ហ្ស៊កដានី​និង​អេហ្ស៊ីប​ប្រឆាំង​នឹង​ការផ្លាស់ទី​ណា​មួយ​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ចូល​ក្នុង​ប្រទេស​ពួកគេ

រូបឯកសារ៖ ជំរំតង់​ដែល​ផ្តល់​ដោយ​អង្គការ UNDP សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​ផ្លាស់ទីលំនៅ​ដោយសារ​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​លើ​​​ក្រុង Khan Younis នៅ​តំបន់​ហ្កាហ្សាស្រ្ទីព កាលពី​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

នៅ​ពេល​ដែល​ការ​ស្លាប់​របស់​ជន​ស៊ីវិល​កើនឡើង​និង​ស្ថានភាព​មនុស្សធម៌​កាន់តែ​យ៉ាប់យ៉ឺនឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) អ៊ីស្រាអែល​បាន​ប្តេជ្ញា​ថា​នឹង​លុប​បំបាត់​ក្រុម​ហាម៉ាស់ (Hamas)។ ក្រុម​ហាម៉ាស់​នេះ​ត្រូវ​បាន​អ៊ីស្រាអែល សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ចាត់ទុក​ថា​ជា​អង្គការ​ភេរវកម្ម។

អតីត​រដ្ឋមន្ត្រី​ការបរទេស​ហ្ស៊កដានី​លោក Marwan Muasher បាន​ប្រាប់​កិច្ច​ពិភាក្សា​រៀបចំ​ដោយ​វិទ្យាស្ថាន Carnegie Mideast តាម​អនឡាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​លុប​បំបាត់​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​អាច​ជា​ការ​លំបាក ដោយសារ​ក្រុម​ហាម៉ាស់ «បាន​ក្លាយ​ទៅជា​មនោគម​វិជ្ជា​មួយ មិន​មែន​គ្រាន់តែ​ជា​ចលនា​ទេ»។

លោក Muasher បាន​ព្រមាន​ថា៖ «ប្រសិនបើ​ក្បាល​ម៉ាស៊ីន​យោធា​របស់​ក្រុម​ហាម៉ាស់​ត្រូវ​បាន​បំផ្លាញ ខ្ញុំ​ខ្លាច​តែ​មាន​ក្រុម​ហាម៉ាស់​ជាច្រើន​ទៀត​នឹង​ផុស​ឡើង​»។

លោក Muasher បាន​ថ្លែង​ថា៖ «ដំណោះស្រាយ​យោធា​ប្រភេទ​នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ។ មានតែ​ដំណើរការ​នយោបាយ​ទេ​ដែល​អាច​ដោះស្រាយ​បាន។ មាន​បញ្ហា​ចំពោះ​ដំណើរការ​នយោបាយ។ ខ្ញុំ​មិន​ឃើញ​ថា​អ្នក​ណា​នឹង​ដឹកនាំ​ដំណើរការ​នយោបាយ​នេះ​ទេ»។

ប្រទេស​ហ្ស៊កដានី​បាន​ដឹកនាំ​ការ​អំពាវនាវ​របស់​បណ្តា​ប្រទេស​អារ៉ាប់​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​សម្រាប់​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា ហើយ​ប្រទេស​នេះ​និង​ប្រទេស​អេហ្ស៊ីប​ដែល​ជា​ដៃគូ​សន្តិភាព​របស់​អ៊ីស្រាអែល​បាន​ប្រឆាំង​រាល់​ការ​ផ្លាស់ទី​ណា​មួយ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួកគេ។

បុគ្គលិក​សង្គ្រោះ​បន្ទាន់​ធ្វើ​ការ​នៅ​កន្លែង​ដែល​បាន​រង​ការវាយ​ប្រហារ​ដោយ​អ៊ីស្រាអែល ខណៈ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ក្រុម​អ៊ិស្លាម​ប៉ាឡេស្ទីន​ហាម៉ាស់ (Hamas) បន្ត​នៅ​ក្នុង​ក្រុង Khan Younis ក្នុង​តំបន់​ហ្កាហ្សាស្រ្ទីព ភាគ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០២៣។

