ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើ​ព្រះអង្គ​ម្ចាស់ Naruhito ដែល​ទំនង​ជា​អធិរាជ​បន្ទាប់​របស់​ជប៉ុន​ជា​នរណា?


រូបភាព​​តាម​កញ្ចក់​ទូរទស្សន៏​ដែល​បញ្ចាំង​អធិរាជ​ជប៉ុន​ព្រះ​អង្គ​ Akihito ដែល​កំពុង​ថ្លែង​ព្រះរាជសារ​ក្នុង​ទីក្រុង​តូក្យូកាល​ពី​ថ្ងៃ​ទី​០៨ សីហា ២០១៦។

នៅ​ក្នុង​ព្រះរាជ​សារ​ជា​វីដេអូ​របស់​អធិរាជ​ជប៉ុន Akihito នា​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ព្រះ​អង្គ​បាន​ស្នើ​ថា ព្រះអង្គ​មាន​ព្រះរាជ​បំណង​ចង់​ដាក់​រាជ្យ ដែល​ធ្វើ​ឲ្យ​មតិ​សាធារណជន​ទូទៅ​ផ្តោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បុត្រា​ច្បង​របស់​ព្រះអង្គ ដែល​មាន​ព្រះរាជ​សិទ្ធិ​ស្នង​រាជ្យ​បន្ត។

នៅ​ក្នុង​ព្រះរាជ​សារ​ជា​វីដេអូ​រយៈពេល ១០ នាទី ដែល​បាន​ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ព្រះមហាក្សត្រ Akihito ផ្តោត​សំខាន់​លើ​ព្រះជន្ម​ជរា​របស់​ព្រះអង្គ និង​ក្តី​ព្រួយ​បារម្ភ​របស់​ព្រះអង្គ​ពាក់ព័ន្ធ​នឹង​ការ​លំបាក​ក្នុង​ការ​បំពេញ​ព្រះរាជ​កិច្ច​ឲ្យ​បាន​ពេញ​លេញ​ក្នុង​តួនាទី​ជា​ព្រះមហាក្សត្រ ​ដែល​ចំនុច​នេះ​ត្រូវ​បាន​អ្នក​តាមដាន​កិច្ចការ​ព្រះរាជវាំង​លើកឡើង​ថា មាន​មូលហេតុ​ផ្សេង​នៅ​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ​ក្នុង​ការ​ចង់​ដាក់​រាជ្យ ដែល​មូលហេតុ​នោះ​អាច​ជា​អ្នក​ដែល​ត្រូវ​ស្នងរាជ្យ​បន្ត​ពី​ព្រះអង្គ។

ដូច​ជា​ព្រះរាជ​បិតា​របស់​ព្រះអង្គ​ដែរ ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Naruhito ជា​ក្សត្រ​មាន​ព្រះរាជ​បន្ទូល​ស្រទន់ និង​មាន​ភាព​ញញឹម​រួសរាយ​រាក់ទាក់។ ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​ទី ២៣ ខែ​កុម្ភៈ ឆ្នាំ ១៩៦០ ដែល​ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះជន្ម ៥៦ ព្រះវស្សា​ហើយ។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​នឹង​អ្នក​ម្នាង Masako ដែល​ជា​អតីត​អ្នក​ការទូត​សិក្សា​នៅ​សាកលវិទ្យាល័យ Havard សហរដ្ឋ​អាមេរិក។ អ្នក​ម្នាង Masako បាន​ធ្លាក់​ខ្លួន​ប្រឈួន​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ហើយ​អ្នក​ម្នាង​កម្រ​បង្ហាញ​ព្រះ​កាយ​ជា​សាធារណៈ​ណាស់។

ដោយ​មាន​ព្រះរាជ​បិតា​ដែល​ប្រឹងប្រែង​បំបែក​នូវ​ប្រពៃណី​អធិរាជ​បុរាណ​របស់​ប្រទេស​ជប៉ុន​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រួសារ​រាជវង្ស​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រជារាស្ត្រ ព្រះអង្គ​ម្ចាស់ Naruhito បាន​ធំ​ធាត់​នៅ​ក្នុង​រាជវង្សានុវង្ស​មួយ​ដែល​គេ​មើល​ឃើញ​ថា​ជា​គំរូ​សម្រាប់​ប្រទេស​ជាតិ។ ព្រះនាម​របស់​ព្រះអង្គ​មាន​ន័យ​ថា មនុស្ស​ដែល​ពោរពេញ​ដោយ​គុណធម៌​ខ្ពស់​ផុត​ភព​ផែនដី។

ព្រះអង្គ​ម្ចាស់ Naruhito បាន​សិក្សា​នៅ​សាលា Gakushuin ដែល​ជា​សាលា​ឯកជន​សម្រាប់​អតីត​គ្រួសារ​អភិជន។ បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Oxford ប្រទេស​អង់គ្លេស នឹង​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទន្លេ Thames។

អ្នក​តាម​ដាន​កិច្ចការ​ព្រះរាជ​វាំង និង​អ្នក​ជំនាញ​ផ្សេងៗ​បាន​លើកឡើង​ថា ព្រះចៅ​អធិរាជ Akihito មាន​ព្រះរាជ​បំណង​ចង់​ដាក់​រាជ្យ ដើម្បី​ឲ្យ​ដំណើរ​ការ​ផ្ទេរ​រាជ្យ​មាន​លក្ខណៈ​រលូន​ទៅ​មុខ ជាជាង​រង់​ចាំ​ដល់​នាទី​ចុងក្រោយ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​ម្ចាស់ Naruhito ទទួល​បន្ទុក​ធ្ងន់​ភ្លាមៗ​បន្ទាប់​ពី​ព្រះអង្គ៕

XS
SM
MD
LG