នៅថ្ងៃពុធនេះ ព្រះអធិរាជ Akihito នៃប្រទេសជប៉ុនបានបង្ហាញ «ការសោកស្ដាយយ៉ាងខ្លាំង» ចំពោះសកម្មភាពសង្គ្រាមដែលប្រទេសរបស់ព្រះអង្គបានប្រព្រឹត្តិកាលពីអតីតកាល ស្របពេលដែលរដ្ឋាភិបាលក្រុងតូក្យូប្រារព្ធខួបលើកទី៧៣ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។
ពិធីប្រចាំឆ្នាំនេះគឺជាពិធីចុងក្រោយមួយដែលព្រះអធិរាជ Akihito និងអធិរាជិនី Michiko ចូលរួមមុនពេលដែលព្រះអង្គដាក់រាជ្យនៅក្នុងខែមេសា ឆ្នាំក្រោយ។
ព្រះមហាក្សត្រព្រះជន្ម ៨៤ ព្រះវស្សាអង្គនេះ មានព្រះបន្ទូលតាមកញ្ចក់ទូរទស្សន៍ថា៖ «ដោយរំឭកដល់អតីតកាលរបស់យើង និងការទុកក្នុងចិត្តនូវអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ខ្ញុំសង្ឃឹមដោយស្មោះអស់ពីចិត្តថា ការបំផ្លិចបំផ្លាញដែលបណ្ដាលមកពីសង្គ្រាមនឹងមិនកើតឡើងម្ដងទៀតនោះទេ»។
ព្រះអង្គបានមានបន្ទូលបន្ថែមទៀតថា៖ «រួមជាមួយនឹងប្រជារាស្ត្រជប៉ុនទាំងអស់ ខ្ញុំសូមឧទ្ទិសដោយស្មោះអស់ពីចិត្តចំពោះអ្នកដែលបានបាត់បង់ជីវិតដោយសារសង្គ្រាម ទាំងនៅក្នុងសមរភូមិប្រយុទ្ធ និងទាំងនៅកន្លែងផ្សេងៗទៀត ហើយខ្ញុំសូមបួងសួងឲ្យពិភពលោកមានសន្តិភាព និងឲ្យប្រទេសជប៉ុនមានការអភិវឌ្ឍជានិរន្តរតរៀងទៅ»។
កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៤៥ ព្រះអធិរាជ Hirohito ដែលជាព្រះបិតារបស់ព្រះអង្គ បានប្រកាសពីការសម្រេចព្រះរាជហឫទ័យនៅក្នុងការចុះចាញ់សង្គ្រាមលោកលើកទី២។
ប្រទេសជប៉ុនបានចុះហត្ថលេខាលើឯកសារជាផ្លូវការដើម្បីទទួលស្គាល់ថាខ្លួនចាញ់សង្គ្រាមលោកលើកទី២ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥៕