ជប៉ុន​និង​អូស្ត្រាលី​ចូល​រួម​ជាមួយ​អាមេរិក​នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ជុំវិញ​វិបត្តិ​អ៊ុយក្រែន

ពលរដ្ឋ​អ៊ុយក្រែន​ដែល​រស់​នៅ​​ប្រទេស​ជប៉ុន​កាន់​បដា​និង​ទង់ជាតិ​ក្នុង​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​​សកម្មភាព​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២។

ប្រទេស​ជប៉ុន​និង​អូស្ត្រាលី បាន​ប្រកាស​ការដាក់​ទណ្ឌកម្មប្រឆាំង​រុស្ស៊ី​នៅ​ថ្ងៃពុធនេះ​ដោយ​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប កាណាដា ចក្រភព​អង់គ្លេស​និង​ប្រទេស​អាល្លឺម៉ង់​នៅ​ក្នុង​ការ​អនុវត្ត​វិធានការ​មួយ​ចំនួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​របស់​រុស្ស៊ី​ដែល​បាន​ធ្វើ​ទៅ​លើអ៊ុយក្រែន​ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ប្រាប់ក្រុមអ្នក​យក​ព័ត៌មាន​ថា៖ «អូស្ត្រាលី​ តែងតែ​ងើបឈរ​ប្រឆាំង​នឹង​ការយាយី ហើយ​យើង​នឹងរួបរួម​ជា​មួយ​នឹង​ដៃគូ​របស់​យើងប្រឆាំង​នឹង​រុស្ស៊ី។ ខ្ញុំ​រំពឹង​ថា នឹង​មាន​ការដាក់​ទណ្ឌកម្មជា​បន្តបន្ទាប់​ទៀត។ នេះ​គ្រាន់​តែ​ជា​ការ​ចាប់ផ្តើម​តែ​ប៉ុណ្ណោះ​នៃ​ដំណើរការ​ដាក់​ទណ្ឌកម្ម​នេះ»។

ការដាក់​ទណុ្ឌកម្ម​របស់​អូស្ត្រាលី ដៅ​លើសមាជិកនៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្សី ខណៈ​ដែល​ជប៉ុន នឹង​បង្កកទ្រព្យសម្បត្តិរបស់​បុគ្គល​ជន​ជាតិ​រុស្ស៊ីមួយ​ចំនួន​និង​ដាក់​បម្រាម​ដល់​ការ​ចេញ​មូលប័ត្រ​បំណុល​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​កាត់ផ្តាច់​រដ្ឋាភិបាល​រុស្ស៊ីពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរ ជាតិ​កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ​ហើយ​បាន​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ធំៗ​ចំនួន​២របស់​រុស្ស៊ី ដោយ​ប្រកាស​ថា សកម្មភាព​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន «ជា​ការរំលោភ​យ៉ាង​ខ្លាំងទៅ​លើ​ច្បាប់​អន្តរជាតិ»។

នៅ​ក្នុង​សុន្ទរកថា​ខ្លី​មួយ​នៅ​សេតវិមាន លោក Biden និយាយ​ថា ការបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin កាលពី​យប់​ថ្ងៃ​ចន្ទ​ដើម្បី​បញ្ជូន​កងទ័ព​រុស្ស៊ី​ឆ្លង​កាត់​ព្រំដែន​អ៊ុយក្រែនចូល​ទៅ​ក្នុង​តំបន់ Luhansk និង Donetsk ជា​«ការ​ចាប់ផ្តើម​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន»។ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ការ​បញ្ជូន​ទ័ពនោះ លោក Putin បាន​ប្រកាស​ថា តំបន់ទាំង​នោះ​ជា​រដ្ឋ​ឯករាជ្យ ហើយ​លែង​ស្ថិតនៅ​ជា​ផ្នែក​មួយ​របស់​អ៊ុយក្រែន​ទៀត​ហើយ។

ការថ្កោល​ទោស​ទៅ​លើ​សកម្មភាពរបស់​រុស្ស៊ីនេះ​ក៏​កើត​មាន​ឡើង​ផង​ដែរ​ពី​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​និង​ស្ថាប័ន​អន្តរជាតិ​ចម្រុះ​ជា​ច្រើនដែល​ក្នុង​នោះ​ក៏​មានអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Guterres ដែល​បាន​និយាយ​ថាកាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការសម្រេច​ចិត្ត​របស់​សហព័ន្ធរុស្ស៊ីក្នុង​ការ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ហៅ​ថា​ជា «ឯករាជ្យភាព»​ របស់​តំបន់ Donetsk និង Luhansk នោះ​ជា​ការ​រំលោភ​ទៅ​លើ​បូរណភាព​ទឹកដី​របស់​ប្រទេស​អ៊ុយក្រែន»។

លោក Biden ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ចល័ត​កងទ័ព​ជើង​គោក​របស់​អាមេរិក​និង​ការគាំទ្រ​ពី​លើ​អាកាសពី​កន្លែង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អឺរ៉ុប​ឲ្យ​ខិត​កាន់​តែ​ជិត​ទៅ​កាន់​ព្រំដែន​របស់រុស្ស៊ី ស្រប​ពេល​ដែល​តំបន់​នេះ កំពុង​ត្រៀម​ចំពោះការប្រឈមមុខ​ដាក់​គ្នា។ លោក Biden ក៏បាននិយាយ​ផង​ដែរ​ថា កងទ័ព​អាមេរិក​បន្ថែម​ទៀត​ នឹង​ត្រូវ​ដាក់​ពង្រាយនៅ​ក្នុង​តំបន់​បាល់កង់​ដែល​ជា​ការ​«បញ្ជូន​សារ​ដ៏​ខ្លាំង​មួយ​ថា សហរដ្ឋ​អាមេរិក​ រួមជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ នឹង​ការពារទឹកដីរបស់​អង្គការ​អូតង់​ជានិច្ច»៕

អ្នក​យកព័ត៌មាន​របស់​វីអូអេ​ប្រចាំ​នៅ​ក្រសួង​ការពារ​ជាតិ Carla Babb និង​អ្នក​យក​ព័ត៌មាន​របស់​វីអូអេ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ Margaret Besheer រួម​ចណែក​ដល់​សេចក្តីរាយការណ៍នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។