នៅក្នុងជំនួបមួយជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ភាគីជប៉ុនបានប្រាប់កម្ពុជាដែលជាប្រធានសមាគមអាស៊ានជាមុនថា ជប៉ុនមិនចង់ឃើញវត្តមានរបស់រុស្ស៊ីក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា នាខែវិច្ឆិកាឡើយ។
ការលើកឡើងរបស់រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi ធ្វើឡើងក្នុងជំនួបដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីការពារជាតិកម្ពុជា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅមុនកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា។
សារព័ត៌មាន Kyodo ចុះផ្សាយថា លោក Kishi បានលើកឡើងពីការព្រួយបារម្ភនៃលទ្ធភាពដែលរុស្ស៊ីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូក៨ប្រទេស នៅក្នុងខែវិច្ឆិកា ឆ្នាំនេះ ដែលរួមមានជប៉ុន អាមេរិក រុស្ស៊ី និងប្រទេសផ្សេងទៀត។ សារព័ត៌មាន Kyodo ចុះផ្សាយបែបនេះ ដោយយោងទៅតាមប្រភពដែលខ្លួនទទួលបាន ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះរបស់ប្រភពឡើយ។
លោក Kishi ថ្លែងនៅចំពោះមុខរដ្ឋមន្រ្តីការពារជាតិកម្ពុជាថា ប្រសិនបើរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែនត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ភាគីជប៉ុននឹងពិចារណាឡើងវិញថា តើនឹងចូលរួម ឬយ៉ាងណា។
បើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Kyodo ដដែល រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បានឆ្លើយតបថា វាដូចជាឆាប់ពេកក្នុងការលើកឡើងអំពីការព្រួយបារម្ភនៃការចូលរួមរបស់រុស្ស៊ី។ លោកលើកឡើងថា ស្ថានភាពក្នុងប្រទេសអ៊ុយក្រែនអាចប្រែប្រួលនៅពេលនោះ។
កិច្ចប្រជុំដែលធ្វើឡើងនៅខែវិច្ឆិកាខាងមុខ មានសមាជិកអាស៊ានទាំង១០ប្រទេស បូកនឹង៨ប្រទេស ដែលរួមមានអូស្រ្តាលី ចិន ឥណ្ឌា ណូវែលសេឡង់ កូរ៉េខាងត្បូង ជប៉ុន អាមេរិក និងរុស្ស៊ី។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក ទៀ បាញ់ និងលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បាននៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនអត្ថាធិប្បាយជុំវិញបញ្ហានេះ ដោយស្នើសាកសួរក្រសួងការពារជាតិវិញ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ទៀ បាញ់ បានថ្លែងថាការដាក់ទណ្ឌកម្មមិនគួរកើតឡើងឡើយ ដោយសារវាប៉ះពាល់គ្រប់ភាគី។ លោកថ្លែងបែបនេះនៅពេលមានសំណួររបស់អ្នកសារព័ត៌មាន សាកសួរអំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងសង្រ្គាមអ៊ុយក្រែន។
លោករដ្ឋមន្រ្តីថ្លែងថា៖ «ពេលដែលដាក់ទៅលើគេហ្នឹងហើយ គឺច្បាស់ណាស់ ទោសទាំងនោះគឺវាមិនរងតែអ្នកដែលមានទោសទណ្ឌកម្មទេ អ្នកដែលដាក់លើគេហ្នឹង ក៏រងដែរ»។
គួរបញ្ជាក់ថានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិរបស់អាស៊ានដែលបានបញ្ចប់កាលពីកន្លងទៅ ភាគីកម្ពុជាបានអញ្ជើញរដ្ឋមន្រ្តីមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចប្រជុំនេះ បើទោះមានការអំពាវនាវកុំឲ្យអញ្ជើញក៏ដោយ។ រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់ បានលើកឡើងថាកម្ពុជាមិនទុករដ្ឋមន្រ្តីការពារជាតិរបស់សមាជិកសមាគមអាស៊ានណាមួយចោលឡើយ ហើយកម្ពុជាត្រូវបំពេញតួនាទីពេញលេញរបស់ខ្លួនជាប្រធានអាស៊ានដែលមានសមាជិកទាំង១០ប្រទេស៕