លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានសោកស្តាយដល់ការផ្តន្ទាទោសកាលពីថ្ងៃអង្គារអំពីការចោទប្រកាន់បទឧក្រិដ្ឋសហព័ន្ធទៅលើលោក Paul Manafort អតីតអ្នកចាត់ចែងការឃោសនាបោះឆ្នោតរបស់លោកដែលនៅពេលនេះប្រឈមនឹងការជាប់គុករាប់ទសវត្សរ៍។
លោក ត្រាំ បាននិយាយប្រាប់ពួកអ្នកកាសែតនៅឯចំណតយន្តហោះ Yeager ក្នុងក្រុង Charleston រដ្ឋ West Virginia ថា វាជាអ្វីមួយគួរឱ្យសោកស្តាយណាស់ដែលបានកើតមានឡើង។ លោកបាននិយាយបន្ថែមថា លោកមានអារម្មណ៍មិនល្អសោះចំពោះលោក Manafort ដែលគណៈវិនិច្ឆ័យមួយបានរកឃើញថា លោកមានទោសពីបទចោទប្រកាន់៨ខ អំពីការលួចបន្លំ។
នៅក្រោយរយៈពេលពិភាក្សាគ្នាបួនថ្ងៃមក គណៈវិនិច្ឆ័យនៅក្នុងក្រុង Alexandria រដ្ឋ Virginia មិនអាចសម្រេចជាឯកច្ឆ័ន្ទអំពីការចោទប្រកាន់១០ខទៀតទេ ហើយចៅក្រមាបានប្រកាសអំពីការជម្រះក្តីមិនត្រូវអំពីខនៃការចោទប្រកាន់ទាំងនោះ។
បញ្ហាខាងផ្លូវច្បាប់មួយទៀតដែលអាចមានភាពធ្ងន់ធ្ងរសម្រាប់លោក ត្រាំ មានឡើងនៅពេលជាមួយគ្នានឹងការដាក់ទោសលោក Manafort នៅពេលដែលលោក Michael Cohen ដែលជាមេធាវីផ្ទាល់ខ្លួនយូរមកហើយរបស់លោកបានសារភាពថា មានទោសអំពីការចោទប្រកាន់ជាច្រើន ហើយលោកបាននិយាយថា ការបង់ប្រាក់បំបិទមាត់ស្ត្រីពីរនាក់សម្រាប់គោលបំណងចម្បងក្នុងការធ្វើឱ្យមានឥទ្ធិពលលើការបោះឆ្នោត បានត្រូវបញ្ជាឱ្យធ្វើឡើងដោយលោក ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦៕