អ្នក​វិភាគ​នយោបាយ​លោក​ គឹម សុខ​ បាន​ភៀស​ខ្លួន​ជាមួយ​កូន​ស្រី​ទៅ​កន្លែង​សុវត្ថិភាព​​

រូបឯកសារ៖ លោក​ គឹម សុខ​ អ្នកវិភាគនយោបាយ​ម្នាក់ ប្រាប់​អ្នកសារព័ត៌​មាន​ថា​ លោក​ គ្មានលុយ​បង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​​ សែន​នោះទេ ទាក់ទង​នឹង​សំណុំ​រឿង​ក្តី​ដែល​មេធាវី​លោក​នាយករដ្ឋ​មន្ត្រី​បាន​ដាក់​ទៅ​សាលារាជធានី​ភ្នំពេញ ​​នៅថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៧។​ (ហ៊ុល​ រស្មី​/VOA)​

អ្នក​វិភាគ​នយោបាយ​សង្គម​ លោក ​គឹម សុខ​ និង​កូនស្រី​របស់​លោក​ម្នាក់​ទៀត​អាយុ​៦ឆ្នាំ​បាន​ភៀស​ខ្លួន​ដល់​ទី​មាន​សុវត្ថិភាព​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​កន្លង​ទៅ។ ​នេះ​បើ​តាម​ប្រភព​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​តែ​មិន​ទាន់​មានការ​បញ្ជាក់​ពី​លោក​ គឹម សុខ​ ផ្ទាល់។​

ការ​ភៀស​ខ្លួន​របស់​អ្នក​វិភាគ​សង្គម​រូប​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ ហ៊ុន សែន បាន​គំរាម​ចាប់​ខ្លួន​លោក​ឡើង​វិញ ​ប្រសិន​បើ​អ្នក​វិភាគ​រូប​នេះ​ នៅ​តែ​ហ៊ាន​និយាយ​រិះ​គន់​របប​ក្រុង​ភ្នំពេញ​ត​ទៅ​ទៀត​នោះ។

លោក ​គឹម សុខ ត្រូវ​បាន​តុលាការ​នៃ​របប​លោក​ ហ៊ុន សែន​ ដោះ​លែង​ឲ្យ​មាន​សេរីភាព​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា ​ក្រោយ​ពី​លោក​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​១៨​ខែ​ គ្រប់​អាជ្ញាយុកាលដោយ​សារ ​លោក​ ហ៊ុន សែន ​ប្តឹង​រូប​លោក​ថា បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។

ប៉ុន្តែ​លោក ​គឹម សុខ នៅ​ជាប់​ក្នុង​សំណុំរឿង​មួយ​ទៀត​ពី​ការ​ចោទ​ថា​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ​តែ​រកឃាតក​មិន​ឃើញ។
លោក​ ហ៊ុន សែន កាល​ពីថ្ងៃ​ទី​២៩​ខែ​សីហា ​អះអាង​ថា ​លោក ​គឹម សុខ នៅ​មិន​ទាន់​បង់ប្រាក់​សំណង​ចំនួន​៨០០​លាន​រៀល ឬស្មើ​នឹង​ប្រមាណ​២០​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​គណបក្ស​កាន់​អំណាច​នៅ​ឡើយ​ទេ​ ក្រោយ​ពេល​ចេញ​ពី​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​ទីមួយ​នោះ។

ជា​ការ​ឆ្លើយ​តបលោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនីហ្វេសប៊ុក​របស់​លោក​ថា ​លោក​គ្មាន​លុយ​សង​លោក ហ៊ុន សែន នោះ​ទេ​ គឺ​មាន​តែ​បេះ​ដូង​ស្នេហា​ជាតិ​មួយ​ប៉ុណ្ណោះ ​ហើយ​បើ​លោក​ហ៊ុន សែនចង់​បាន​បេះ​ដូង​របស់​លោក​ទៀត​នោះ​ គឺ​មានតែ​បញ្ជា​ឲ្យ​សភា​ឯកបក្ស​ថ្មី​របស់​លោក​ធ្វើ​ច្បាប់​ថ្មី​មួយ​ដើម្បី​វះ​កាត់​យក​បេះ​ដូង​របស់​លោក​ទៅ៕