សកម្មជនដីធ្លីខេត្តកោះកុងដែលមានវិវាទដីធ្លីជាមួយបុគ្គលម្នាក់ឈ្មោះ ហេង ហ៊ុយ ដែលគេស្គាល់ថាជាឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ក្នុងខេត្តកោះកុង និងជាឧត្តមសេនីយ៍ផ្កាយ២ បានស្នើឱ្យសាលាឧទ្ធរណ៍ខេត្តព្រះសីហនុទម្លាក់បទចោទលើពួកគេ ដោយអះអាងថា ពួកគេមិនបាន «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដូចអ្វីដែលតុលាការធ្លាប់ចោទប្រកាន់ឡើយ។
សកម្មជនដីធ្លីខេត្តកោះកុង អ្នកស្រី កើត នៅ អាយុ៣៧ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា កាលពីថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍ខេត្តព្រះសីហនុបានបើកសវនាការសំណុំរឿងរបស់សកម្មជនដីធ្លី ៩ នាក់ ដែលជាតំណាងសហគមន៍ដីធ្លី ១៩៧គ្រួសារ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង មកសាកសួរ។ ក្នុងសវនាការកាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រីថា អ្នកស្រីនិងតំណាងសកម្មជនដីធ្លីផ្សេងទៀតត្រូវបានតុលាការសាកសួរអំពីមូលហេតុនៃការប្តឹងទាស់នឹងសេចក្តីសម្រេចរបស់តុលាការខេត្តកោះកុង។
អ្នកស្រីប្រាប់វីអូអេថា៖ «យើងបានឆ្លើយបំភ្លឺថា ដោយសារតែយើងប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ក្រុងព្រះសីហនុ ដោយសារតុលាការដំបូងខេត្តកោះកុងកាត់ក្តីឱ្យយើងជាប់ពន្ធនាគារមួយឆ្នាំ ហើយបង់ប្រាក់ពិន័យរួមគ្នាទៀត គេនិយាយអ៊ីចឹង»។
សកម្មជនដីធ្លីរូបនោះស្នើឱ្យតុលាការទម្លាក់បទចោទលើអ្នកស្រី និងសកម្មជនដីធ្លីទាំង ៩ នាក់ទៀត ដោយអ្នកស្រីអះអាងថា វាជារឿងអយុត្តិធម៌មួយដែលសកម្មជនដីធ្លីរងការចោទប្រកាន់។
អ្នកស្រី កើត នៅ ថ្លែងថា៖ «ពួកខ្ញុំផ្ទាល់គឺ អយុត្តិធម៌មែនទែន ដោយសារតែយើងបាត់បង់ដីធ្លីហើយ មិនមានការដោះស្រាយអីមួយជាក់លាក់ មានតែប្រព័ន្ធតុលាការកោះហៅហើយកោះហៅទៀត អ៊ីចឹងឈឺចាប់។ សំណូមពរឱ្យតុលាការទម្លាក់បទចោទ ហើយរកភាពយុត្តិធម៌ជូនពួកយើង»។
សកម្មជនដីធ្លីខេត្តកោះកុងរូបនេះបន្ថែមទៀតថា អ្នកស្រី និងតំណាងសកម្មជនដីធ្លីផ្សេងទៀតមានការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈតុលាការតែងតែកោះហៅសកម្មជនឱ្យទៅបង្ហាញខ្លួន។
អ្នកស្រីបញ្ជាក់ថា៖ «ពិបាកមែនទែន! រាល់ថ្ងៃសព្វថ្ងៃ យើងគឺបាត់បង់ដីធ្លីហើយត្រូវបានតុលាការកោះហៅទៀត។ យើងបាត់ទាំងប្រាក់ចំណូលហើយបាត់ទាំងដីធ្លីអត់មាន ដីប្រកបមុខរបរចិញ្ចឹមជីវិត»។
បើតាមសកម្មជនដីធ្លីរូបនោះ រាល់ការកោះហៅពីតុលាការ មិនមានវត្តមានរបស់លោក ហេង ហ៊ុយ ដែលជាភាគីជម្លោះ ចេញមុខផ្ទាល់ទេ មានតែតំណាងមេធាវីរបស់លោកតែប៉ុណ្ណោះ។
ជាមួយគ្នានេះ តំណាងសកម្មជនដីធ្លីម្នាក់ទៀត អ្នកស្រី ដេត ហួរ អាយុ៣៩ឆ្នាំ បានឱ្យដឹងថា អ្នកស្រីក៏ត្រូវបានសាលាឧទ្ធរណ៍កោះហៅសាកសួរដែរ កាលពីថ្ងៃព្រហស្បតិ៍។ អ្នកស្រីអះអាងថា តុលាការខេត្តកោះកុងហាក់បីលម្អៀងទៅខាងភាគីលោក ហេង ហ៊ុយ។
