សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំ ជាលើកទី២របស់លោក គឹម សុខ អ្នកវិភាគនយោបាយ ដែលតែងរិះគន់រដ្ឋាភិបាល។ តុលាការអះអាងថា លោក គឹម សុខ នឹងរត់គេចខ្លួន ប្រសិនបើតុលាការដោះលែងឲ្យនៅក្រៅឃុំ។ នេះបើតាមការឲ្យដឹងរបស់មេធាវី។
ក្រោយសវនាការរយៈពេលជាង១ម៉ោង ដោយមានការលើកឡើងពីមូលហេតុស្នើសុំនៅក្រៅឃុំ និងមូលហេតុដែលមិនអាចឲ្យនៅក្រៅឃុំរបស់មេធាវីទាំងដើមចោទ និងចុងចោទ ព្រមទាំងការសន្និដ្ឋានរបស់តំណាងអយ្យការបានបញ្ចប់ តុលាការបានច្រានចោលបណ្តឹងសុំនៅក្រៅឃុំនោះ និងសម្រេចបន្តឃុំខ្លួនលោក គឹម សុខ ក្នុងពន្ធនាគារ រង់ចាំការជំនុំជម្រះនៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។
លោក គី តិច មេធាវីតំណាងឲ្យលោក ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោក គឹម សុខ ថា លោកពេញចិត្តចំពោះការសម្រេចរបស់តុលាការដែលមិនឲ្យលោក គឹម សុខ នៅក្រៅឃុំ។ លោកបន្ថែមថា លោក គឹម សុខ បានថ្លែងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ ដូច្នេះលោករំពឹងថា តុលាការនឹងដាក់ទោសលោក គឹម សុខ កម្រិតអតិបរមានៃទោសដែលលោកបានប្រព្រឹត្ត។
លោក គី តិច ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ៖
«ជាក់ស្តែងគឺបទល្មើស គឹម សុខ ដែលបានប្រព្រឹត្តនេះធ្វើឲ្យខូចខាតមានទំហំធំធេង ព្រោះវាប៉ះពាល់ទៅដល់ស្ថាប័នមួយដែលស្អាតស្អំ ដែលជាស្ថាប័នកំពូល ហើយជាស្ថាប័នដែលកំពុងតែកាន់អំណាចដឹកនាំប្រទេស។ អីចឹង ការដែលចោទប្រកាន់ផ្ទុយពីការណ៍ពិតនេះគឺថា ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាហ្នឹងបាត់បង់ប្រជាប្រិយភាព ក៏ដូចជាបាត់បង់កិត្យានុភាព។ ភាពស្អាតស្អំរបស់គណបក្សប្រជាជនត្រូវបានបាត់បង់ដោយសារអំពើរបស់ គឹម សុខ។ ចំពោះខ្ញុំ ខ្ញុំចង់ឲ្យតុលាការផ្តន្ទាទោស គឹម សុខ ក្នុងកម្រិតអតិបរមានៃច្បាប់»។
លោក គឹម សុខ អ្នកវិភាគនយោបាយដែលតែងរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនសំចៃមាត់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យឃុំខ្លួនបណ្ដោះអាសន្នកាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បានប្ដឹងថា លោក គឹម សុខ បានអធិប្បាយចោទថា គណបក្សប្រជាជនកម្ពុជា និងលោកជាប់ពាក់ព័ន្ធនឹងឃាតកម្មលើរូបលោក កែម ឡី អ្នកវិភាគសង្គមដ៏ល្បីមួយរូប ដែលត្រូវបានឃាតករបាញ់សម្លាប់ក្នុងហាងកាហ្វេមួយ នៅកណ្តាលរាជធានីភ្នំពេញ កាលពីខែកក្កដាឆ្នាំមុន។
បើតាមបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ដែលមានចែងក្នុងមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ លោក គឹម សុខ នឹងត្រូវប្រឈមការដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ។
ក្រៅពីបទល្មើសដែលតុលាការបានចោទ និងបើកសវនាការនាពេលខាងមុខ លោក គឹម សុខ ក៏នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយដោយលោក ហ៊ុន សែន ដដែល គឺបទពាក់ព័ន្ធនឹងការដែលលោក គឹម សុខ អត្ថាធិប្បាយថា ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្នបណ្ដោយឲ្យមានការសម្លាប់មនុស្ស ហើយមិនរកមុខឃាតករពិត ដូចជាក្នុងករណីលោក កែម ឡី លោក ជា វិជ្ជា ព្រះសង្ឃ សម ប៊ុនធឿន និងលោក ឈុត វុទ្ធី ជាដើម។
លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ ដែលបានចូលរួមសវនាការនាព្រឹកថ្ងៃអង្គារនេះ បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការថា លោក គឹម សុខ គួរតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីតុលាការបិទបញ្ចប់ការស៊ើបសួរ និងត្រៀមបើកសវនាការជំនុំជម្រះ។ លោកបន្ថែមថា ការមិនអនុញ្ញាតឲ្យកូនក្តីរបស់លោកបាននៅក្រៅឃុំដើម្បីពិភាក្សាជាមួយមេធាវី និងស្វែងរកភស្តុតាងបន្ថែមក្នុងសវនាការជម្រះខាងមុខ គឺជាការសម្រេចដែលអយុត្តិធម៌។
លោក ជូង ជូងី បញ្ជាក់ថា៖
«ក្នុងការតតាំងហ្នឹងគឺមិនបានយុត្តិធម៌ទាល់តែសោះ ខណៈដែលដើមបណ្តឹងជាប្រធានគណបក្សកាន់អំណាច ហើយជាប្រមុខរដ្ឋាភិបាល ឯចំណែកលោក គឹម សុខ គឺជាប្រជាពលរដ្ឋសាមញ្ញ ហើយត្រូវបានឃុំខ្លួន ហើយក្នុងការធ្វើការជាមួយមេធាវីគឺមានភាពស្តួចស្តើង ឬក៏ប្រផិតប្រផើយ គឺពេលវេលាស្តួចស្តើងណាស់។ អាហ្នឹងប៉ះពាល់ដល់យុត្តិធម៌ក្នុងការរកយុត្តិធម៌ដល់លោក គឹម សុខ»។
ក្នុងបណ្តឹងសុំនៅក្រៅឃុំនោះ លោក គឹម សុខ បានស្នើដាក់លិខិតឆ្លងដែន ដាក់ប្រាក់តម្កល់ ព្រមទាំងស្នើឲ្យតុលាការចាត់កម្លាំងតាមលោកគ្រប់ពេលដើម្បីធានាថា លោកនឹងមិនអាចរត់គេចទៅណា។ ទោះជាយ៉ាងណា តុលាការគ្រប់ជាន់ថ្នាក់បានសម្រេចបន្តឃុំខ្លួនលោក គឹម សុខ ដោយមូលហេតុដូចៗគ្នាថា ការអនុញ្ញាតឲ្យលោកនៅក្រៅឃុំនឹងបង្កឲ្យមានអសន្តិសុខសង្គម។
ក្រោយពីបដិសេធបណ្តឹងសុំនៅក្រៅឃុំនាព្រឹកថ្ងៃអង្គារនេះ សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការជំនុំជម្រះ នៅរសៀលថ្ងៃទី២៦ ខែកក្កដាខាងមុខ លើអង្គសេចក្ដីករណីលោក គឹម សុខ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន នៅពីក្រោយការសម្លាប់លោក កែម ឡី៕