លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងអំពាវនាវឲ្យចាត់វិធាន ការខ្លាំងៗថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយនឹងបដិសេធមិនទទួលស្គាល់ថា រដ្ឋាភិបាលអ៊ីរ៉ង់បានអនុវត្តទៅតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរចាស់ដែលមានចំណាស់២ឆ្នាំ។ ក៏ប៉ុន្តែ នៅក្នុងសុន្ទរកថាស្តីពីគោលនយោបាយដ៏សំខាន់មួយកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីបានឈប់អំពាវនាវឲ្យបោះបង់ចោលនូវកិច្ចព្រមព្រៀងនោះ។
ថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានស្តីពីយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកមុនពេលសុន្ទរកថារបស់លោកប្រធានាធិបតី លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានបញ្ជាក់ថា ចំណាត់ការរបស់លោកប្រធានាធិបតីមិនបានផ្លាស់ប្តូរការតាំងចិត្តរបស់សហរដ្ឋអាមេរិកដល់កិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលបានធ្វើឡើងជាមួយសមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសហភាពអឺរ៉ុបទេ។
ទោះយ៉ាងណាក៏ដោយ ចំណាត់ការរបស់ប្រធានាធិបតីតម្រូវឲ្យមានការយល់ព្រមពីសភាដើម្បីពិចារណាឡើងវិញនូវច្បាប់ដើម្បីពិនិត្យមើលកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើងវិញដែលហៅកាត់ថា INARA។ INARA ជាច្បាប់មួយរបស់សហរដ្ឋអាមេរិកដែលតម្រូវឲ្យប្រធានាធិបតីបញ្ជាក់ជារៀងរាល់៩០ថ្ងៃ ថាតើអ៊ីរ៉ង់បានអនុវត្តទៅតាមកិច្ចព្រមព្រៀងនោះដែលហៅថា សកម្មភាពនៃផែនការដ៏ធំទូលាយរួមគ្នាឬ JCPOA ដែរឬទេ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានមានប្រសាសន៍ទៀតថា៖ «នេះជាចំណាត់ការយុទ្ធសាស្រ្តដ៏សំខាន់មួយជាងចំណាត់ការយុទ្ធសាស្រ្តដ៏សំខាន់ជាមួយអ៊ីរ៉ង់កាលពីអតីតកាល។ គោលបំណងនេះគឺថា យើងនឹងស្ថិតនៅក្នុងសកម្មភាពនៃផែនការដ៏ធំទូលាយរួមគ្នាឬ JCPOA ក៏ប៉ុន្តែ លោកប្រធានាធិបតីត្រាំនឹងមិនទទួលស្គាល់នូវក្រោមកិច្ចព្រមព្រៀង INARA ទេ»៕