អ្នកស្រីថ្លែងថា៖ «បើយើងបែងចែក ទៅខាងសាលាឧទ្ធរណ៍គាត់ចោទប្រកាន់យើងដែលគាត់មិនបានស្តាប់អត្ថន័យពួកយើងបានជាម្ចាស់ដីពិតប្រាកដ គាត់យកតែតាមចម្លើយរបស់លោក ហេង ហ៊ុយ ចោទប្រកាន់មកប្រជាពលរដ្ឋ។ គាត់អត់យកសាក្សីប្រជាពលរដ្ឋរស់នៅភូមិតានី ពិតប្រាកដដែលគាត់រស់នៅភូមិតានី អ៊ីចឹងគាត់អត់យកសាក្សីរស់ទេ បែបជាតុលាការកោះកុងយកចម្លើយតែ [លោក]ហេង ហ៊ុយ ម្នាក់»។
អ្នកស្រី ដេត ហួរ សង្ឃឹមថា សាលាឧទ្ធរណ៍ខេត្តព្រះសីហនុនឹងទម្លាក់បទចោទមកលើអ្នកស្រីនិងសកម្មជនដីធ្លីខេត្តកោះកុង នៅពេលប្រកាសសាលដីកានាខែវិច្ឆិកាខាងមុខ។
អ្នកស្រីប្រាប់វីអូអេថា៖ «ខ្ញុំមើលឃើញសាលាឧទ្ធរណ៍ថ្ងៃនេះ[សវនាការកាលពីថ្ងៃព្រហស្បតិ៍] គាត់សួរពួកយើងពីរឿងបានបរិហារកេរ្តិ៍[លោក] ហេង ហ៊ុយ ទេ? យើងបានញុះញង់ទេ? ជាក់ស្តែងខ្ញុំចរចាខ្ញុំមិនបានញុះញង់ មិនបានបរិហារទេ យើងនិយាយរឿងពិត។ អ៊ីចឹងខ្ញុំស្តាប់ទៅគឺ សាលាឧទ្ធរណ៍គាត់ដូចជាគាត់មិនយកទោសយើងធ្ងន់ធ្ងរទេ ខ្ញុំគ្រាន់តែសន្និដ្ឋាន ហើយជឿជាក់យ៉ាងមុតមាំ ថាសាលាឧទ្ធរណ៍ នឹងទម្លាក់ការចោទប្រកាន់លើរូបខ្ញុំ និងបងប្អូនយើង»។
អ្នកស្រីបន្តទៀតថា ប្រសិនបើតុលាការ និងក្រសួងពាក់ព័ន្ធមិនផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារដីធ្លីទេ នោះកាន់តែធ្វើឱ្យកើតមានការរំលោភសិទ្ធិលើប្រជាពលរដ្ឋ ព្រមទាំងធ្វើឱ្យកំណើននៃអត្រាការជំពាក់បំណុលកាន់តែកើនឡើងថែមទៀត។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ លោក លឹម ស៊ីណាត ប្រាប់វីអូអេថាតុលាការនឹងប្រកាសសាលដីកានៅថ្ងៃទី១១ ខែវិច្ឆិកា។
វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ហេង ហ៊ុយ ភាគីជម្លោះដីធ្លីបានដែរ។
សកម្មជនដីធ្លីទាំង ៩ នាក់នេះ ក្នុងនោះម្នាក់បានស្លាប់ ត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរខេត្តចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣ នៅពេលដែលពួកគេធ្វើដំណើរចេញពីខេត្តកោះកុងឡើងមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឱ្យទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនដីធ្លី។ ប៉ុន្តែតុលាការឃុំខ្លួនសកម្មជន ៣ នាក់តែប៉ុណ្ណោះ ហើយក្រោយមកអ្នកទាំង៣ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។
គួរបញ្ជាក់ថា កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុងបានចេញសាលក្រមផ្ដន្ទាទោសពួកគាត់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ពីបទបរិហារបង្កាច់កេរ្តិ៍ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