ខណៈកម្ពស់ទឹកបានហក់ឡើងខ្ពស់ខុសប្រក្រតី បន្ទាប់ពីមានភ្លៀងធ្លាក់អំឡុងពេលមួយសប្ដាហ៍មកនេះ ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងផ្អាកការធ្វើដំណើរកម្សាន្តទៅកាន់តំបន់មានជ្រោះ ស្ទឹង ព្រែក។
ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកដំណើរកម្សាន្តទៅកាន់តំបន់មានជ្រោះ ស្ទឹង ព្រែក និងតំបន់ផ្សេងៗទៀត ខណៈកម្ពស់ទឹកនៅតំបន់ទាំងនោះបានហក់ឡើងខ្ពស់ខុសប្រក្រតី បន្ទាប់ពីមានភ្លៀងធ្លាក់អំឡុងពេលមួយសប្ដាហ៍មកនេះ។
សេចក្ដីអំពាវនាវរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួង នៅថ្ងៃទី៣ ខែតុលានេះ បញ្ជាក់ថា ភ្លៀង ដែលបានធ្លាក់យ៉ាងគំហុកក្នុងអំឡុងពេលមួយសប្ដាហ៍កន្លងមក បានបង្កឲ្យមានជំនន់ទឹកភ្លៀងជាច្រើនកន្លែង។ ទន្ទឹមនឹងនេះ កម្ពស់ទឹកនៅតាមអាងទឹក ជ្រោះជ្រលង ដងអូរ ស្ទឹង ព្រែកមួយចំនួនក៏បានហក់ឡើងខ្ពស់លឿនខុសប្រក្រតីផងដែរ។
លិខិតដែលចេញផ្សាយនាថ្ងៃអង្គារ បានសរសេរក្នុងសម្រង់ន័យដើមថា៖
«ចំពោះមុខស្ថានភាពដូចបានជម្រាបជូនខាងលើនេះ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវឲ្យសាធារណជនគួរផ្អាកការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទាំងនោះមួយរយៈសិន»។
ទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយមក៏បានបង្ហោះរូបភាព និងវីដេអូមួយចំនួនស្តីពីស្ថានភាពទឹកជំនន់ និងការខូចខាតដោយសារគ្រោះធម្មជាតិ នៅតាមបណ្តាខេត្តនានាស្ទើរទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ ក្រសួងក៏បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១ កន្លងទៅថា ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី១០ ខែតុលានេះ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀងជាច្រើនកន្លែង ដែលតម្រូវឲ្យប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានាបង្កើនការយកចិត្តទុកដាក់ខ្ពស់។
ទន្ទឹមគ្នានោះដែរ អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃអង្គារនេះ ក៏បានអំពាវនាវឲ្យសាធារណជន និងភ្ញៀវទេសចរទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេសអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ដោយត្រូវនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីដើមឈើជាច្រើនដើមក្នុងបរិវេណរមណីយដ្ឋាន និងប្រាសាទមួយចំនួន នៅខេត្តសៀមរាបបានដួលរលំ៕