ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខេត្តកោះកុង​បន្ត​តស៊ូ​ទាមទារ​ដី​មាន​វិវាទ​ពី​ក្រុម​ហ៊ុន​ចិន UDG


រូប​ឯកសារ៖ ស្ត្រី​ពីរ​នាក់​ដើរ​កាត់​ផ្ទះ​ក្នុង​ឧទ្យានជាតិ​បុទុមសាគរ​ខេត្ត​កោះកុង ដែល​ត្រូវ​បាន​សាងសង់​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​​ជម្លៀសចេញ​ពី​ដី​ដែល​ត្រូវ​បាន​លក់។ រូបថតកាលពីថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ការ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​បាន​ផ្ទុះ​ឡើង​ជាថ្មីទៀត​ ដោយ​ពលរដ្ឋ​ និង​តំណាង​របស់​ពួកគាត់​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់​ ហើយ​ក្រុម​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​មក​ខេត្ត​របស់​ពួក​គេ​វិញ។ ​តួយ៉ាង​ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​៣០​នាក់​មកពី​ខេត្ត​កោះកុង​ បាន​មក​តវ៉ា​រក​ដំណោះស្រាយ​ដល់​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​បាន​បាត់​ដី​ធ្វើ​កសិកម្ម​តាំងពី​ឆ្នាំ​២០០៨​មក​នោះ។

ទោះបីជា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្លាប់​បាន​ធ្វើ​អន្តរាគមន៍​បញ្ជា​ឲ្យ​ក្រសួង​បរិស្ថាន​កាត់​ដី​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​ Union Development Group ​(UDG) ​ក្នុង​ស្រុក​គិរីសាគរ ​ខេត្ត​កោះកុង​ក៏​ដោយ​ ក៏​តំណាង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​កំពុង​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​នោះ​ បាន​បន្ត​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ទាម​ទារ​មក​វិញ​នូវ​ដី​ដែល​បាន​បាត់បង់​នោះ។

លោក ​រស់ សុផល​ វ័យ​៤០​ឆ្នាំ​ តំណាង​ពលរដ្ឋ​២១០​គ្រួសារ​ ក្នុង​ស្រុក​គិរី​សាគរ​ ខេត្ត​កោះកុង​ ថ្លែង​ថា​ ការ​បន្ត​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​បាន​ប្រឈម​នឹង​ការ​ខ្វះខាត​ ដោយ​សារ​ពលរដ្ឋ​ខ្លះ​បាន​ក្លាយ​ជា​កម្មករ​ ​ឯខ្លះ​ទៀត​ត្រូវបង្ខំ​ចិត្ត​ចុះ​ទូក​នេសាទ​ ដើម្បី​រក​ប្រាក់​ឧបត្ថម្ភ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

លោ​ក​រៀបរាប់​ថា៖​

«អត់មាន​អីធ្វើ​ផង​ឥឡូវ។ យើង​នៅ​ចុះទូក​អី​ ធ្វើ​ការ​ខ្ញុំ​គេ​ សំណង់​អីចឹង​ ដើរ​ធ្វើ​ខ្ញុំ​គេ។​ ពី​មុន​យើង​អត់​ដែល​ខ្ញុំ​គេ​ទេ។​ យើង​ធ្វើ​ខ្លួន​ឯង»។​

លោក​មាន​ប្រសាសន៍​ថា​ ការ​តវ៉ា​ដែល​បាន​បន្ត​ដល់​សព្វថ្ងៃ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បាត់​បង់​ផល​ប្រយោជន៍​ជាច្រើន។

«ខាត​ ខាត​ ខាត​ប្រយោជន៍​ធំ​ ព្រោះអី​ឃាត់​តាំង​ពីឆ្នាំ​២០០៨​មក​ ខាត​ពេល​វេលា​រក​ហូប​ ហើយ​ធ្វើ​ដាំ​ដំណាំ​អី​ ធ្វើស្រែ​ ធ្វើ​ស្រូវ​អី​អត់​បាន​ដែរ។ បា​ទ​ កាលពី​គាត់​មិន​ទាន់ឃាត់​ យើង​រាង​ធូរធារ​ជីវភាព​ ដល់​ពេល​គាត់​ឃាត់​ទៅ​ ជីវភាព​គាត់​យ៉ាប់​យ៉ឺនៗ​ ទាំង​គេ​ទាំង​ខ្ញុំ»។​

លិខិត​របស់​ទីស្តីការ​ដែល​មាន​យោង​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ដែល​បាន​ដាក់​ចូល​សាលា​ខេត្ត​កោះកុង​ កាលពី​ថ្ងៃ​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យ​ដើម​ថា៖​

