ជប៉ុន​ផ្តល់ជំនួយ​៣៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កំពុងចុះហត្ថលេខាលើលិខិតប្តូរសារនៃគម្រោងជំនួយឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណជា៣៥លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅថ្

ជប៉ុន​ផ្តល់ជំនួយ​​៣៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ តែ​អ្នក​តាមដាន​ស្ថាន​ការណ៍​យល់​ថា ​កម្ពុជា​គួរ​ពង្រឹង​​សមត្ថភាព​របស់​ខ្លួន ​ជា​ជាង​បង្កើន​ការ​ខ្ចី​ ចៀស​វាង​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ។

នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ ​រដ្ឋាភិបាល​ជប៉ុន​បាន​ចុះ​ហត្ថលេខា​ផ្តល់​ជំនួយ​៣៥​លាន​ដុល្លារ​ដល់​កម្ពុជា​ ស្រប​ពេល​កម្ពុជា​ទើប​ទទួល​កម្ចី​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​ពី​ជប៉ុន​ដើម្បី​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ ​អ្នក​តាមដាន​ស្ថាន​ការណ៍​សង្គម​យល់​ថា​ កម្ពុជា​គួរ​ពង្រឹងសមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​របស់​ខ្លួន ​ជាជាង​បង្កើន​ការ​ខ្ចី​ ចៀស​វាង​ការ​ប្រឈម​នឹង​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ។

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​អាមេរិក​ដើម្បី​សង់​ស្ពាន​បន្ទាន់​នៅ​តំបន់​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​៧​ក្នុង​ខេត្ត​ចំនួន​ពីរ​ ទៅ​តាម​សំណើ​របស់​រដ្ឋាភិបាលកម្ពុជា។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​លោក ​ប្រាក់ សុខុន ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ​និង​លោក ​ហូរីណូអ៊ុជិ​ ហ៊ីដេហ៊ីសា ​ឯក​អគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​នៃ​គម្រោង​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​ ​មានទឹក​ប្រាក់ចំនួន​៣៥​លាន​ដុល្លារ​អាមេរិក ​ដើម្បី​សង់​ស្ពាន​ចំនួន​៧​ និង​ផ្លូវ​ភ្ជាប់​ស្ពាន។ ក្នុង​នោះ​ស្ពាន​ចំនួន​២​ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​១១ ​ក្នុង​ខេត្ត​ព្រៃវែង ​និង​ស្ពាន​ចំនួន​៥​ទៀត​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧៣​ក្នុង​ខេត្ត​ក្រចេះ។​

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ ​លោក ​ប្រាក់ សុខុន ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជាលើក​ឡើង​ថា​ ជំនួយ​នេះ​នឹង​ជួយ​បង្កើន​សមត្ថភាព​នៃ​ការ​ដឹក​ជញ្ជូន ​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ​ ​និង​កាត់​បន្ថយ​ការ​ចំណាយ​ធ្វើ​ដំណើរ ​និង​ការ​ដឹក​ជញ្ជូន​របស់​ប្រជា​ពលរដ្ឋ ​ជាពិសេស​ជួយ​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ងាយ​រង​គ្រោះ​ដោយ​ទឹក​ជំនន់។​

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារនៃគម្រោងជំនួយឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណជា៣៥លានដុល្លារ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោក ​ប្រាក់ សុខុន ​លើក​ឡើង​ថា៖​

«ជំនួយ​ដែល​បាន​ផ្តល់​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​នេះ ​និង​ជំនួយ​ជាច្រើន​ដែល​រដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន​បាន​ផ្ដល់​កន្លង​មក គឺជា​ការ​រួម​ចំណែក​ដ៏​ធំធេង​ក្នុង​ការ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា»។

លោក ​ប្រាក់ សុខុន ​និង​ឯក​អគ្គរដ្ឋទូត​ជប៉ុន ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​លម្អិត​បន្ថែម​ពាក់ព័ន្ធ​នឹង​ជំនួយ​របស់​ជប៉ុន​មក​កាន់​កម្ពុជា​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ទេ​ ខណៈ​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សួរ​សំណួរ។​

ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជា​៣៥​លាន​ដុល្លារ​អាមេរិក​នេះ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​សម្ពាធ​ទឹក​ភ្លៀងនៅ​ទូទាំង​ប្រទេស។ ​ខេត្ត​ខ្លះ​កំពុង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ ​ដែល​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន។​

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ប្រាក់ សុខុន​ ចាប់​តាំង​ពី​ខែ​មេសា ​ឆ្នាំ​២០១៧មក​ ​កម្ពុជា​ទទួល​បាន​ជំនួយ​ពី​ប្រទេស​ជប៉ុន​ប្រហែល​២៤៩​លាន​ដុល្លារ​អាមេរិក ​ដើម្បី​អភិវឌ្ឍ​ផ្លូវ​ ក្នុង​នោះ​រួម​មាន​ ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក ​សម្រាប់​អភិវឌ្ឍ​ធនធាន​មនុស្ស ​និង​ការពារ​ទឹក​ជំនន់ ​ព្រមទាំង​ការ​កែ​លម្អ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​រាជធានី​ភ្នំពេញ ​និង​កម្ចី​សម្បទាន ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជា​២០៩​លានដុល្លារអាមេរិក ​សម្រាប់​ការ​អភិវឌ្ឍ​ចំណត​ផែ​កុងតឺន័រ​ថ្មី​នៅក្រុង​ព្រះ​សីហនុ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ដើម​ខែ​សីហា​នេះ ​បាន​ធ្វើ​ទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ​រយៈពេល​៣​ថ្ងៃ ​ដោយ​លោក​បាន​អះអាង​ថា ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ ​លោក​បាន​ចុះ​អនុស្សរណៈ​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ ​គឺ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ដំណាក់​កាល​ទី​៤ ​ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​៣៥​លាន​ដុល្លារ​អាមេរិក ​និង​ឥណទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​កំពង់ផែ​ក្រុង​ព្រះសីហនុ ​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​២០៩​លាន​ដុល្លារអាមេរិក។​

លោក ​ហ៊ុន សែន ​បាន​អះអាង​បន្ថែម​ថា ​លោក​បាន​សុំ​ជំនួយ​ពី​ភាគី​ជប៉ុន​លើ​គម្រោង​ឲ្យ​មាន​ផ្លូវ​រថ​ភ្លើង​ស្វ័យ​ប្រវត្តិ​គឺ​ Sky Train​ ​នៅ​រាជធានីភ្នំពេញ ​ដែល​ចំណាយថវិកា​វិនិយោគ​ប្រមាណ​៨០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។​

លោក ​មាស នី ​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម ​ប្រាប់ ​VOA​ ថា ​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ណា​មួយ​ពី​បរទេស​ជា​រូបភាព​ល្អ​ ប៉ុន្តែ​លោក​ថា ​ទន្ទឹម​នឹង​ការ​ទទួល​ជំនួយ ​កម្ពុជា​តែង​ខ្ចី​លុយ​ជា​ច្រើន​ពី​ប្រទេស​ទាំង​នោះ​ ស្រប​ពេល​ដែល​ប្រទេស​ទាំង​នោះ​តែង​ផ្តល់​ជំនួយ ​ឬ​កម្ចី​ជាមួយ​នឹង​ការ​សំឡឹង​ឃើញ​ប្រយោជន៍​ពី​កម្ពុជា។ ​លោក​បន្ថែម​ថា ​តួយ៉ាង​ដូច​ប្រទេស​ជប៉ុន​តែង​ផ្តល់​ជំនួយ ​និង​កម្ចី​អភិវឌ្ឍន៍​ លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ខណៈ​ប្រទេស​នេះ​ល្បី​ខាង​នាំ​ចូល​ផលិត​ផល​ឧហ្សាហ​កម្ម​មក​កាន់​កម្ពុជា​ ដូចជា​ម៉ូតូ ​និង​រថយន្ត​ជា​ដើម។​

លោក ​មាស នី ​បន្ថែម​ថា ​កម្ពុជា​មិន​គួរ​ត្រេកអរ​នឹង​ជំនួយ ​ឬ​កម្ចី​បរទេស​ខ្លាំង​ពេក​ទេ​ ដោយ​លោក​ថា ​ កម្ពុជា​គួរ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ដោយ​ខ្លួន​ឯង​ ជាជាង​បង្កើន​កម្ចីពី​បរទេស។​

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​ក្នុង​ប្រទេស​នីមួយៗ​ ​យើង​ទទួល​ស្គាល់​ថា ​ប្រទេស​ណា​ក៏​មាន​ការ​ខ្ចី​គេ ​ការ​ជំពាក់​គេ​ដែរ។​ ហើយ​សម្រាប់​ប្រទេស​យើង​តូច ​ដែល​យើង​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​នេះ ​ការ​ខ្ចី​គេ​កាន់​តែ​ច្រើនគឺ​វា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ងាយ​រងគ្រោះ។​ វា​មិន​ខុស​គ្នាពី​រឿង​អ្នក​ក្រម្នាក់​ដែល​យើង​ចេះ​តែ​បង្កើន​ការ​ខ្ចី​ ហើយ​មិន​ប្រឹង​រក​ខ្លួន​ឯង​នោះ​ទេ។​ វា​សុទ្ធ​តែ​ជាការ​រុញ​ឲ្យ​ប្រទេស​មួយ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ បើ​យើង​មិនមាន​លទ្ធភាព​រស់​ដោយ​ខ្លួន​ឯង​ ហើយ​យើង​ចេះ​តែ​ខ្ចី​គេ​បន្ត​បន្ទាប់»។​

ក្រោយកិច្ច​ព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ​១៩៩១​ ​រហូតមកដល់បច្ចុប្បន្ន កម្ពុជា​បាន​ខ្ចីលុយ​បរទេសជា​ច្រើន​ក្រោមមូលហេតុដើម្បី​អភិវឌ្ឍន៍​ ក្នុង​នោះមាន​ដូចជា​កម្ចី​ពីសហរដ្ឋ​អាមេរិក​ ចិន​ ជប៉ុន ​កូរ៉េ ​និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត។​

ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​ចេញ​ផ្សាយ​លើក​ទី២​ កាលពី​ខែ​តុលា ​ឆ្នាំ​២០១៦​ បង្ហាញ​ថា ​រហូតមក​ដល់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៦ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​សរុប​ប្រមាណ​ជាង​៨១២៦​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ ​ប្រទេសចិន​គឺ​ជា​ប្រភព​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​ច្រើន​ជាង​គេ ​ស្មើ​នឹង​៤៥​ភាគរយ​នៃ​ប្រាក់​កម្ចី​បរទេស​សរុប។ អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​សង្គម ​និង​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​តែង​លើក​ឡើង​ពី​ការ​បារម្ភ​ក្នុង​ការចាយ​លុយពី​កម្ចី​ទាំង​នោះ​ថា ​មិនមាន​តម្លាភាព៕