ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​កោះកុង​ប្រកាស​ផែនការ​ដើម្បី​បញ្ចប់​វិវាទដី​ធ្លីរវាង​​ពលរដ្ឋ​និង​ក្រុម​ហ៊ុន​ចិន​UDG


រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

ពលរដ្ឋ​ដែល​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​​ជាង​មួយ​ទសវត្សរ៍​ជាមួយ​ក្រុមហ៊ុន​ចិន​ Union Development Group​ មាន​មតិ​ផ្សេងៗ​គ្នា​ នៅ​ពេល​អាជ្ញាធរ​ចាប់​​ធ្វើ​ការ​កំណត់​អត្ត​សញ្ញាណ​ដី​ ដើម្បី​ផ្តល់​ដំណោះ​ស្រាយ។ មន្ត្រីសិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះ​កុង​ថ្លែង​ថា​ នៅ​មិន​ទាន់​ប្រាកដ​ថា​ ជម្លោះ​រវាង​ក្រុម​ហ៊ុន​ចិន​និង​ពលរដ្ឋ​នោះ​​នឹង​ត្រូវ​បញ្ចប់​ឆាប់ៗ​នោះ​ទេ​ ដោយសារ​អាជ្ញាធរ​មើល​តែ​ទៅ​លើ​ដីកាន់​កាប់​ជាក់​សែ្តង​ ដោយ​មិន​ពិនិត្យ​មើល​ដី​ដែល​ពលរដ្ឋ​មាន​ឯកសារ​បញ្ជាក់​កម្ម​សិទ្ធិ។

អាជ្ញាធរ​ខេត្តកោះកុង ​នៅក្នុង​សប្តាហ៍នេះ​ ​បាន​ប្រកាស​ផែនការ​ចុះស្រាវ​ជ្រាវ​ផ្ទៃដី​ ​ដែល​ពល​រដ្ឋ​បាន​កាន់​កាប់ ​ហើយ​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន​ Union Development Group ​ហៅ​កាត់​ថា​ UDG។​ ​ការ​ស្រាវជ្រាវនេះ​គឺ​ជា​ផ្នែក​នៃ​ការ​ឈាន​ទៅដល់​ការ​បញ្ចប់​ទំនាស់​រវាង​ក្រុមហ៊ុន ​និង​ប្រជា​ពលរដ្ឋ​ក្នុងស្រុក​ចំនួន​ពីរ​របស់​ខេត្តកោះកុង​ ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​កោះកុង​ដែល​ ​VOA​ ​ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ។​

ក្រុម​ហ៊ុន​ចិន​ ​UDG​ ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាលទំហំ​ជាង​៤ម៉ឺន​ហិកតា​ តំាង​ពី​ឆ្នាំ​២០០៨ដើម្បី​សង់​ទីក្រុង​ទេសចរណ៍​ធំមួយ​គិតជា​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ​អាមេរិក។​ គម្រោង​នេះ​គឺ​កំពុង​ធ្វើ​នៅក្នុង​ស្រុក​ចំនួន​ពីរ​គឺស្រុក​គិរី​សាគរ​ និង​បទុមសាគរ​ ដែល​នៅ​ចំ​កណ្តាល​សួន​ឧទ្យាន​ជាតិ​បទុម​សាគរ​ ខេត្តកោះកុង។​

សេចក្តី​ប្រកាស​របស់​រដ្ឋបាល​សាលា​ខេត្ត​កោះកុង​ចុះថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​ក្រសួង​បរិស្ថាន​ និង​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយ​កម្ម​ និង​សំណង់​ សហការ​ជាមួយ​ក្រុម​ការងារ​ខេត្ត​ «នឹង​ចុះស្រង់​ទិន្នន័យ​កំណត់​អត្ត​សញ្ញាណ​ដី​ ដែល​ប្រជា​ពល​រដ្ឋ​រស់​នៅ​ កាន់កាប់​ ប្រើប្រាស់​ និង​អាស្រ័យ​ផល​ជាក់​ស្តែង»។​

សេចក្តី​ប្រកាស​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ចាប់​ពីថ្ងៃ​ទី​១០ ​ខែ​កក្កដា​ ឆ្នាំ២០១៨​ត​ទៅ​ ក្រុម​ការ​ងារ​នឹង​ចុះស្រង់​ទិន្នន័យ​នៅ​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរីសាគរ​ ដែល​គ្រោង​អនុវត្តរយៈពេល​៤​សប្តាហ៍។ ​ក្នុង​រយៈ​ពេល​នេះ​ សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែល​[មាន] ​ការ​ពាក់​ព័ន្ធ​ មក​បំពេញ​ឯកសារ​ផ្តល់​ព័ត៌មាន​ជាមួយក្រុម​ការងារ​ កុំបី​ខាន។​ ​ហួស​រយៈ​ពេល​កំណត់​នេះ​ ក្រុម​ការងារ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​ផល​ប្រយោជន៍​នានា​របស់​បងប្អូន​ឡើយ»។​

