លោក Uhuru Kenyatta ប្រធានាធិបតីដែលកំពុងកាន់តំណែងនៅប្រទេស Kenya បានជាប់ឆ្នោតជាប្រធានាធិបតីក្នុងការបោះឆ្នោតដោយមានសំឡេងជាង៩៨%នៃសន្លឹកឆ្នោតទាំងអស់ ខណៈគណបក្សប្រឆាំងបានធ្វើពហិកា។ នេះបើតាមការប្រកាសរបស់គណៈកម្មការបោះឆ្នោតកាលពីថ្ងៃចន្ទ។
លោក Wafula Chebukati ប្រធានគណៈកម្មការបោះឆ្នោតបាននិយាយថា ចំនួនអ្នកបោះឆ្នោតមានមិនដល់៣៩%ទេក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុប១៩,៦លាននាក់។
អ្នកចេញមកបោះឆ្នោតមានចំនួនតិចដូចរំពឹងទុក ដោយសារលោក Raila Odinga មេដឹកនាំគណបក្សប្រឆាំងដែលដកខ្លួនចេញពីការបោះឆ្នោតឡើងវិញ បានអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកកុំទៅបោះឆ្នោត។ ការបោះឆ្នោតនៅខែតុលានេះគឺជាការរៀបចំបោះឆ្នោតឡើងវិញ បន្ទាប់ពីការបោះឆ្នោតកាលពីខែសីហា។ លោក Kenyatta ឈ្នះឆ្នោត ប៉ុន្តែតុលាការកំពូលលុបចោទលទ្ធផលនោះ ដោយសារមានភាពមិនប្រក្រតី ក្នុងការបញ្ជូនលទ្ធផល។ លោក Chebukati និយាយថា គណៈកម្មការបោះឆ្នោតសម្រេចថា ក្នុងការបោះឆ្នោតលើកនេះមិនមានភាពមិនប្រក្រតីទេ៕