ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Trump ពិចារណា​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​គ្មាន​យោធា DMZ នៅ​ព្រំដែន​កូរ៉េ​ទាំង​ពីរ ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អាស៊ី

  • Steve Herman

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​ពេល​លោក​ត្រឡប់​ទៅ​សេតវិមាន​វិញ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​នានា​កាល​ពី​ថ្ងៃ​ចន្ទ​ទី ១៦ ខែ​តុលា​កន្លង​ទៅ​នេះ​ថា លោក​កំពុង​ពិចារណា​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​គ្មាន​យោធា ដែល​ហៅ​ថា DMZនៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចំនួន ៥ នៅ​ទ្វីប​អាស៊ី ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ប៉ុន្តែ លោក​មិន​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ដោយ​ផ្ទាល់​ដែល​សួរ​ថា​តើ​ដំណើរ​ទស្សនកិច្ច​ដូច​នេះ​ដែល​ស្រដៀង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​ដែល​លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ អាច​ត្រូវ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​យល់​ឃើញ​ថា​ជា​ការ​បង្កហេតុ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េ​ខាង​ត្បូង​បាន​ប៉ាន់ស្មាន​ថា លោក Trump អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ DMZ ដែល​ជា​កន្លែង​ស្ថិត​នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង និង​ជា​កន្លែង​ដែល​ផ្ដល់​នូវ​ទីតាំង​ដ៏​ប្រសើរ​មួយ​សម្រាប់​មើល​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ជា​ប្រទេស​ដ៏​ឯកោ​មួយ។

លោក Christopher Hill អតីត​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជា​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​និយាយ​ថា៖ «កន្លង​មក ប្រធានាធិបតី​អាមេរិក​គ្រប់​រូប​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់ DMZ នេះ ដូច្នេះ​ប្រធានាធិបតី Trump ក៏​គួរតែ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​នោះ​ដែរ‍»។

ប៉ុន្តែ លោក Christopher Hill ដែល​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​នាយក​មហាវិទ្យាល័យ Korbel សម្រាប់​ការ​សិក្សា​កិច្ចការ​អន្តរជាតិ​នៅ​ឯ​សាកលវិទ្យាល័យ Denver ក្នុង​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA ថា «ពេលវេលា​ក៏​ជា​អ្វី​មួយ​ដែល​ត្រូវ​ពិចារណា​ផង​ដែរ»។

លោក Ned Price អតីត​ប្រធាន​ជាន់​ខ្ពស់​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​ជា​អតីត​ជំនួយការ​របស់​ប្រធានាធិបតី Barack Obama ឯកភាព​ចំពោះ​បញ្ហា​នេះ ដោយ​លោក​បាន​បន្ថែម​ថា កូរ៉េ​ខាង​ជើង​អាច​នឹង​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​ណា​មួយ​របស់​មេដឹកនាំ​សហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់ DMZ នោះ ថា​ជា​ការ​បង្កហេតុ។

លោក Ned Price បាន​ប្រាប់ VOA ថា អ្វី​ដែល​លោក Donald Trump និយាយ និង​ធ្វើ​នៅ​ពេល​ដែល​លោក​នៅ​តំបន់ DMZ នោះ គឺ​ជា​អ្វី​ដែល​កំណត់​អំពី​ប្រតិកម្ម​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នឹង​ធ្វើ​ឡើង។ ភាសា​គំរាមកំហែង​ណា​មួយ​របស់​លោក Trump ដូចជា​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ អាច​នឹង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​គោល​បំណង​ក្នុង​ការ​ធ្វើ​ឲ្យ​ភាព​តានតឹង​មាន​ភាព​ធូរស្រាល​តាម​រយៈ​ការទូត។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន ៥ នៅ​ទ្វីប​អាស៊ី​លើក​នេះ លោក Trump នឹង​ស្វះស្វែង​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​ថែម​ទាំង​ធ្វើ​ការ​ជំរុញ​ឲ្យ​មាន​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ។

លោក Trump បាន​គៀងគរ​ការ​គាំទ្រ​ជា​អន្តរជាតិ​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ក្នុង​គោល​បំណង​ដើម្បី​រារាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កុំ​ឲ្យ​បង្វែរ​ថវិកា​ទៅ​ជួយ​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប៉ុន្តែ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​បន្ត​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល ដែល​ការ​សាកល្បង​ទាំង​នេះ​ជា​ចំណុច​ផ្ដោត​របស់​ការ​ពិភាក្សា​របស់​លោក Trump ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​ប្រធានាធិបតី​ចិន​លោក Xi Jinping។

ឧត្ដមសេនីយ៍​ចូល​និវត្តន៍​លោក Jack Keane ដែល​ជា​អតីត​នាយ​អគ្គសេនាធិការ​រង​យោធា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋបាល​របស់​លោក Trump បាន​ប្រាប់ VOA ភាសា​កូរ៉េ​ថា ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មាន​បំណង​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ដាក់​សហរដ្ឋ​អាមេរិក និង​ដែនដី​នានា​របស់​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​មាន​ទាំង​ដែនដី Guam ផង​ដែរ នោះ​វា​មាន​លក្ខណៈ​សម​ហេតុ​សម​ផល​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ធ្វើ​ការ​វាយ​ប្រហារ​ការពារ​ខ្លួន​ជា​មុន​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Jack Keane បាន​និយាយ​ថា លោក​ប្រធានាធិបតី Trump នឹង​ពិចារណា​អំពី «សកម្មភាព​បង្ក​សង្គ្រាម» របស់​កូរ៉េ​ខាង​ជើង។ លោក Jack Keane បាន​បន្ថែម​ថា៖ «យើង​អាច​និយាយ​បាន​ថា សង្គ្រាម​នៅ​លើ​ឧបទ្វីប​កូរ៉េ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​លោក Kim Jong Un បង្ក​វា​ឡើង​ឲ្យ​ឈាន​ដល់​ចំណុច​នោះ នោះ​វា​ប្រាកដ​ជា​នឹង​កើត​ឡើង‍»។

សេតវិមាន​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា​កន្លង​ទៅ​នេះ​ថា លោក Trump នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ចិន វៀតណាម និង​ហ្វីលីពីន ចាប់​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ លោក Trump នឹង​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ទាំង​នេះ​នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​នីមួយៗ។ លោក Trump ក៏​នឹង​ជួប​ជាមួយ​នឹង​អធិរាជ​ជប៉ុន Akihito នៅ​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា និង​លេង​កីឡា​វាយ​កូន​ហ្គោល​មួយ​លើក​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe ផង​ដែរ។

នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង លោក Trump នឹង​ថ្លែង​ទៅ​កាន់​រដ្ឋសភា​ជាតិ​ប្រទេស​នេះ។

នៅ​ក្នុង​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ខាង​មុខ​នេះ លោក Trump នឹង​ជួប​ជាមួយ​នឹង​ទាហាន​អាមេរិកាំង និង​ជប៉ុន ហើយ​លោក​ក៏​នឹង​ពិភាក្សា​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី Shinzo Abe ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត លោក Shinzo Abe នឹង​រៀបចំ​ពិធី​ទទួល​លោក Trump ឲ្យ​ជួប​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៃ​ពលរដ្ឋ​ជប៉ុន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់​ផង​ដែរ។

បន្ទាប់ពី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក Trump នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​ជា​អ្នក​ដែល​លោក Trump ជា​រឿយៗ​សរសើរ​ថា​បាន​ប្រឹងប្រែង​រារាំង​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ក៏​ដូចជា​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម និង​វប្បធម៌​នានា​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា លោក Trump នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង Danang ប្រទេស​វៀតណាម ដើម្បី​ជួប​ជាមួយ​នឹង​មេដឹកនាំ​ក្នុង​តំបន់​នានា និង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា APEC៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG