ប្រទេសជប៉ុនបានអំពាវនាវដល់កូរ៉េខាងជើងឲ្យផ្តល់ព័ត៌មានពីជោគវាសនារបស់ពលរដ្ឋជប៉ុនដែលកូរ៉េខាងជើងបានចាប់ពង្រត់កាលពីប៉ុន្មានទសវត្សរ៍មុន។ នៅក្នុងការប៉ុនប៉ងមួយដើម្បីជំរុញឲ្យប្រទេសកូរ៉េខាងជើងធ្វើឲ្យជឿនលឿនដល់ការស៊ើបអង្កេតក្នុងការចាប់ពង្រត់ពលរដ្ឋជប៉ុន ជប៉ុនបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទមួយក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ។ ពិធីនេះ មានការធ្វើសន្ទរកថាដោយមន្រ្តីសំខាន់ៗពីប្រទេសជប៉ុន សហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិដែលចាត់ទទួលបន្ទុកដោះស្រាយបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។
កាលពីខែឧសភាឆ្នាំទៅ រដ្ឋាភិបាលទីក្រុងព្យូងយ៉ាង បានយល់ព្រមបើកការស៊ើបអង្កេតឡើងវិញពីជោគវាសនាជនជាតិជប៉ុនដែលគេចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការដោះដូរជាមួយការបន្ធូរបន្ថយការដាក់ទណ្ឌកម្មទ្វេភាគីរបស់រដ្ឋាភិបាលទីក្រុងតូក្យូប្រឆាំងនឹងប្រទេសកុម្មុយនិស្តមួយនេះ។ ក្រោយមក រដ្ឋាភិបាលទីក្រុងតូក្យូ បានដកចោលការដាក់ទណ្ឌកម្មខ្លះរបស់ខ្លួន រួមមានដកការរឹតត្បិតការធ្វើដំណើរហើយនឹងការផ្ញើរប្រាក់ ក៏ប៉ុន្តែ រដ្ឋាភិបាលទីក្រុងព្យូងយ៉ាង មិនបានផ្តល់លទ្ធផលនៃការស៊ើបអង្កេតនោះទេ។
លោក Erika Yamatani រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាចាប់ពង្រត់របស់ជប៉ុន បាននិយាយថា៖ «រដ្ឋាភិបាលជប៉ុន ទាមទារយ៉ាងខ្លាំងឲ្យកូរ៉េខាងជើងរាយការណ៍ដោយស្មោះពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនហើយនិងធ្វើឲ្យប្រាកដទាំងសុវត្ថិភាពនិងការវិលត្រឡប់មកជប៉ុនវិញរបស់ជនជាតិជប៉ុនទាំងអស់ឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន»។
លោករដ្ឋមន្រ្តី បានព្រមានថា៖ «កូរ៉េខាងជើង នឹងគ្មានអណាគតទេ ប្រសិនបើខ្លួនមិនដោះស្រាយបញ្ហាចាប់ពង្រត់នោះទេ»។
លោក Robert King បេសកជនសហរដ្ឋអាមេរិកស្តីពីបញ្ហាសិទ្ធិមនុស្សកូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងត្រូវតែជ្រើសរើសរវាងសេចក្តីសម្រេចចិត្តពេញលេញហើយនិងភាពឯកោរពីសហគមន៍អន្តរជាតិ៕