សមាគមមេធាវីជប៉ុនជំរុញឱ្យអាជ្ញាធរក្រុងតូក្យូផ្អាកការអភិវឌ្ឍន៍ឧទ្យានដ៏មានប្រជាប្រិយភាពមួយឡើងវិញ ដោយនិយាយថា ការវាយតម្លៃខាងបរិស្ថានដោយអ្នកអភិវឌ្ឍន៍មិនមានគោលដៅច្បាស់លាស់និងខ្វះលក្ខណៈវិទ្យាសាស្ត្រ។
អាជ្ញាធរក្រុងតូក្យូកាលពីខែកុម្ភៈ ឆ្នាំ២០២៣ បានយល់ព្រមដល់គម្រោងអភិវឌ្ឍន៍ឧទ្យាន Jingu Gaien ឡើងវិញ ដោយផ្អែកលើការវាយតម្លៃខាងបរិស្ថានស្នើដោយអ្នកអភិវឌ្ឍន៍ ដោយអនុញ្ញាតឱ្យមានការចាប់ផ្តើមការកសាង។
ផែនការនេះទាក់ទិននឹងការវាយចោលកីឡាដ្ឋាន baseball ល្បីឈ្មោះមួយនិងកសាងវាជាថ្មីជាផ្នែកមួយនៃគម្រោងការកសាងធំមួយដែលក្រុមអ្នករិះគន់និយាយថានឹងគំរាមកំហែងដើមឈើរាប់ពាន់ដើមនៅក្នុងក្រុងនេះដែលមានដើមឈើតិច។
ក្រុមអ្នកជំនាញខាងក្រៅរាប់រយនាក់ រូមមានស្ថាបត្យករ អ្នកបរិស្ថាននិងក្រុមគ្រូបង្រៀនសាកលវិទ្យាល័យ បានទាមទារឱ្យផ្អាកគម្រោងការនេះនៅក្នុងលិខិតចំហនិងយុទ្ធនាការដាក់ញត្តិ។
ក្រុមអ្នកអភិវឌ្ឍន៍រួមមាន ក្រុមហ៊ុនអចលនទ្រព្យ Mitsui Fudosan ទីសក្ការៈបូជា Meiji Jingu ក្រុមហ៊ុន Itochu Corp. និងក្រុមប្រឹក្សាកីឡាជប៉ុនដែលជាសាខារបស់រដ្ឋាភិបាល។
នៅក្នុងការជំទាស់ថ្មីៗបំផុតប្រឆាំងគម្រោងការនេះ សហព័ន្ធសមាគមមេធាវីជប៉ុនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនាដែលក្រុមមេធាវីនេះនិយាយថា ការវាយតម្លៃខាងបរិស្ថាននេះខ្វះទិន្នន័យ ហើយបានប្រើវិធីស្រាវជ្រាវមិនត្រឹមត្រូវ។
សេចក្តីថ្លែងការណ៍នេះចែងថា ជាឧទាហរណ៍មួយ របាយការណ៍នេះរបស់អ្នកអភិវឌ្ឍន៍មិនបាននិយាយអំពីស្ថានភាពដើមឈើ gingko ទេ ទោះជាក្រុមបរិស្ថានមួយជាសាខាអង្គការសហប្រជាជាតិបានរកឃើញពីស្ថានភាពចុះថមថយនៃសុខភាពដើមឈើ gingko នៅក្នុងតំបន់នោះក៏ដោយ។ ក្រុមអ្នកបរិស្ថានថ្លែងថា អគារខ្ពស់ៗគ្រោងនឹងសាងសង់ឡើងដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍នេះ ស្ថិតនៅជិតពេកនឹងដើមឈើ gingko។
សមាគមមេធាវីនេះបានថ្លែងថា សាខាក្នុងប្រទេសជប៉ុននៃក្រុមប្រឹក្សាអន្តរជាតិខាងអគារនិងវិមានអនុស្សាវរីយ៍ ឬ ICOMOS ដែលបានចេញផ្សាយ «ការឱ្យប្រុងប្រយ័ត្នអំពីកេរ្តិ៍ដំណែល» ឬ «heritage alert» សម្រាប់តំបន់ Gaien នៃក្រុងតូក្យូ មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រជុំវាយតម្លៃខាងបរិស្ថានទេ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា៖ «យើងមិនចាត់ទុកថារបាយការណ៍នេះមានគោលដៅច្បាស់លាស់ឬមានលក្ខណៈវិទ្យាសាស្ត្រទេ»។
សេចក្តីថ្លែងការណ៍នេះបានសុំដល់អាជ្ញាធរក្រុងតូក្យូឱ្យផ្អាកគម្រោងការនេះ សុំឱ្យអ្នកអភិវឌ្ឍដាក់ស្នើការវាយតម្លៃខាងបរិស្ថានជាថ្មី ហើយសុំឱ្យគណៈកម្មការមួយនៃពួកអ្នកជំនាញខាងស៊ើបអង្កេតពិនិត្យមើលឡើងវិញផងដែរ។
អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បាននិយាយប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ ទី១៥ ខែមីនាថា លោកស្រីមិនបានដឹងអំពីសេចក្តីលម្អិតនៃសេចក្តីថ្លែងការណ៍របស់សមាគមមេធាវីទេ ប៉ុន្តែលោកស្រីបានការពារការយល់ព្រមកាលពីឆ្នាំ ២០២៣ នៃរដ្ឋាភិបាលក្រុងដល់ផែនការអភិវឌ្ឍន៍នេះថាសមស្រប៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