សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅថ្ងៃពុធនេះ សម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏ល្បីឈ្មោះមួយរូប ខណៈមានការតវ៉ារបស់អ្នកគាំទ្ររូបលោកនៅក្រៅរបងតុលាការ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនទាំងកណ្ដាលរាត្រី កាលពីចុងខែកក្កដា និងត្រូវបានចោទពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ការចាប់ខ្លួននេះ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកលើបញ្ហាព្រំដែនកម្ពុជាវៀតណាម ដែលលោកបានចុះជួបប្រជាពលរដ្ឋក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំហើយពួកគេអះអាងថា កម្ពុជា បាត់បង់ដី ដោយសារការបោះបង្គោលព្រំដែន។
លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន ឱ្យដឹងថា លោកចៅក្រម ឃុន លាងម៉េង ប្រធានសភាស៊ើបសួរសាលាឧទ្ធរណ៍ បានបដិសេធបណ្ដឹងពីររបស់ក្រុមមេធាវីការពារក្ដី គឺបណ្ដឹងប្រឆាំងដីកាសម្រេចឃុំខ្លួន និងបណ្ដឹងប្រឆាំងដីកាមិនព្រមដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដែលសម្រេចដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយពីសវនាការបានបិទបញ្ចប់កាលពីអំឡុងម៉ោង១១ព្រឹកថ្ងៃពុធ លោក ជូង ជូងី ប្រាប់ VOA ថា៖
«សហមេធាវីការពារក្ដីឱ្យលោកគ្រូ រ៉ុង ឈុន យល់ឃើញថា សេចក្ដីសម្រេចនេះអត់មានផ្ដល់យុត្តិធម៌ឱ្យគាត់ទេ ហើយសូមអះអាងថា វាបំពានសិទ្ធិគាត់ និងបំពានច្បាប់។ អ៊ីចឹងយើងក៏សូមអនុវត្តសិទ្ធិដែលមានចែងក្នុងច្បាប់ ឱ្យគាត់តវ៉ាតាមនីតិវិធីបន្ដទៅទៀត»។
លោក រ៉ុង ឈុន ដែលត្រូវបានសមត្ថកិច្ចនាំខ្លួនពីពន្ធនាគារព្រៃសមកចូលរួមសវនាការដោយផ្ទាល់នៅសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃពុធ មិនសុខចិត្តនឹងសេចក្ដីសម្រេចនេះទេ ហើយនឹងបឹ្ដងសារទុក្ខបន្តទៀតទៅតុលាការកំពូល។ នេះបើយោងតាមលោក ជូង ជូងី។
នៅបរិវេណក្រៅរបងសាលាឧទ្ធរណ៍កាលពីព្រឹកថ្ងៃពុធ ក្រុមគ្រួសារនិងអ្នកគាំទ្រលោក រ៉ុង ឈុន ប្រមាណ៣០នាក់ បានឈរស្រែកតវ៉ា ទាមទារឱ្យមានការដោះលែងរូបលោក និងសកម្មជនដទៃទៀតដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារចេញមុខតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន កាលពីពេលកន្លងទៅ។
ការតវ៉ាដោយមានការលើករូបថតរបស់លោក រ៉ុង ឈុន ផងនោះ ស្ថិតក្រោមការយាមកាមយ៉ាងតឹងរ៉ឹងពីសំណាក់កងកម្លាំងសន្ដិសុខរបស់សាលាខណ្ឌដូនពេញ និងក្រុមនគរបាល។
អ្នកស្រី សាន់ ស្រីនាថ ដែលជាអ្នកតវ៉ាមួយរូបកាលពីព្រឹកថ្ងៃពុធ ឱ្យដឹងថា ខ្លួនចេញមកសម្ដែងមតិ ដើម្បីទាមទារចង់បាន«សេរីភាព»សម្រាប់ខ្លួនឯង ដើម្បីនិយាយស្ដីផង និងសម្រាប់លោក រ៉ុង ឈុន និងសកម្មជនជាប់ឃុំដទៃផង។
ពលរដ្ឋវ័យ ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញរូបនេះ បានប្រាប់ VOA ថា៖ «បើសិនជាលោកតុលាការមិនព្រមដោះលែងលោកគ្រូ រ៉ុង ឈុន និងបងប្អូនផ្សេងទៀតទេ ពួកខ្ញុំ នឹងមានការទាមទារបន្តទៅទៀត ព្រោះអីគាត់គ្មានកំហុស។ គាត់អត់បានធ្វើកំហុសអ្វីទេ ចា៎។ ខ្ញុំ សុំតែប៉ុណ្ណឹងទេ»។
ខណៈអ្នកតវ៉ាកំពុងស្រែកទាមទារនៅម្ខាងទៀតនៃវិថីព្រះស៊ីសុវត្ថិ ទល់មុខសាលាឧទ្ធរណ៍ ក្រុមបុរសស្លៀកសម្លៀកបំពាក់ស៊ីវិលមួយក្រុម ដែលគេមិនស្គាល់អត្តសញ្ញាណ បានកាន់ទូរស័ព្ទដៃថតមុខអ្នកចូលរួម ហើយម្នាក់បានបន្លឺសំឡេងថា ក្រុមអ្នកតវ៉ាជាក្រុម«បដិវត្ដន៍ពណ៌» ខណៈលោកកំពុងថត។
ក្រុមអ្នកតវ៉ាទាមទារឱ្យមានការដោះលែងសកម្មជនដទៃទៀតរួមមាន កញ្ញា ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដែលត្រូវបានចាប់ខ្លួនពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ អ្នកទាំង៣ជាមនុស្សសកម្មក្នុងការចូលរួមសកម្មភាពតវ៉ាដំបូងៗ ក្រោយពីមានការចាប់ខ្លួនលោក រ៉ុង ឈុន។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានរំឭកប្រាប់អ្នកតវ៉ាឱ្យ«គោរពច្បាប់» និងទុកឲ្យសមត្ថកិច្ចវិនិច្ឆ័យលើភាពមាន ឬ គ្មានទោសកំហុសរបស់លោក រ៉ុង ឈុន និងសកម្មជនដទៃទៀតជូនស្ថាប័នយុត្តិធម៌ជាអ្នកសម្រេច។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ហើយធម្មតាជនល្មើសមិនដែលសារភាពថា សកម្មភាពរបស់ខ្លួនជាបទល្មើសទេ។ អ៊ីចឹងបានគេឱ្យមានស្ថាប័នតុលាការជាអ្នកវិនិច្ឆ័យ»។
ក្នុងជំនួបជាមួយមេដឹកនាំគណបក្សក្រៅរដ្ឋាភិបាលកាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «ការឈឺឆ្អាល» និងការគិតគូរអំពីបញ្ហាបូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែន មិនមែនជារឿងខុសច្បាប់ទេ តែការ«យកប្រធានបទព្រំដែនមកបំភ្លៃ មួលបង្កាច់ ញុះញង់»ទេ តើទើបជារឿងដែលរដ្ឋាភិបាលលោក«មិនអាចអត់ឱនឱ្យបាន»។ នេះ បើយោងតាម លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលបានចូលរួមកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្រ្តី។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅក្រុងភ្នំពេញ ខណៈដែលបានទទួលញ្ញតិសុំអន្តរាគមន៍ពីគ្រួសារលោក រ៉ុង ឈុន កាលពីថ្ងៃចន្ទ បានក្រើនរំឭកអាជ្ញាធរកម្ពុជាថា ការឃុំខ្លួនជនជាប់ចោទដែលរង់ចាំសវនាការ «មិនគួរតែជាវិធានទូទៅ»នោះទេ ហើយពួកគេមានសិទ្ធិទទួលការការពារប្រឆាំង«ការឃុំខ្លួននិងការចាប់ខ្លួនតាមតែអំពើចិត្ត»៕