ប្រធានឆ្មាំបដិវត្តន៍ដ៏មានអានុភាពរបស់អ៊ីរ៉ង់កំពុងតែព្រមានដល់មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ាថាអាចប្រឈមនឹងហានិភ័យនៃការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មថ្មីទៀតទៅលើរដ្ឋាភិបាលក្រុងតេហេរ៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានគម្រោងនឹងប្រកាសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះថា អ៊ីរ៉ង់មិនអនុវត្តទៅតាមកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥ ដែលបង្ក្រាបសព្វាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែក្រោយមក លោកបានទុកពេលដល់សភារយៈពេល៦០ថ្ងៃ ដើម្បីសម្រេចថាតើគួរបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ឬយ៉ាងណា។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់បានស្រង់សម្តីរបស់មេបញ្ជាការឆ្មាំល្បាត លោក Mohammad Ali Jafari ចំពោះការព្រមានកាលពីថ្ងៃអាទិត្យថា ប្រសិនបើនឹងមានការដាក់ទណ្ឌកម្មថ្មីមែននោះ សហរដ្ឋអាមេរិកនឹង «ត្រូវផ្លាស់ប្ដូរមូលដ្ឋានទ័ពថ្នាក់តំបន់របស់ពួកគេទៅចម្ងាយ២០០០គីឡូម៉ែត្រពីកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់»។
មូលដ្ឋានយោធាអាមេរិកមានទីតាំងនៅក្នុងប្រទេសបារ៉ែន អ៊ីរ៉ាក់ អូម៉ង់ និងអាហ្វហ្គានីស្ថាន ហើយមូលដ្ឋានទាំងនោះសុទ្ធតែស្ថិតក្នុងចម្ងាយ៥០០គីឡូម៉ែត្រពីព្រំប្រទល់របស់អ៊ីរ៉ង់៕