រដ្ឋបាល​ខេត្តកោះកុង​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ ក្រោយពី​បញ្ចប់​ការ​ចុះ​ស្រង់​ទិន្នន័យ​នៅឃុំ​ព្រែក​ខ្សាច់​នេះ​ ក្រុម​ការងារ​នឹង​បន្ត​ចុះ​ស្រង់​ទិន្នន័យ​នៅ​បណ្តា​ភូមិ​ និង​ឃុំ​ពាក់​ព័ន្ធ​ ដែល​ស្ថិត​ក្នុង​ស្រុក​គិរី​សាគរ​ និង​ស្រុក​បទុម​សាគរ​ រហូត​ដល់​ចប់​រួចរាល់​ជាស្ថាពរ។​

អ្នកស្រី​ ទិត្យ តេន វ័យ​ ៦១​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ​ស្រុក​គិរីសាគរ​ ខេត្ត​កោះកុង​បាន​ប្រាប់​ VOA ​ថា​ ​អ្នកស្រី​មិនមាន​សង្ឃឹម​សោះឡើយ​ចំពោះ​ការ​ទទួល​បាន​ដំណោះ​ស្រាយ​ សម្រាប់​ដី​ទំនាស់​ប្រមាណ​៤០​ហិកតា​ ដែល​ស្ថិត​នៅក្រៅ​ឃុំព្រែក​ខ្សាច់។​

អ្នកស្រី​លើក​ឡើង​ថា​ ទោះបី​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ នឹង​ចុះ​ស្រង់​ទិន្នន័យដី​នៅ​ភូមិ​ឃុំ ​ពាក់ព័ន្ធ​ក្តី​ ក៏អ្នក​ស្រី​នៅ​មាន​ក្តី​កង្វល់​ ព្រោះ​អាជ្ញាធរ​បាន​បញ្ជាក់​ថា ​នឹង​វាស់​វែង​តែដី​កំពុង​អាស្រ័យ​ផល​ ហើយ​មិន​បាន​និយាយ​ដល់​ដី​ ដែល​បាន​ទុក​ទំនេរ​ចោល ក្នុងពេល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​UDG​ នោះ​ទេ។

«គេ​ថា​ បងប្អូន​ ត្រូវមើល​ឲ្យ​ច្បាស់​ ស្តាប់​ឲ្យបាន​ អាស្រ័យ​ផល​ជាក់​ស្តែង​ គឺ​មាន​ដំណាំ​ មាន​ជា​ដូច​ថា​ ដំណាំ​ដែល​យើង​នៅ​មើល​ឃើញ​ជុំវិញ​ផ្ទះ​ អីចឹង​ណា៎! ​ប៉ុន្តែ​ទៅដល់​អា​ឆ្ងាយ​នោះ​ គាត់​ថា​ ដី​ព្រៃ​ ដីអី។ ​អាហ្នុង​សួរ​ថា​ បងប្អូន​បាន​ពីណា​មក​ ដី​ហ្នឹង​ ដីហ្នឹង​បាន​ពីណា​ បាន​ដោយ​របៀប​ណា»។​

អ្នកស្រី ​ទិត្យ​ តេន ​ដែល​បាន​មក​តវ៉ា​រក​ដំណោះ​ស្រាយ​រឿង​ទំនាស់​ដីធ្លី​នេះ​ នៅ​រាជធានី​ភ្នំពេញ​ជាញឹក​ញាប់​ថ្លែង​ថា ​ពលរដ្ឋ​នឹង​មិន​យល់​ព្រម​លើ​វិធាន​ការ​វាស់​វែង​តែដីអាស្រ័យ​ផល​ជាក់​ស្តែង​ ហើយ​ទាត់​ចោល​ដី​ពលរដ្ឋ​ខំ​កាប់​ឆ្កា​ ធ្វើ​ច្បារ​ដំណាំ​ រហូត​ត្រូវ​ទុក​ចោល​ នៅ​ពេល​ក្រុម​ហ៊ុន​ដដែល​នោះ​ចូល​មក​ដល់​នោះ​ទេ។​

