លោកJohn Kerry អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានរិះគន់យ៉ាងខ្លាំងដល់ការសម្រេចរបស់ប្រធានាធិបតីត្រាំ ដែលមិនទទួលស្គាល់ថា ប្រទេសអ៊ីរ៉ង់បានអនុវត្តទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាដោយមហាអំណាចទាំង៦នៅឆ្នាំ២០១៥។
លោក Kerry បានប្រសាសន៍ថា ការសម្រេចនេះជា«ការបោះបង់ចោលនូវការ ពិតដែលគ្មានគិតមុខក្រោយ មានទំនោរបង្កើតមោទនភាពខ្លួនឯងនិងមនោគមវិជ្ជា»។ លោក Kerry ដែលបានចរចាកិច្ចព្រមព្រៀងនោះបាននិយាយទៀតថា ប្រធានាធិបតី ត្រាំ បានធ្វើឲ្យសមត្ថភាពរបស់យើងចុះខ្សោយ ធ្វើឲ្យបាត់បង់សម្ព័ន្ធមិត្ត ផ្តល់អំណាចដល់ពួកអ៊ីរ៉ង់ប្រកាន់នយោបាយតឹងរ៉ឹង ធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងក្នុងការដោះស្រាយបញ្ហាប្រទេសកូរ៉េខាងជើង ហើយនឹងធ្វើឲ្យមានគ្រោះថ្នាក់ដោយជំរុញយើងឲ្យខិតជិតជម្លោះខាងយោធា។
ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលខ្លួនបានចុះហត្ថលេខាជាមួយមហាអំណាចទាំង៦នៅឆ្នាំ២០១៥ មិនអាចដកវិញបានទេ។
ក្នុងសុន្ទរកថាតាមទូរទស្សន៍ផ្សាយទូទាំងប្រទេសជាតិបន្ទាប់ពីសុន្ទរកថារបស់ប្រធានាធិបតីត្រាំ លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់បានជំរុញប្រទេសជាហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងនោះឲ្យគោរពការសន្យារបស់ខ្លួន។លោកបានហៅការអនុវត្តផែនការដ៏ធំទូលាយរួមគ្នាមួយឬ JCPOA ជាការសម្រេចដ៏ធំធេងមួយនៅក្នុងវិស័យការទូតអន្តរជាតិ ហើយលោកបាននិយាយទៀតថា អ៊ីរ៉ង់នឹងបន្តអនុវត្តកិច្ចព្រមព្រៀងនោះ៕