លោក Muasher និយាយ​ថា ប្រសិនបើ​អ៊ីស្រាអែល​មិន​ចូលរួម​ក្នុង​ដំណើរការ​សន្តិភាព​ដែល​នាំ​ទៅ​ដល់​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន ឬ​មិន​ចង់​គ្រប់គ្រង​ប្រជាជន​ប៉ាឡេស្ទីន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​នោះ​ទេ វា​អាច​នឹង​នាំ​ឱ្យ​មាន​ការ​ផ្ទេរ​ប្រជាជន​ប៉ាឡេស្ទីន​យ៉ាង​ច្រើន​ទៅ​កាន់​ប្រទេស​ហ្ស៊កដានី​និង​ប្រទេស​អេហ្ស៊ីប ហើយ​ការណ៍​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​ទេ។

លោក Muasher បាន​ថ្លែង​បន្ថែម​ថា៖ «ការ​សន្និដ្ឋាន​សម​ហេតុផល​ដែល​ហ្ស៊កដានី​និង​អេហ្ស៊ីប​មាន​គឺ​ថា ប្រសិនបើ​អ៊ីស្រាអែល​មិន​ចង់​បាន​ជម្រើស​ពីរ​ដំបូង​ទេ នោះ​មាន​តែ​ជម្រើស​ទី ៣ ដែល​នោះ​គឺ​ការ​ព្យាយាម​កម្ចាត់​ជនជាតិ​ប៉ាឡេស្ទីន​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នោះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​ពិត​ប្រាកដ»។

អតីត​សមាជិក​សភា​អេហ្ស៊ីប​លោក Amr Hamzawy បាន​និយាយ​ថា ខណៈ​ពេល​ដែល​អេហ្ស៊ីប​កំពុង​ធ្វើការ​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​សម្រាប់​ប្រជាជន​នៅ​តំបន់​ហ្កាហ្សា អេហ្ស៊ីប​ក៏​មាន «ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សេណារីយ៉ូ​នៃ​ការ​ផ្លាស់​ទីលំនៅ​ណា​មួយ​ដែរ»។

លោក Hamzawy បាន​ថ្លែង​ថា៖ «ជំហរ​រដ្ឋាភិបាល​អេហ្ស៊ីប​ត្រូវ​បាន​គាំទ្រ​ទាំងស្រុង​ដោយ​មនោសញ្ចេតនា​របស់​ពលរដ្ឋ។ យើង​នឹង​មិន​អនុញ្ញាត​ឱ្យ​អធិបតេយ្យភាព​ជាតិ​របស់​យើង​ឬ​ព្រំដែន​ត្រូវ​បាន​រំលោភ​បំពាន​ដើម្បី​ដោះស្រាយ​បញ្ហា​អ៊ីស្រាអែល​នៃ​ការ​មិន​ទទួល​យក​ដំណោះស្រាយ​រដ្ឋ​ពីរ ការ​មិន​ទទួល​យក​ការ​បញ្ចប់​ការ​កាន់កាប់ និង​ការ​កម្ចាត់​បញ្ហា​ប៉ាឡេស្ទីន​ឡើយ»។

កាលពី​ថ្ងៃ​ទី ២៦ ខែ​តុលា រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​អេហ្ស៊ីប ហ្ស៊កដានី គុយវ៉ែត បារ៉ែន ម៉ារ៉ុក អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាត​អារ៉ាប់រួម បាន​ថ្កោលទោស​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​ការ​វាយ​ប្រហារ​សំដៅ​លើ​ជន​ស៊ីវិល​និង​ការ​បំពាន​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ពួកគេ​បាន​និយាយ​ថា សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល​មិន​អាច​ផ្តល់​ភាព​សមស្រប​ដើម្បី​បំពាន​ច្បាប់​និង​មិន​អើពើ​លើ​សិទ្ធិ​របស់​ប៉ាឡេស្ទីន​បាន​ឡើយ។ ពួកគេ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​វិវត្ត​ទៅ​ជា​ជម្លោះ​ក្នុង​តំបន់​កាន់តែ​ធំ​ផង​ដែរ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា អ៊ីស្រាអែល «គ្មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ពង្រីក​សង្គ្រាម​ទេ»៕

ប្រែ​សម្រួល​ដោយ​លោក ម៉ែន គឹមសេង