ប្រធានាធិបតី​កេនយ៉ា​នឹង​បន្ត​គ្រប់គ្រង​ប្រទេស​ដែល​កំពុង​មាន​ការ​ប្រេះស្រាំ

លោក Uhuru Kenyatta ប្រធានាធិបតី​កេនយ៉ា ថ្លែង​ទៅ​កាន់​អ្នក​គាំ​ទ្រ​គណបក្ស​លោក​នៅ​ក្រុង​ណៃរ៉ូប៊ី កាល​ពី​ពេល​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​២៣ ខែតុលា។

ប្រធានាធិបតី​កេនយ៉ា​លោក Uhuru Kenyatta ត្រូវ​បាន​ប្រកាស​ថា​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឡើង​វិញ​នៅ​ប្រទេស​កេនយ៉ា ដោយ​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី។

ស្រប​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​លោក ស្រែក​ច្រៀង​អបអរ​ជ័យជម្នះ​នេះ អ្នក​ប្រឆាំង​នានា​មាន​ទស្សនៈ​ផ្សេង​ពី​នេះ​សម្រាប់​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​រូប​នេះ។

ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​កេនយ៉ា លោក Wafula Chebukati បាន​ប្រកាស​ពី​ជ័យជម្នះ​របស់​លោក Kenyatta ដោយ​និយាយ​ថា លោក​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៩៨ ភាគរយ ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​ទាំង​អស់។

លោក​ Kenyatta បាន​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ស​បញ្ជាក់​សារ​ជា​ថ្មី​ពី​ឆន្ទៈ​ជា​ទូទៅ​របស់​អ្នក​បោះឆ្នោត​ក្នុង​ការ​គាំទ្រ​រូប​ខ្ញុំ​ឲ្យ​ដឹកនាំ​ប្រទេស និង​គាំទ្រ​រដ្ឋាភិបាល​ដែល​មាន​អាយុ​កាល​រាប់​ទសវត្សរ៍​របស់​យើង​នោះ​ទេ ដែល​នេះ​ជា​ជម្រើស​របស់​អ្នក​បោះឆ្នោត»។

អ្នក​ជំនាញ​កិច្ចការ​ទ្វីប​អាហ្វ្រិក​លោក Chris Hennemeyer បញ្ជាក់​ថា លោក Kenyatta ត្រូវ​ប្រកាន់​ខ្ជាប់​គោលជំហរ​ផ្សេង​ពី​នេះ ដោយ​លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ គឺ​វា​អាស្រ័យ​លើ​លោក​Kenyatta ក្នុង​ការ​សម្រេច​ថា​តើ​គាត់​ចង់​បង្ហាញ​ខ្លួន​ជា​មេដឹកនាំ​សម្រុះសម្រួល​មួយ ដែល​ព្យាយាម​បង្រួបបង្រួម​ប្រទេស​កេនយ៉ា ឬ​ក៏​ថា​តើ​នេះ​មិន​មែន​ជា​ជម្រើស​របស់​លោក ឬ​ក៏​យ៉ាង​ណា​នោះ។ បន្ទាប់​ពី​លោក​បាន​ថ្លែង​សុន្ទរកថា​កាល​ពី​ពេល​ថ្មីៗ​នេះ​មក មើល​ទៅ ដូចជា​លោក​មិន​ចង់​ពិភាក្សា​ជាមួយ​មេ​បក្ស​ប្រឆាំង​លោក Raila Odinga ដើម្បី​ព្យាយាម​ស្វែង​រក​ចំណុច​រួម​គ្នា និង​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅ​មុខ​នោះ​ទេ»។

ទោះ​ជា​យ៉ាងណា​ក្ដី លោក Hennemeyer ក៏​បាន​និយាយ​ថា លោក Kenyatta ដឹង​ថា ប្រទេស​របស់​លោក​ជា​ចំណុច​សំខាន់​មួយ​នៅ​តំបន់​អាហ្វ្រិក​ខាង​កើត។ លោក​បាន​មាន​ប្រសាសន៍​ថា៖ «លោក Kenyattaយល់​ថា អ្វីៗ​ទាំងអស់​ត្រូវ​តែ​បន្ត​ទៅ​មុខ ហេតុ​ដូច្នេះ​ខ្ញុំ​គិត​ថា ប្រទេស​កេនយ៉ា​នឹង​មិន​ក្លាយ​ជា​រដ្ឋ​ដួល​រំលំ ឬ​រដ្ឋ​ដែល​មិន​ដំណើរ​ការ​នោះ​ទេ»។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក Raila Odinga ដែល​បាន​បោះបង់​ចោល​ការ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​សារ​ជា​ថ្មី​នេះ បាន​អំពាវនាវ​ដល់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ឲ្យ​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត។ លោក​ក៏​បាន​ចោទ​សួរ​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ផង​ដែរ។

អ្នកនាង Kamissa Camara ប្រធាន​ទទួល​បន្ទុក​កិច្ចការ​តំបន់​ភាគ​ខាងត្បូង​នៃ​វាល​ខ្សាច់​សាហារ៉ា​នៅ​ទ្វីប​អាហ្វ្រិក ប្រចាំ​អង្គការ PartnersGlobal បាន​និយាយ​ថា៖ «លោក Odinga និង​អ្នក​គាំទ្រ​របស់​លោក​ភាគ​ច្រើន ពិត​ជា​ធ្វើ​ពហិការ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត។ មាន​តែ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​តែ​មួយ​ភាគ​បី​ប៉ុណ្ណោះ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ឡើង​វិញ​នេះ។ ដូច្នេះ ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ចោទ​សួរ​ដ៏​ធំ​មួយ​ទៅ​លើ​ភាព​ស្រប​ច្បាប់​របស់​លោក​ប្រធានាធិបតី Uhuru Kenyatta»។

នេះ​ជា​ពេលវេលា​ដ៏​លំបាក​បំផុត​មួយ​សម្រាប់​ប្រទេស​កេនយ៉ា។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​ទ្វីប​អាហ្វ្រិក នៃ​វិទ្យាស្ថាន International Republican Institute (IRI) លោក​ John Tomaszewski ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​កេនយ៉ា​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នេះ។

លោក​បាន​និយាយ​ថា៖ «យើង​ធ្លាប់​បាន​ឃើញ​វដ្ដ​នៃ​ការ​បោះឆ្នោត​ដ៏​តឹងតែង​មួយ ហើយ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ថ្ងៃ​នេះ​គឺ​ជា​ជំហាន​ដ៏​លំបាក​មួយ​នៅ​ក្នុង​រឿងរ៉ាវ​វិវត្ត​ដែល​នឹង​មិន​បញ្ចប់​នៅ​ថ្ងៃ​នេះ​នោះ​ទេ។ ខណៈ​ដែល​រដ្ឋាភិបាល​ដែល​មាន​អាយុ​កាល​រាប់​ទសវត្សរ៍​នេះ​មាន​បំណង​នឹង​បន្ត​ទៅ​មុខ គណបក្ស​មហា​សម្ពន្ធភាព​ជាតិ​ដែល​ហៅ​កាត់​ថា NAS នៅតែ​ប្រកាន់​គោលជំហរ​របស់​ខ្លួន​ដដែល ហើយ​ខ្ញុំ​គិត​ថា យើង​នឹង​បន្ត​ឃើញ​ការ​ពិភាក្សា​ពី​បញ្ហា​នេះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត»។

ប្រែស​ម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា