លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានចាកចេញពីប្រទេសជប៉ុនវិញនៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានជួបជាមួយនឹងព្រះអធិរាជជប៉ុន Akihito ដោយហេតុថា ការប្រជុំដែលបានគ្រោងទុកនោះត្រូវលុបចោល ដោយសារព្រះបិតុលារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ Mikasa ដែលជាព្រះអនុជរបស់អតីតអធិរាជជប៉ុន Hirohito បានសោយទិវង្គត។
ព្រះអង្គម្ចាស់ Mikasa បានសោយទិវង្គតក្នុងព្រះជន្ម ១០០ ព្រះវស្សា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងតូក្យូ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ឲ្យដឹងថា ព្រះអង្គម្ចាស់ Mikasa បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចាប់តាំងពីខែឧសភាមក ដើម្បីព្យាបាលជំងឺសួត។
លោក Duterte បានចូលរួមសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Mikasa។ ហើយលោកបានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីពិធីការរបស់លោកបានផ្ដល់យោបល់ដល់លោក កុំឲ្យទូរស័ព្ទទៅរកព្រះអធិរាជជប៉ុន ដោយសារតែព្រះអធិរាជ និងរាជវង្សានុវង្សកំពុងតែកាន់ទុក្ខ។
មុនពេលបញ្ចប់នូវដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់ព្រះអង្គ លោក Duterte បានស្នើឲ្យមានការធ្វើសមយុទ្ធយោធារួមគ្នាជាមួយប្រទេសជប៉ុន ដោយលោកបានបញ្ជាក់ជាថ្មីម្ដងទៀតថា លោកនឹងមិនធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹងសហរដ្ឋអាមេរិកនោះទេ នៅក្នុងអាណត្តិរបស់លោកជាប្រធានាធិបតីហ្វីលីពីន។
លោក Duterte បានស្នើយ៉ាងដូច្នេះ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់កន្លែងល្បាតត្រួតពិនិត្យឆ្នេរសមុទ្រមួយកន្លែង ដើម្បីពិនិត្យមើលការធ្វើសមយុទ្ធមួយរបស់នាវាល្បាតត្រួតពិនិត្យឆ្នេរសមុទ្ររបស់ជប៉ុន ដែលបានសន្យាថានឹងជួយប្រទេសហ្វីលីពីនផ្នែកសមត្ថភាពសន្តិសុខតាមផ្លូវសមុទ្រ ស្របពេលដែលហ្វីលីពីនកំពុងមានជម្លោះជាមួយចិននៅក្នុងសមុទ្រចិនខាងត្បូង៕