«ថា ​ខ្ញុំ​ទៅ​ទន្ទ្រាន​ដីព្រៃ​យ៉ាង​ម៉េច?​ ១០​ជាង​ឆ្នាំ​ គិត​មើល ​ហើយ​អត់​ឲ្យ​ពួក​ខ្ញុំ​មក​ធ្វើ​ដី​ ​ព្រៃ​វា​មិន​ធំ?​ បើ​បើក​សិទ្ធិ​ឲ្យយើង​ទៅធ្វើ​អា​ហ្នឹង​ វាអាចនឹង​បាន​ បើ​ថា​ អត់​ឲ្យ​ធ្វើគឺមាន​ព្រៃ​ គឺ​នៅ​ជា​ព្រៃ​អីចឹង​ហ្មង»។​

អ្នកស្រី​បាន​បន្ថែម​ថា​ នៅក្នុង​ភូមិ​ព្រែក​ខ្សាច់ ពល​រដ្ឋ​ជិត​២០០​គ្រួសារ​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន​ UDG។​

ប៉ុន្តែ​ អ្នកស្រី​សាំង ពុយ​ ពលរដ្ឋ​រស់​នៅក្នុង​ឃុំ​កោះស្តេច​ ស្រុក​គិរីសាគរ​ ដែល​កំពុង​តវ៉ា​រក​ដំណោះ​ស្រាយ​សម្រាប់ជម្លោះ​ដី​ទំហំ​៨ហិកតា​ ក្នុង​ឃុំ​កោះ​ស្តេច​ ​ លើក​ឡើង​ថា ​ អ្នកស្រីមាន​ក្តី​សង្ឃឹម​តិចតួច​ចំពោះ​ការ​ទទួល​បាន​ដំណោះ​ស្រាយ​ ដោយសារ​តែ​ជាង​១០​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ​ ទើប​អាជ្ញាធរ​សម្រេច​បង្កើត​ឲ្យមាន​ក្រុម​ការងារ​ជាក់​លាក់​មក​ស្វែង​យល់​ទីតាំង​ទំនាស់​ផ្ទាល់​បែប​នេះ។ ​អ្នកស្រី​ថា​ ទំនាស់​រ៉ាំរ៉ៃ​នេះ​គួរតែ​ត្រូវ​បាន​បញ្ចប់​ដើម្បី​បញ្ជៀស​ការ​ខូច​ខាត​របស់​ប្រជា​ពលរដ្ឋ​ទាំង​ពេល​វេលា​ និង​លុយកាក់។​

«ប្រជា​ពលរដ្ឋ​រង់ចាំ​ ក៏​ចង់​ឲ្យវា​បញ្ចប់​ ឲ្យ​បញ្ចប់​អារឿង​ការ​វិវាទ​អីចឹង​។ វា​រង់​ចាំ​ វា​យូរ​ឆ្នាំ​អី​ចឹង​ណ៎ា!​ ​ការ​តវ៉ា​កន្លង​មក​ យើង​ក៏​អស់​ពេល​វេលា​ អស់​ថវិកា​ ហើយ​ខូច​ខាត​ច្រើន​ណាស់។​ យើង​ក៏ធុញ​ទ្រាន់​នឹង​ការ​តវ៉ា​ហ្នឹង​ដែរ ​អីចឹង​ណ៎ា»។​

គម្រោង​របស់​ក្រុម​ហ៊ុន​ UDG ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​គ្រួសារ​ចាក​ចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ជា​យូរ​មក​ហើយ។​ ​ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមស្រប​សម្រាប់​ដី​ដែល​ពួក​គាត់​កាន់​កាប់​ ហើយ​ខ្លះ​ទៀត​បាន​បន្ត​រស់​នៅ​ក្នុង​ដី​ដែល​មាន​ទំនាស់។ ​ពលរដ្ឋ​មួយ​ចំនួន​ក៏​ត្រូវ​រង​ការ​ប្តឹងផ្តល់​ពី​ខាង​ក្រុមហ៊ុន​ផង​ដែរ។​

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ អ៊ូច ទូច​ អ្នក​នាំពាក្យ​សាលា​ខេត្ត​កោះកុង​ តែ​ទូរស័ព្ទ​លោក​រោទិ៍​ គ្មាន​អ្នក​ទទួល។​

លោក​ ហួរ អ៊ីន​ មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ឃ្លាំ​មើលនិង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ មាន​ប្រសាសន៍​ថា​ មាន​ពលរដ្ឋ​ប្រមាណ​២១០​គ្រួសារ​ក្នុង​ឃុំ​ព្រែក​ខ្សាច់​ និង​ពលរដ្ឋ​ប្រមាណ​២០​គ្រួសារ​ក្នុង​ឃុំ​កោះស្តេច​ ស្រុក​គិរីសាគរ ​និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្សេង​ទៀត​ ក្នុងស្រុក​បទុម​សាគរ​ កំពុង​ជាប់​គាំង​ក្នុង​ទំនាស់​ដីធ្លីជាមួយ​ក្រុមហ៊ុន​ចិន​ UDG ​នេះ។​

លោក​អះអាង​ថា​ អាជ្ញាធរ​ខេត្ត​កោះកុង​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​ទំនាស់​នានា​ក្នុង​ខេត្តកោះកុង​ តែ​ថា ការ​ដោះស្រាយ​ទំនាស់​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ UDG ​នឹង​មិន​អាច​បញ្ចប់​បាន​ងាយ​ឡើយ ​ប្រសិន​បើ​អាជ្ញាធរ​ផ្អែក​លើ​ការ​ពន្យល់​របស់​ខ្លួន​ថា ​ នឹង​ដោះស្រាយ​តែ​លើ​ដី​ដែល​ប្រជា​ពលរដ្ឋ​រស់​នៅ​កាន់​កាប់​ ប្រើប្រាស់​ និង​អាស្រ័យ​ផល​ជាក់​ស្តែង​នោះ។​

«បើសិន​ជា​គាត់​គិត​ទៅលើ​ តើ​ដី​ហ្នឹង​មាន​ដំណាំ​ ឬក៏​អត់​គឺៗ​ វាៗ មិន​អាច​ដោះ​ស្រាយ​ចប់​ទេ​ ព្រោះ​ថា​ ដីៗ​ វាមានជម្លោះ​ជិត​១០​ឆ្នាំ​ហើយ​ ហើយ​ប្រជា​ពលរដ្ឋ​ក៏​មិន​អាចចូល​ទៅ​កាន់​កាប់​ ហើយ​មួយ​ចំនួន​ក៏ត្រូវ​ក្រុមហ៊ុន​ធ្វើការ​ឈូសឆាយ​ ឬ​ក៏​លួច​ដុត​ដែរ។ ​អីចឹង​អ្វីដែល​សំខាន់​ យើង​ត្រូវ​គិត​ តើ​គាត់​ហ្នឹង​កាន់​កាប់​មាន​លិខិត​ទទួល​ស្គាល់​ពីអាជ្ញាធរ​ទេ​ ទាំង​ការ​ទិញ​ ទាំងការ​លក់​ ហើយ​គាត់​រស់​នៅ​ក្នុង​ភូមិ​ឃុំ​ហ្នឹង​ទេ។​ បើគិត​តែ​ទៅលើ​អ្នក​ដែល​មាន​រស់​នៅ​ជាក់​ស្តែង​ រស់​នៅ​កាន់​កាប់​ជាក់​ស្តែង​ ទំនាស់​ហ្នឹង​ពិត​ជា​នៅ​អូស​បន្លាយ​ត​ទៅ​មុខ​ទៀត»។​

គម្រោង​សាង​សង់​ទីក្រុង​ទេសចរណ៍​របស់​ក្រុមហ៊ុន​ UDG ​នេះ​ ​អាច​នឹង​ប្រើ​ពេល​២៥​ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង។​ ​ទីក្រុង​នេះ​ ប្រសិន​បើ​សាងសង់​រួច​នឹង​មាន​ព្រលាន​យន្តហោះ​ ​មណ្ឌល​ពាណិជ្ជ​កម្ម​កំពង់​ផែ​ និង​ទីកន្លែង​កម្សាន្ត​ផ្សេង​ទៀត​ ដូច​ជា​កន្លែង​វាយ​កូន​គោល​ជាដើម។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ខេត្ត​កោះកុង​ កាល​ពី​ពេល​កន្លង​មក។​

យ៉ាងណាក៏​ដោយ​ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ ដែល​មាន​ចំណង​ជើង​ថា ​Harboured Ambition ​[មហិច្ឆិតា​ក្នុង​ការ​ចូល​សំចត] ​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មេសា​ដោយ​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​ជាន់ខ្ពស់​ផ្នែក​ការពារ​ជាតិ ​Center for Advanced Defense Studies ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហ​រដ្ឋ​អាមេរិក​ បាន​ព្រមាន​ថា ​តំបន់​អភិវឌ្ឍន៍​ខ្នាត​ធំ​ខាង​លើ​របស់​ក្រុមហ៊ុន ​UDG​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន ​ជា​ផ្នែក​មួយ​នៃ​គំរោង​ការ​យុទ្ធ​សាស្ត្រ​សន្តិសុខ​ និង​ភូមិ​សាស្ត្រ​នយោបាយ​របស់​ចិន​នៅ​ក្នុង​តំបន់​ចុង​បូព៌ា ​ដូចយ៉ាង ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវ៉ាត់​ និង​ផ្លូវ​ ​Belt and Road Initiative​ ​ជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG