដីសម្បទាន​សេដ្ឋ​កិច្ច​របស់​ក្រុមហ៊ុន​លោក​រួច​ហើយ​ផងដែរ។

«អីចេះ​ ឥឡូវ​គេ​មាន​សម្រេច​ចប់​អស់​ហើយ​ណ៎ា!​ ទូទាត់​អស់ហើយ​ ចង់​បាន​កន្លែង​ណា​ ឆ្វៀល​កន្លែង​ណា​ គេឆ្វៀល​អស់​ហើយ​តើ​ លោកមុន​ហ្នឹង​ ៣០០ហិកតា​ ណា៎!​ ៥០០ជាង​ហិកតា​ ឆ្វៀល​អស់​ហើយ​តើ​ អស់​៨០០ជាង​ហិកតា​ មានដីក្រុមហ៊ុននៅសល់​ ដីប៉ុន្មាន​មួយម៉ឺន​ គិតមើល​»។

ក្នុង​កិច្ច​ខិតខំ​បញ្ចប់​ទំនាស់​ដីធ្លីក្នុង​ខេត្តកោះកុង​នេះដែរ​ លោក​ ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី​ នគររូបនីយកម្ម​ និង​សំណង់​ កាល​ពីពេល​ថ្មីៗ​នេះ​ ​បាន​សន្យា​បញ្ចប់​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​ជាង​៣០០គ្រួសារ​ ​ជាមួយ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​ពីរ​ ដែលដើម​ឡើយ​ត្រូវ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ និង​ពលរដ្ឋ​អះអាង​ថា ​ស្ថិត​ក្រោមការ​កាន់​កាប់​របស់​លោកលី យ៉ុងផាត់។​ ​ការសន្យា​របស់​លោក​ ​ជា សុផារ៉ា​ ​បាន​ធ្វើ​ឡើង​ ​ក្រោយក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ ​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាច្រើន​លើក​ច្រើនសារ​ ហើយ​ថែមទាំង​មានការ​ប៉ះទង្គិចគ្នា​ជាមួយ​អាជ្ញាធរក្រុង​ទៀតផង។

លោក​ លី យ៉ុងផាត់​ ដែលមាន​ងារជា​ ​ឧកញ៉ា​បាន​បញ្ជាក់​ថា​ ​ក្នុងទំនាស់​ដីធ្លីរវាង​ប្រជាពលរដ្ឋ​ និង​ក្រុម​ហ៊ុន​ស្ករអំពៅទាំងពីរ​នោះ​ ក្រុមហ៊ុន​លោកមិន​មាន​ជាប់​ពាក់​ព័ន្ធអ្វីនោះឡើយ​ ហើយថា​ ក្រុម​ហ៊ុន​លោក​ក៏គ្មាន​កាន់​កាប់ចំណែកភាគហ៊ុន​ណាមួយក្នុង​ចម្ការអំពៅ​របស់ក្រុមហ៊ុន​ទាំងពីរនោះ​ផងដែរ៕

XS
SM
MD
LG