«ក្រសួង​បរិស្ថាន​ត្រូវ​សិក្សា​ការ​កាត់​ឆ្វៀល​ដី​នៅ​ទីតាំង​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរីសាគរ​ និង​ទីតាំង​កៀន​ទឹក​ ឃុំ​ថ្មស​ ស្រុក​បទុម​សាគរ​ ខេត្តកោះកុង​ ចេញ​ពី​តំបន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ Union Development Group Co.,Ltd ​សម្រាប់​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធ»។​

រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ Union Development Group Co., Ltd ​ត្រូវ​រក្សា​ទុក​ព្រៃ​កោង​កាង​ ព្រៃលិច​ទឹក​ តំបន់​ព្រៃ​ស្រោង​ តំបន់​ទី​ជម្រាល​ភ្នំ​ ជា​តំបន់​អភិរក្សន៍​នៅ​ក្នុង​ប្លង់មេ​ និង​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន។​

គិតត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ ​VOA ​មិន​អាច​ទាក់​ទង​លោក​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​នាយក​ខុទ្ធ​កាល័យ​របស់​លោក​គឺ​លោក ​សៅ សុភាព​ ដើម្បី​សុំការ​បំភ្លឺ​បាន​ទេ​ ដោយសារ​ទូរស័ព្ទ​របស់​លោក​ទាំងពីរ​រោទិ៍ ​តែ​គ្មាន​អ្នក​ទទួល។​

ក្រុមហ៊ុន​ ​Union Development Group​ ​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន៤៥.១០០​ ហិកតា​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​៣,៨​ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​២០០៨។​ គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ស្កឹមស្កៃ​នេះ​កំពុង​ដំណើរការ​នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុមសាគរ​ ក្នុង​ខេត្ត​កោះកុង។​

គម្រោង​របស់​ក្រុម​ហ៊ុន​ UDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​គ្រួសារ​ ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។​ ​ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួកគាត់​កាន់​កាប់​ បន្ទាប់​ពី​ពួក​គាត់​បាន​យល់​ព្រម​ថា ​នឹង​ចាក​ចេញ​ពី​ភូមិដ្ឋាន​ចាស់​ ​ទៅ​តាំង​លំនៅដ្ឋាន​នៅ​ភូមិដ្ឋាន​ថ្មី។​

គម្រោង​សាង​សង់​ទីក្រុង​ទេសចរណ៍​របស់​ក្រុមហ៊ុន​ UDG ​នេះ​ ​អាច​នឹង​ប្រើ​ពេល​២៥​ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង។​ ​ទីក្រុង​នេះ​ ប្រសិន​បើ​សាងសង់​រួច​ នឹង​មាន​ព្រលាន​យន្តហោះ​ ​មណ្ឌល​ពាណិជ្ជកម្ម​ កំពង់​ផែ​ និង​ទីកន្លែង​កម្សាន្ត​ផ្សេង​ទៀត​ ដូច​ជា​កន្លែង​វាយ​កូន​គោល​ជាដើម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខេត្ត​កោះកុង​ កាល​ពី​ពេល​កន្លង​មក។​

ប៉ុន្តែការ​សិក្សា​ស្រាវជ្រាវ​មួយ​ ដែល​មាន​ចំណង​ជើង​ថា ​Harboured Ambition ​[មហិច្ឆិតា​ក្នុង​ការចូល​សំចត] ​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មេសា​ ដោយ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​ជាន់ខ្ពស់​ផ្នែក​ការពារ​ជាតិ ​[Center for Advanced Defense Studies]​ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក​ បាន​ព្រមាន​ថា តំបន់​អភិវឌ្ឍន៍​ខ្នាត​ធំ​ខាង​លើ​របស់​ក្រុមហ៊ុន ​UDG​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន ​ជា​ផ្នែក​មួយ​នៃ​គំរោង​ការ​យុទ្ធសាស្ត្រ​សន្តិសុខ​ និង​ភូមិ​សាស្ត្រ​នយោបាយ​របស់​ចិន​ នៅ​ក្នុង​តំបន់​ចុង​បូព៌ា ​ដូចយ៉ាង ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​ [Belt and Road Initiative] ​ជាដើម។​

ស្របគ្នា​នេះ​ដែរ ​មន្ត្រី​សិទ្ធិ​មនុស្សប្រចាំ​ខេត្ត​កោះកុង​ ថ្លែង​ថា​ មាន​ការ​វិវត្ត​យ៉ាង​យឺត​យ៉ាវ​ចំពោះ​គម្រោង​ដ៏ធំ​នេះ​ ដោយ​សារ​តែ​ដីធ្លី​ដែល​បាន​មក​ពីការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​ និង​ដី​ដែល​ទាមទារ​បាន​ពី​ប្រជា​ពលរដ្ឋ​ជិត​៤៦០០០​ហិកតា​នោះ​ ត្រូវ​បាន​ទុក​ឲ្យនៅ​ទំនេរ​ចោល​ ឬធ្វើ​សកម្មភាព​ដាំដុះ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG