ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ទៀ បាញ់ ថា​ ការ​អញ្ជើញ​រដ្ឋមន្រ្តី​ការពារ​ជាតិ​មីយ៉ាន់ម៉ា​ចូលរួម​ប្រជុំ ជា​ការ​បំពេញ​តួនាទី​ប្រធាន​អាស៊ាន​ពេញ​លេញ​មួយ


នៅ​ក្នុង​រូបថត​ផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា ឆ្នាំ​២០២២​នេះ​ ​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​របប​សឹក​ភូមាលោក Mya Tun Oo ឈរ​ក្បែរ​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា នៅ​ពេល​ថត​រូប​ជុំ​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​​អាស៊ាន​ដទៃ​ទៀត​។

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ថ្លែង​ថា ​កម្ពុជា​មិន​ទុក​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​សមាជិក​សមាគម​អាស៊ាន​ណា​មួយ​ចោល​ឡើយ។

លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ ក្រោយ​កិច្ច​ប្រជុំ​កំពូល​មួយ ដែល​មាន​ការ​ចូលរួម​ពី​រដ្ឋមន្រ្តី​ការពារ​ជាតិ​របស់​របប​សឹក​ភូមា គឺ​លោក Mya Tun Oo។

លោក ទៀ បាញ់ បាន​ថ្លែង​ថា​នេះ​ជា​ការ​ប្រជុំ​ប្តូរ​វេន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ហើយ​នៅ​ឆ្នាំ​នេះ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ដែល​លោក​ថា​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ដែល​មាន​សមាជិក​ទាំង​១០​ប្រទេស។

លោក​ថ្លែង​ថា៖ «យើង​ក៏ត្រូវ​បំពេញ​នូវ​តួនាទី​របស់​យើង​ដ៏​ពេញ​លេញ​មួយ គឺ​ថា​គ្មាន​រើស​អើង ឬ​ទុក​អ្នក​ណា​មួយ ដែល​យើង​បាន​កំណត់​នៅ​ក្នុងធម្មនុញ្ញ គឺ​យើង​ត្រូវ​តែ​រក្សា​ឲ្យ​បាន»។

កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​មួយ​នេះ​អាច​ធ្វើ​ឡើង​ទៅ​បាន ដោយសារ​មាន​ការ​ឯកភាព​ជា​ឯកច្ឆន្ទ​ពី​សមាជិក​អាស៊ាន​ទាំង​អស់។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​បានលើក​ឡើង​ថា​ប្រសិន​បើ​មិន​មាន​វិវឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​៥​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ទេ ​តំណាង​របស់​ប្រទេស​មីយ៉ាន់ម៉ា​ អាច​ចូល​រួម​ប្រជុំ​អាស៊ាន​បាន ​តែ​ក្នុង​កម្រិត​មិន​មែន​នយោបាយ​តែ​ប៉ុណ្ណោះ។

កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​នេះ ធ្វើ​ឡើង​ក្រោមមូល​បទ​«សាម​គ្តីភាព ដើម្បី​សន្តិ​សុខ ប្រកប​ដោយ​ភាព​សុខដុម»។

លោក ទៀ បាញ់ ក៏​បាន​បញ្ជាក់​ថា​កិច្ច​ប្រជុំ​ដែល​ចាប់​ផ្តើម​នៅ​ទី​ក្រុង​ភ្នំពេញ​ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២២ ខែ​មិថុនា បាន​សម្រេច​នូវ​ឯកសារ​ទស្សនទាន​ចំនួន​បី គឺ​ទី​មួយ​ស្តីពី​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​កង​ទ័ព​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​ឆ្លង​ដែន ទី​ពីរ​ឯកសារ​ស្តីពី​ការ​លើក​កម្ពស់​យន្តការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន និង​ទី​បី​ឯកសារ​ស្តីពី​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​អប់រំ​យោធា​អាស៊ាន។

បើ​តាម​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​ទាំង​១០​ប្រទេស ក៏​មាន​ជំនួប​ក្រៅ​ផ្លូវ​ការ​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន​ដោយ​ផ្ទាល់​ក្នុង​រាជធានី​ភ្នំពេញ និង​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​តាម​ប្រព័ន្ធ​អនឡាញ៕

XS
SM
MD
LG